កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក ដើម្បីការពារបរិស្ថាន និងសុខភាពសាធារណៈ

ប្រទេសកម្ពុជានៅតែបន្តរឹតបន្តឹងការហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ពីបរទេស ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ក្រសួងបរិស្ថាន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ ពីការបំពុលដោយសារធាតុពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិកទាំងនោះ រួមមានឧបករណ៍បច្ចេកវិទ្យា និងឧបករណ៍អគ្គិសនីដែលហួសសម័យ ឬត្រូវបានបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងថ្មពិលជាដើម។

នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ទោះបីជាសំណល់អេឡិចត្រូនិកអាចផ្តល់នូវសម្ភារៈមានតម្លៃមួយចំនួនសម្រាប់ការទាញយកមកប្រើប្រាស់ឡើងវិញក៏ដោយ ប៉ុន្តែមានសមាសធាតុត្រឹមតែប្រហែល ៩ ភាគរយប៉ុណ្ណោះ ដែលអាចកែច្នៃដើម្បីចំណេញផ្នែកសេដ្ឋកិច្ចជាទូទៅបាន។ ដោយឡែក សម្ភារៈដែលនៅសេសសល់ទាំងប៉ុន្មាន គឺតម្រូវឱ្យមានការកែច្នៃក្នុងកម្រិតខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាញ និងការបោះចោលប្រកបដោយស្តង់ដារបរិស្ថានល្អ ដែលកិច្ចការទាំងអស់នេះមានតម្លៃថ្លៃខ្លាំង និងទាមទារបច្ចេកទេសខ្ពស់បំផុត។

ក្រសួងបរិស្ថានបានពន្យល់បន្ថែមថា ការចាត់ចែង ឬការកែច្នៃសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ អាចបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ទៅក្នុងដី ប្រភពទឹកក្រោមដី ទន្លេ និងបរិយាកាស ដែលបង្កឱ្យមានការបំពុលបរិស្ថានយូរអង្វែង និងបង្កើតជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ នៅពេលដែលការបំពុលទាំងនេះកើតឡើង ការស្តារឡើងវិញច្រើនតែទាមទារការចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ហើយក្នុងករណីខ្លះ ការខូចខាតប្រព័ន្ធអេកូឡូស៊ីអាចនឹងមិនអាចកែប្រែមកជាធម្មតាវិញបានឡើយ។

ក្នុងន័យនេះ ក្រសួងបរិស្ថានបានអះអាងយ៉ាងច្បាស់ថា ប្រទេសកម្ពុជានឹងមិនអនុញ្ញាតឱ្យខ្លួនក្លាយជាគោលដៅសម្រាប់ផ្ទុកសំណល់អេឡិចត្រូនិកពីបរទេសឡើយ ហើយស្ថាប័នជំនាញនឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ការនាំចូលខុសច្បាប់នូវសំណល់ទាំងនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងក៏បានទទួលស្គាល់ផងដែរថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងស្រុកកំពុងមាននិន្នាការកើនឡើងជាលំដាប់ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុទើបកម្ពុជាកំពុងពិចារណាលើផែនការសកម្មភាពថ្នាក់ជាតិពិសេសមួយ ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រមូល គ្រប់គ្រង និងកែច្នៃសំណល់អេឡិចត្រូនិកក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិ។ វិធានការនេះ ធ្វើឡើងដើម្បីធានាថា រាល់សំណល់អេឡិចត្រូនិកដែលបង្កើតឡើងក្នុងប្រទេស ត្រូវបានចាត់ចែងដោយសុវត្ថិភាព ព្រមទាំងកាត់បន្ថយហានិភ័យនានាចំពោះបរិស្ថានឱ្យមកនៅកម្រិតទាបបំផុត។

ជាចុងក្រោយ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការទប់ស្កាត់ការបំពុលតាំងពីដើមទី នៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងចំណាយតិចបំផុត ក្នុងការរក្សាបរិស្ថានកម្ពុជាឱ្យស្អាតស្អំ ក៏ដូចជាការការពារធនធានធម្មជាតិរបស់ជាតិសម្រាប់ជាប្រយោជន៍ដល់ជំនាន់ក្រោយៗទៀត៕

 

Daily Program

Livesteam thumbnail