កម្ពុជា បដិសេធ ចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាដាក់មីនថ្មី បន្ទាប់ពីទាហានថៃម្នាក់ទៀត ដើរជាន់មីនដាច់ជើង ក្នុងតំបន់ព្រំដែន

កម្ពុជា បានបដិសេធយ៉ាងដាច់ដាច់ខាត ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន របស់ភាគីថៃ ថា «កម្ពុជាដាក់មីនថ្មី» បន្ទាប់ពីទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនដាច់ជើង នៅក្បែរប្រាសាទតាក្របី។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ អាជ្ញាធរមីនកម្ពុជា ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។

អាជ្ញាធរមីន បញ្ជាក់ថា ក្នុងឧប្បត្តិហេតុខាងលើទាហានថៃម្នាក់ បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃ បាន ចោទប្រកាន់ថា កម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មិនថ្មី ធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្តង់ដារ។

អាជ្ញាធរមីន សម្តែងនូវការសោកស្តាយ ចំពោះទាហាន ដែលរងគ្រោះដោយសារមីន និងសូមជូនពរ ឱ្យជាសះស្បើយយ៉ាង ឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាត មិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាមិនបានប្រើប្រាស់ ផលិត ឬដាក់មិនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។

តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជាតំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមីនធ្វើពីផ្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ ពិបាកក្នុងការរកឃើញដោយប្រើប្រាស់ ឧបករណ៍រាវមីនស្តង់ដារ។

ប្រតិបត្តិករបោសសម្អាតមីនកម្ពុជា ដែលមានជំនាញច្បាស់លាស់ ធ្លាប់រកឃើញ និងកម្ទេចមីនប្រភេទនេះជាច្រើន នៅតាមបណ្តោយព្រំដែន អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យសកម្មភាពមីនកម្ពុជា។ ការដែលលើកឡើងថា មីននេះធ្វើពីផ្លាស្ទិក និងពិបាកក្នុងការរាវរក គឺពិតជាស្របទៅនឹងកំណត់ត្រា នៃការបោសសម្អាតមីន របស់កម្ពុជាក្នុងតំបន់នេះ ហើយវាមិនមែនជាមីនថ្មីនោះទេ។ តំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ ដែលមានមីនក្រាស់ និងហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើង ដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារ ឱ្យយើងផ្តោតសំខាន់លើ ការបោសសម្អាតមីន មនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត។

កម្ពុជាសម្រេចបានសមិទ្ធផលធំធេងក្នុងការបោសសម្អាតមីន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ នៅតែបន្តរងគ្រោះធ្ងន់ធ្ងរដោយសារមីន ជាពិសេសតំបន់ ដែលមិនមែនជាអាទិភាពសម្រាប់ធ្វើការបោសសម្អាត ជូនប្រជាពលរដ្ឋរស់នៅ និងបម្រើដល់សេដ្ឋកិច្ច-សង្គម តែតំបន់នោះត្រូវបានដាក់ស្លាកសញ្ញាមីន និងធ្វើបច្ចុប្បភាពចម្ការមីនជាប្រចាំ។

ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អាជ្ញាធរមីន សូមអំពាវនាវ ឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហប្រតិបត្តិការ ចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យមានស៊ើបអង្កេតឯករាជ្យ។ កម្ពុជា-ថៃ គឺជារដ្ឋភាគី អនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោស សម្អាតមីនចាស់ និងការពារមិនឱ្យ មានការប្រើប្រាស់មិនថ្មី ។ កម្ពុជា ស្វាគមន៍ ចំពោះយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាត មីនមនុស្សធម៌។

កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញា អនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅតែ បន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។

កម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាព របស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ព នៅក្នុងតំបន់នោះ អំឡុងពេល នៃបទឈប់បាញ់៕

 

 

Daily Program

Livesteam thumbnail