កម្ពុជាបិទ«ការហោះហើរ»ទាំងស្រុងតំបន់ផ្ទុះអាវុធជាមួយថៃ និងពង្រីកវិសាលភាពផ្លូវហាមឃាត់ហោះហើរមិនឱ្យទាបជាង១២០០ម៉ែត្រ

អាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី ២៦ កក្កដានេះ បានសម្រេចបិទមិនឱ្យមានការហោះហើរឆ្លងកាត់ទាំងស្រុង ចំពោះតំបន់ដែលកំពុងប្រយុទ្ធគ្នារវាងកងទ័ពឈ្លានពានថៃ និង កងទ័ពកម្ពុជា ចៀសវាងគ្រោះថ្នាក់ជាយថាហេតុមួយណាកើតចេញពីជម្លោះព្រំដែនដែលបង្កឡើងដោយយោធាថៃ។ ក្រៅពីបិទទាំងស្រុង អាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកវិសាលភាពផ្លូវហាមឃាត់ហោះហើរមិនឱ្យទាបជាង១២០០ម៉ែត្រ។
លោក ស៊ីន ចាន់សេរីវត្ថា អ្នកពាក្យនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា វិសាលភាពថ្មីដែលពង្រីក ការកំណត់ហោះហើរមិនឱ្យទាប់ជាង១២០០ម៉ែត្រ នៅតំបន់នៃខេត្តប៉ៃលិន និងផ្នែកខ្លះនៃខេត្តសៀមរាប ចំណែកតំបន់ចាស់ដែលកម្ពុជាធ្លាប់បានមិនអនុញ្ញាតយន្តហោះទាំងឡាយណាដែលឆ្លងកាត់កម្ពុជាក្រោមកម្ពស់ ១១គីឡូម៉ែត្រនោះ គឺបិទទាំងស្រុងដោយសារជម្លោះវិវត្តលឿន ជាពិសេស ខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ។
លោក ស៊ីន ចាន់សេរីវត្ថា វិធានការនេះ អាចនឹងប្រែប្រួលបន្ថែមទៀត ប្រសិនបើការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃរីករាលដាលទៅតាមតំបន់មួយចំនួន៕
Daily Program
