កម្ពុជា និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាកសំណល់

កម្ពុជា និងជប៉ុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាកសំណល់ តាមរយៈយន្តការឥណទានរួម (JCM)។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត និងលោក Ishihara Hirotaka​ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមក្រសួងបរិស្ថាន ភាពជាដៃគូនេះមានគោលបំណងជំរុញកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងកាបូនទាប។ ក្រសួងបរិស្ថានកម្ពុជា និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើយន្តការឥណទានរួម (JCM) សកម្មភាពអាកាសធាតុអាស៊ាន ការគាំទ្រការសម្របខ្លួនជាតិ ការកែច្នៃសំរាម ការបំលែងសំរាមទៅជាថាមពល ការយល់ដឹង និងនវានុវត្តន៍ និងការគ្រប់គ្រងឧទ្យានជាតិ។

យន្តការឥណទានរួម (JCM) គឺជាកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាដំបូងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤។ គោលបំណងចម្បងរបស់វាគឺដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងការអនុវត្តបច្ចេកវិទ្យា ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

Daily Program

Livesteam thumbnail