ករណីអ្នកកាសែត ផាត់ ហ៊ន ដែលត្រូវប្រធានតុលាការខេត្តកំពង់ចាមប្តឹង ត្រូវបានដោះស្រាយបញ្ចប់

លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ​បានសម្រេចដកពាក្យបណ្ដឹង ដែលបានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅ ហ៊ន ជាអ្នកសារព័ត៌មានបណ្តាញសារព័ត៌មាន KH Plus News ខណៈលោក ផាត់ ហ៊ន បានចេញ​លិខិតសុំអភ័យទោស កាលពីថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៤​។

​លោក សួស ឡា បាន​លើកឡើងតាមរយៈលិខិតដកពាក្យបណ្តឹងថា ​ជនសង្ស័យ​បានចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានសារភាពកំហុស ព្រមទាំងបានផ្សាយព័ត៌មានសុំទោសនូវកំហុសឆ្គង ដែលខ្លួនបានប្រព្រឹត្តជាសាធារណៈ ដែល​នេះបញ្ជាក់បានថាជនសង្ស័យនេះបានដឹងកំហុស និងមានការភ្ញាក់រលឹក។

លោកថា ៖ «តាមការ​អនុវត្តទៅតាមការណែនាំរបស់ក្រសួងព័ត៌មាន បង្ហាញអំពីស្មារតីភ្ញាក់រលឹក និង សន្យាក្នុងការកែប្រែកំហុស ដើម្បីពង្រឹងឡើងវិញនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ផ្អែកតាមកា​​រទទួលខុសត្រូវ និងការផ្សាយកែតម្រូវព័ត៌មានឡើងវិញរបស់ជនសង្ស័យខាងលើ បានបង្ហាញ នូវភា​ពត្រឹមត្រូវ និងអង្គហេតុពិតប្រាកដវិញហើយ ហេតុនេះក្នុងនាមសាលាដំបូងខេត្តកំពង់ចាម ខ្ញុំសូមដកពាក្យ បណ្ដឹងដែលបានប្តឹងជនសង្ស័យរូបនេះ»។

​សូមរម្លឹកដែរថា លោក សួស ឡា បានដាក់ពាក្យបណ្ដឹងប្ដឹងអ្នកសារព័ត៌មាន ឈ្មោះ ផាត់ ហ៊ន ហៅ ហ៊ន ជាអ្នកសារព័ត៌មានបណ្តាញសារព័ត៌មាន KH Plus News ពីបទអំពើបរិហារកេរ្ដិ៍តាម សារព័ត៌មាន តាមមាត្រា ៣០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ១៣ នៃច្បាប់ស្តីពីរបរសារព័ត៌មាន និង បទធ្វើឲ្យ បាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ តាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ​

ជាមួយគ្នានេះដែរ លោក ផាត់ ហ៊ន ក៏បាន​សរសេរលិខិតសុំអភ័យ​ និងបានទទួលស្គាល់កំហុស នៅចំពោះមុខអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។

លោកថា​ ៖ «ខ្ញុំបាទ ពិតជាមានការសោកស្តាយជាពន់ពេកចំពោះសកម្មភាពបរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្ខូចឈ្មោះស្ថាប័នតុលាការ និងការរិះគន់លើសេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នអនុវត្តច្បាប់»។

លោក ផាត់ ហ៊ន បានបន្តថា ៖ «ទង្វើដ៏ខុសឆ្គងរបស់ខ្ញុំបាទនេះពិតជាកើតចេញពីការមិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសមិនបានធ្វើការសាកសួរនូវព័ត៌មានពាក់ព័ន្ធពីអ្នកនាំពាក្យ របស់ស្ថាប័នតុលាការ ដែលនាំឱ្យខ្ញុំបាទឈានដល់ការយល់ច្រឡំនិងជេរប្រមាថទៅដល់អាជ្ញាធរដែនដី និងស្ថាប័នតុលាការ ជាពិសេសមានការយល់ច្រឡំពីចំណាត់ការដ៏ត្រឹមត្រូវស្របតាមនីតិវិធីច្បាប់របស់តុលាការ»។

លោកថា ក្នុងន័យនេះ លោកសូមសារភាពនិងទទួលស្គាល់កំហុសដោយស្មោះអស់ពីដួងចិត្ត និងសូមគោរព ស្នើសុំការអភ័យទោសពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏ដូចជាពីស្ថាប័នតុលាការ និងសូមមេត្តាអធ្យាស្រ័យ និងអត់ឱនដល់រូបលោកផង។

លោកបញ្ជាក់ថា ៖ «ខ្ញុំបាទសូមធ្វើការសន្យាចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ថានឹងមិនប្រព្រឹត្តសកម្មភាព ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងអត្ថាធិប្បាយជេរ ប្រមាថជាសាធារណៈគ្មានសីលធម៌ ផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ទៀតឡើយ ជាពិសេស ខ្ញុំបាទនឹងខិតខំកែប្រែ និងបណ្តុះបណ្តាលខ្លួន ដើម្បីប្រើប្រាស់ជំនាញនិងអាជីពរបស់ខ្លួន ក្នុងភាពត្រឹមត្រូវ ច្បាស់លាស់ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ»។​

ទាក់ទងនឹងករណីនេះដែរ លោក កើត​ រិទ្ធ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់​លោក ដោយលោកអរគុណចំពោះ​ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។

​លោកបានលើកឡើងថា ៖ «ក្រោយភ្លៀង, មេឃស្រឡះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់»។

លោករដ្ឋមន្រ្តី​ក៏បានបញ្ជាក់ដែរថា ​ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ ត្រូវសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។

ជាមួយគ្នានេះ លោកក៏បាន​ស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

 

Daily Program

Livesteam thumbnail