កាឌីណាល់ភូមិភាគ​ប៉េណាំង អំពាវនាវគ្រីស្តបរិស័ទនៅអាស៊ី ក្លាយជាអ្នកមានចក្ខុវិស័យ និងអ្នកនាំសារ

បូជនីចរ​ឆ្ពោះទៅសេចក្ដីសង្ឃឹមដ៏អស្ចារ្យ បានបន្តនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បា្ររព្ធជាមួយគ្នានឹងពិធីបុណ្យ Eucharistic ក្រោមអធិបតីភាព​របស់លោក​កាឌីណាល់សេបាស្ទៀន ហ្វ្រាន់ស៊ីស (Sebastian ហ្វ្រាន់ស៊ីស) អភិបាលព្រះសហគមន៍ភូមិភាគ​ប៉េណាំង ក្នុងទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

ថ្លែងទៅកាន់ប្រតិភូ​មកពីបណ្តាប្រទេសចំនួន៣២ លោកកាឌីណាល់ ហ្វ្រាន់ស៊ីស  បានអំពាវនាវដល់ព្រះសហគមន៍នៅតំបន់អាស៊ី អោយក្លាយខ្លួនជា «អ្នកនាំសារ អ្នកដែលមានក្តីសុបិន និងអ្នកមានចក្ខុវិស័យ» ដោយបន្ទរតាមប្រធានបទនៃការជួបជុំគ្នា​ដ៏ធំនេះ គឺ«ការធ្វើដំណើរជាមួយគ្នា​ជាប្រជាជាតិអាស៊ី….ហើយពួកគេធ្វើដំណើរផ្លូវផ្សេងៗគ្នា»។

រំលឹក​ពីសន្និបាតនៅឆ្នាំ២០០៦ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសថៃ  លោកកាឌីណាល់ ហ្វ្រាន់ស៊ីស ថ្លែងថា ព្រះសហគមន៍ត្រូវបានអំពាវនាវម្តងហើយម្តងទៀត អោយរក្សា និងរស់នៅជាមួយនឹង «រឿងរ៉ាវដ៏អស្ចារ្យបំផុត​ដែលមិនធ្លាប់មានពីមុនមក គឺរឿងរ៉ាវរបស់ព្រះយេស៊ូនៅក្នុងតំបន់អាស៊ី និងលើសពីនេះ» ប៉ុន្តែត្រូវ​នៅ​​ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច។

លោកបានសង្កត់ធ្ងន់ថា ពាក្យសន្យារបស់ព្រះយេស៊ូ នៅក្នុងព្រះគម្ពីយ៉ូហាន ១៤:២៦ នៅតែមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺ«ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងបង្រៀនអ្នករាល់គ្នា ហើយរំលឹកអ្នករាល់គ្នាអំពីអ្វីៗទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា»។

លោកបានរំលឹកដល់អ្នកដែលមានជំនឿថា ព្រះវិញ្ញាដ៏វិសុទ្ធ «បានក្លាយជាទស្សនវិស័យ និងសុបិន មកលើមនុស្សទាំងចាស់ក្មេង» ដោយអំពាវនាវដល់ព្រះសហគមន៍ អោយមានការប្រមើលមើលអនាគតថ្មីមួយ ដែលមានមូលដ្ឋានលើការរួម​គ្នាជាធ្លុងមួយ និងការបម្រើ។

លោកកាឌីណាល់ ហ្វ្រាន់ស៊ីស បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចូលវប្បធម៌ ដោយមានប្រសាសន៍បន្ថែមថា «ជំនឿដែលមិនអាចបញ្ជូលវប្បធម៌បាន មិនមែនជាជំនឿពិតប្រាកដនោះទេ» ហើយថែមទាំងជំរុញអោយគ្រីស្តបរិស័ទបន្តស្វែងរកមធ្យោបាយ ដើម្បីរស់នៅ និងបង្ហាញពីជំនឿកាតូលិក ស្របនឹងវប្បធម៌ក្នុងតំបន់។

លោកបន្តថា សន្តបុគ្គលនិង​មរណសាក្សីនៅតំបន់អាស៊ី មកពីប្រទេសវៀតណាម កូរ៉េ ឥណ្ឌា និងកម្ពុជាជាដើម ជាអ្នកដែលមានចក្ខុវិស័យ នាំយកដំណឹងល្អទៅកាន់ជើងមេឃថ្មី។

នៅពេលដែលព្រះសហគមន៍កំពុងធ្វើដំណើរធ្ពោះទៅរកឆ្នាំនៃសេចក្តីសង្ឃឹម ទិវាយុវជនពិភពលោកឆ្នាំ២០២៧ និងការបិទបញ្ចប់សន្និបាតស៊ីណូដាលីធី (Synod on Synodality) លោកកាឌីណាល់ ហ្វ្រាន់ស៊ីស បានអញ្ជើញគ្រីស្តិបរិស័ទកាតូលិកទាំងអស់ អោយទុកចិត្តលើការណែនាំ​របស់ព្រះវិញ្ញាណដ៏វិសុទ្ធ​ ហើយធ្ពោះទៅមុខ ជាមួយនឹងការអធិដ្ឋាន «ឱព្រះអម្ចាស់​អើយ សូម​យាងមក​»៕

Daily Program

Livesteam thumbnail