កម្ពុជា-ចិន បន្តបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
កម្ពុជា និងចិន បានបញ្ជាក់បន្ថែមពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដោយនឹងបន្តបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែមិថុនា នេះ។
នាឱកាសនោះ ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងអបអរសាទរសមិទ្ធផលក្នុងការចូលរួមកសាងមន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះដែរ លោក Xue Dong អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញការវិនិយោគលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញសម្រាប់ប្រជាជាតិទាំងពីរ៕