កម្ពុជាបញ្ចូនជនជាតិកូរ៉េចំនួន៦៤នាក់ទៅវិញប្រទេសដើមវិញពាក់ព័ន្ធOnline Scams
ជនជាតិកូរ៉េសរុបចំនួន៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ នៅយប់ថ្ងៃទី១៧ ខែតុលា ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា សម្រេចបញ្ចូនឱ្យត្រឡប់ទៅប្រទេសដើមវិញ ដើម្បីឱ្យរដ្ឋាភិបាលចាត់វិធានការនិង អនុវត្តនីតិវិធីបន្ត។ជនជាតិកូរ៉េទាំងអស់នោះពាក់ព័ន្ធ Online Scams ដែលអាជ្ញាធរកម្ពុជាបង្ក្រាបបានកន្លងមក។
ការបញ្ជូនជនជាតិបរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញនេះ បន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និង ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាង ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា កន្លងមកកម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ឱ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញ ដោយមានកិច្ចសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួលជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។អាជ្ញាធរកម្ពុជា ថែមទាំងបានស្នើសុំ កិច្ចសហការជាមួយសមត្ថកិច្ចជំនាញកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និង ប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី លេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យទីតាំងសង្ស័យ និងបានបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណ ៣ ៤៥៥ នាក់ មានចំនួន២០សញ្ជាតិ ។ ជាមួយគ្នានេះ សមត្ថកិច្ច ជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រ្តីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស៕


Daily Program
