កម្ពុជារកចំណូលបានជាង២៨ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិរយៈពេល១១ខែឆ្នាំ២០២៥
រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង២៨ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិនានាទូទាំងពិភពលោក កើនឡើង១៦.១០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួនត្រឹមជាង២៤ពាន់លានដុល្លារ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា រយៈពេល១១ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៥៩ពាន់លានដុល្លារ កើនឡើង ១៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ជាង ២៨ពាន់លានដុល្លារ កើនឡើង ១៦% ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣០,៧ ពាន់លានដុល្លារ កើនឡើង ១៧.៨៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងរយៈពេល១១ខែនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារធំចម្បងទី១ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ ហើយអាចរកចំណូលបានរហូតដល់ ១១,៥ពាន់លានដុល្លារ កើនឡើង២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹម ៩ពាន់លានដុល្លារ។ បន្ទាប់មកគឺវៀតណាម មានតម្លៃ ៣,៣ពាន់លានដុល្លារ, ចិន ១,៥ពាន់លានដុល្លារ, ជប៉ុន ១,៤ពាន់លានដុល្លារ, កាណាដា ១,១៦ ពាន់លានដុល្លារ, អេស្ប៉ាញ ១,០៦ ពាន់លានដុល្លារ, និងបណ្តាប្រទេសផ្សេងៗទៀតដូចជា អង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ហុងកុង តៃវ៉ាន់។ល។
មុខទំនិញសំខាន់ៗដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា៖ សម្លៀកបំពាក់,វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ប្រហាក់ប្រហែល, ស្បែកជើង, ធញ្ញជាតិ, កៅស៊ូ ,គ្រឿងសង្ហារឹម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី ផ្លែឈើ និងផលិតផលជលផល។ល៕