កម្ពុជាផ្ញើលិខិតផ្លូវការទៅថៃ ដើម្បីនាំយកតំបន់ មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅICJ
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៦ មិថុនា បានផ្ញើលិខិតជាផ្លូវការមួយច្បាប់ទៅសមភាគីថៃ «ក្នុងស្មារតីនៃមិត្តភាព និង ប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិទាំងពីរ»។
ក្នុងលិខិតនោះ ប្រមុខការទូតកម្ពុជា នៅប្រកាន់ជំហរនាំយកតំបន់ «មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី»ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី សម្រាប់សន្តិភាពយូរអង្វែង។
ក្នុងលិខិតនោះលោក ប្រាក់ សុខុន បានប្រាប់សមភាគីថៃថា វិវាទព្រំដែនរវាងកម្ពុជា និងថៃ បន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានយន្តការទ្វេភាគីជាច្រើន និង កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧប្បត្តិហេតុជាអកុសលជាច្រើន។
លោកបានឡើងពីភាពជាក់ស្តែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ០១រូបបាត់បង់ជីវិត។លោកចាត់ទុក ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា «ដោយសារភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និង ភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹង តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី»។
បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និង យូរអង្វែង។ សេចក្ដីសម្រេចនេះ នឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗកម្ពុជា និងថៃ ហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រក បដោយ សន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុ មរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ាន។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ គួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសន្ទនាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ ។
ជាមួយគ្នានោះ ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសុឆន្ទះ និង ការតាំងចិត្តដ៏មុតមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធី និងស្ថិតស្ថេរចេរកាល សំរាប់បញ្ហាព្រំដែនជាមួយប្រទសជិតខាង រួមទាំងប្រទេសថៃ មិនដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយ ។
ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង៕

Daily Program
