កាឌីណាល់ ជួបពិភាក្សាជាមួយនឹងនិងប្រធានាធិបតីអ៊ីរ៉ង់
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ម៉ាស៊ូត ប៉េសេស្គៀន ( Masoud Pezeshkian) ប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ង់ជាលើកដំបូងកាលពីព្រឹកថ្ងៃចន្ទទី ១២ ខែ សីហា ឆ្នាំ២០២៤។
លោក ម៉ាតេអូ ប្រ៊ុនី (Matteo Bruni ) ប្រធានការិយាល័យព័ត៌មានសន្តអាសនៈ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនា លោកកាឌីណាល់ បានអបអរសាទរលោកប្រធានាធិបតីថ្មីនៅពេលចាប់ផ្តើមអាណត្តិរបស់លោក ហើយមេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាមួយចំនួន ដោយរួមទាំងបញ្ហានៃការព្រួយបារម្ភអំពី ភាពតានតឹងនៅមជ្ឈិមបូព៌ា។
លោកកាឌីណាល់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់សន្តអាសនៈ លើអ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ដោយបានរំលឹកឡើងវិញពីចំណុចសំខាន់នៃជម្លោះដែលអាចកើតមានការរីករាលដាលដ៏ធ្ងន់ធ្ងរនិងកំពុងមានកម្ដៅ ដោយប្រើគ្រប់មធ្យោបាយក្នុងកិច្ចខិតខំប្រឹងប្រែងសន្ទនា ចរចា ដើម្បីទទួលបានសន្តិភាព។
នៅក្នុងការសន្ទនានេះ លោកកាឌីណាល់ក៏បានសង្កត់ធ្ងន់ទៅលើសាររបស់សម្តេចប៉ាប ដែលបានអំពាវនាវជាប្រចាំឲ្យមានការសន្ទនាសន្តិភាព និងរាល់ការខិតខំប្រឹងប្រែងដើម្បីជួយអ្នករងទុក្ខ៕