កម្ពុជា-ថៃបន្ដកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ចេញពីព្រំដែនក្នុងជំហានទី២ដំណាក់កាលទី១
កម្ពុជា-ថៃ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា បានបន្ដកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះនៅព្រំដែន ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ ក្នុងជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។
យោងតាមក្រសួងការពារជាតិកម្ពុជា ដំណាលគ្នានៃការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះនៅព្រំដែនរបស់កម្ពុជានាពេលនេះ ភាគីថៃក៏ធ្វើការកែសម្រួលដូចគ្នាផងដែរ ដោយមានការចូលរួសង្កេត និង ផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាំងពីចំណុចចាប់ផ្ដើម រហូតដល់មូលដ្ឋានដើមវិញ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និង យុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដែលជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និង ការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។