កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ បាន ធ្វើដំណើរទៅសហរដ្ឋអាមេរិកពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ដើម្បីចូលរួមមហន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
ព័ត៌មាននេះត្រូវបានចែករំលែកនៅក្នុងការបង្ហោះនៅលើ បណ្តាញព័ត៌មានសង្គម X ដោយគណនីរបស់មន្រ្តីក្រសួងការបរទេសរបស់បុរីវ៉ាទីកង់។
តាមរយៈបណ្តាញសង្គមនេះ គេដឹងថា លោកកាឌីណាល់ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអនាគតនិងមហាសន្និបាតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ រួមជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលដែលបាននឹងកំពុងជួបជុំគ្នានៅអង្គការសហប្រជាជាតិ ទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក។
ការផ្តោតសំខាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នឹងជំរុញដំណោះស្រាយពហុភាគីដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រភពដដែលបានបន្តថា នៅក្នុងឱកាសនោះ លោកកាឌីណាល់នឹងចូលរួមពិភាក្សាពាក់ព័ន្ធនឹងអាទិភាពនានានៃរដ្ឋសមាជិកអង្គការសហប្រជាជាតិរួមមានការគាំទ្រសន្តិភាព និងសន្តិសុខអន្តរជាតិ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការដោះស្រាយការបាត់បង់ជីវចម្រុះ និងការដោះស្រាយការបំពុលបរិស្ថានជាដើម ។