កាឌីណាល់ តាគ្លេ៖ ការលាយបញ្ចូលយ៉ាងសមស្របរវាងបញ្ញាច្បាស់លាស់ និងការថែរក្សាព្រះសហគមន៍ក្នុងភាពកក់ក្តៅ
ក្នុងសុន្ទរកថាគន្លឹះរបស់កាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ មានចំណងជើងថា «ការធ្វើដំណើរតាមផ្លូវមួយផ្សេងទៀត ជាសេចក្តីសង្ឃឹមដែលត្រូវបន្តថ្មី» ក្នុងពិធីបូជនីយេសចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope) នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ លោកបានបញ្ជាក់ឲ្យដឹងអំពីអ្វីទៅជា «អាស៊ី» ពិតប្រាកដ ដែលត្រូវមាន៖ ភាពទន់ភ្លន់ ការយល់ចិត្ត និងកិច្ចប្រឈម។ លោកបានឆ្លុះបញ្ចាំងអំពីទ្រឹស្តីរបស់ព្រះសហគមន៍ ការយល់ដឹងអំពីវប្បធម៌ និងចិត្តវិទ្យា និងរបៀបនិយាយដោយស្មោះត្រង់ ហើយលោកបានគូរផែនទីវិញ្ញាណមួយ សម្រាប់បេសកកម្មរបស់ព្រះសហគមន៍នៅអាស៊ី។
សុន្ទរកថារបស់កាឌីណាល់ តាគ្លេ បង្ហាញពីរចនាបទបែបព្រះសហគមន៍ និងបេសកកម្មដែលមានឫសគល់នៅក្នុងការបន្ទាបខ្លួន ការសន្ទនា និងភាពជាសាវ័កពិតប្រាកដ។
លោកបានបង្ហាញថា សេចក្តីរីករាយ ការអត់ធ្មត់ និងសេចក្តីស្រឡាញ់ មិនមែនគ្រាន់តែជាគុណធម៌ទូទៅទេ ប៉ុន្តែជាទស្សនៈនៃជីវិត ដែលនាំឲ្យទៅជាបរិសុទ្ធ ដោយសំណួរណែនាំតែមួយគត់៖ «តើខ្ញុំកំពុងធ្វើនេះសម្រាប់ព្រះគ្រីស្តឬ? តើព្រះគ្រីស្តជាចំណុចកណ្ដាលនៃជីវិតខ្ញុំឬ?» សំណួរនេះជួយណែនាំជីវិតខាងវិញ្ញាណ ដែលជួយឲ្យបេសកកម្មរបស់យើងផ្តោតលើព្រះគ្រីស្ត ជំនួសឲ្យការធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់ព្រះវិញ្ញាណ ឬការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមរយៈការប្រៀបធៀបរវាងពួកហោរាចារ្យ និងស្តេច ហេរ៉ូដ លោកបានបង្ហាញពីទម្រង់ពីរនៃបូជនីយចរ គឺទី១ត្រូវបើកចំហ ដាក់ខ្លួន និងចិត្តឆ្ពោះទៅអ្វីដែលយើងកំពុងថ្វាយបង្គំនិងសន្ទនាជាមួយ។ ម្យ៉ាងទៀត គឺត្រូវបិទចិត្ត ដែលពោរពេញដោយការភ័យខ្លាច និងអ្វីរំខាន ដោយអញ្ជើញព្រះសហគមន៍ ឲ្យពិនិត្យមើលចិត្តបំណងពិតប្រាកដរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកក៏បានឲ្យយើងរិះគិតអំពីជីវិតសម័យបច្ចុប្បន្ន ដោយសំណួរថា «តើយើងសន្ទនានៅក្នុងព្រះវិញ្ញាណឬយ៉ាងណា? ឬតើយើងសន្ទនាជាច្រើនជាមួយទូរស័ព្ទ ជាមួយទូរទស្សន៍ ជាមួយកុំព្យូទ័រច្រើនជាងឬទេ?» ដែលរំលឹកដល់អ្នកចូលរួមឲ្យយកចិត្តទុកដាក់លើ ភាពស្ងៀមស្ងាត់ ការអធិស្ឋាន និងការសន្ទនាដោយផ្ទាល់ជាមួយព្រះជាម្ចាស់។
ជាមួយគ្នានេះ លោកកាឌីណាល់បានជំរុញឲ្យអ្នកស្តាប់ រិះគិតអំពីសំណួរដែលប៉ះនឹងចិត្ត ដូចជា «ខ្ញុំកំពុងស្វែងរកនរណា?» «ហេតុអ្វីខ្ញុំកំពុងធ្វើបូជនីយចរ?» និង «តើខ្ញុំខ្លាចឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្លាស់ប្តូរខ្ញុំឬទេ?»
សំណួរទាំងអស់ដែលកាឌីណាល់ តាគ្លេបានសួរនាំ វាជាការជ្រើសរើស «ផ្លូវមួយផ្សេងទៀត» ដែលជានិមិត្តរូបនៅក្នុងព្រះគម្ពីរ ជាផ្លូវដែលជាញឹកញាប់ហាក់បីដូចជាមិនច្បាស់លាស់ ប៉ុន្តែនាំទៅកាន់ជីវិតពិត។
ជំនួសការផ្តល់ផែនការអនុវត្តលម្អិត លោកបានបញ្ឆេះភ្លើងនៃអត្តសញ្ញាណ ដោយរំលឹកឲ្យយើងដឹងថា មុននឹងក្លាយជាអ្នកប្រកាសដំណឹងល្អដែលមានប្រសិទ្ធភាព យើងត្រូវក្លាយជាបូជនីយេសក៏ជាមុនសិន គឺត្រៀមខ្លួនជានិច្ចក្នុងការជឿទុកចិត្តលើការណែនាំរបស់ព្រះជាម្ចាស់ តាមផ្លូវនៃសេចក្តីសង្ឃឹម ការបម្រើ និងសេចក្តីស្រឡាញ់៕