កម្ពុជា-ចិន ២០២៦ សិល្បៈកាហ្វេឡាតេជើងឯក លើកទី១
កាហ្វេនៅសម័យបច្ចុប្បន្នមិនត្រឹមតែជាភេសជ្ជៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាវេទិកាសំខាន់មួយសម្រាប់ផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍជំនាញ និងឧស្សាហកម្ម ព្រមទាំងបង្ហាញពីការប្រែប្រួលនៃរបៀបរស់នៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ដើម្បីបង្កើនមិត្តភាពមានភាពជិតស្និទ្ធ និងអនាគតរួមគ្នា។
ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ
មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ កម្ពុជា-ចិន ២០២៦ សិល្បៈកាហ្វេឡាតេជើងឯក លើកទី១។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ថា ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ហើយកាហ្វេជាមធ្យោបាយដើម្បីផ្សារភ្ជាប់ឧស្សាហកម្ម វិស័យអប់រំ និងអនាគតប្រទេសទាំងពីរផងដែរ។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះការអភិវឌ្ឍជំនាញ និងអប់រំវិជ្ជាជីវៈក្នុងការអប់រំផ្នែកកាហ្វេ ការបណ្តុះបណ្តាលបារីស្តា និងការទទួលស្គាល់វិជ្ជាជីវៈ ដែលជាមធ្យោបាយសំខាន់ក្នុងការផ្តល់សមត្ថភាពដល់យុវជន។
ជាមួយនេះផងដែរ ប្រព័ន្ធបណ្តុះបណ្តាល និងគំរូនវានុវត្តន៍ពីប្រទេសចិនកំពុងចូលមកកម្ពុជា ដែលនឹងជំរុញឱ្យការអប់រំផ្នែកកាហ្វេនៅប្រទេសកម្ពុជាឈានទៅរកវិជ្ជាជីវៈ និងស្តង់ដាខ្ពស់។ព្រឹត្តិការណ៍នេះបានបង្ហាញពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងកិច្ចសហប្រតិបត្តិការផ្នែកអប់រំឱ្យក្លាយជាគ្រឹះសម្រាប់អនាគត ដើម្បីរួមគ្នាបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកាហ្វេនៅកម្ពុជា៕