កម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅសកល ៩៥-៩៥-៩៥ នៃមេរោគអេដស៍

កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅសកល ៩៥-៩៥-៩៥ នៃមេរោគអេដស៍ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈពីជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០។

សមិទ្ធផលនេះត្រូវបានប្រកាសរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ដែលស្របពេលជាមួយនឹងខួប ៣០ ឆ្នាំនៃការគាំទ្ររបស់ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិរបស់កម្ពុជា។

គោលដៅ ៩៥-៩៥-៩៥ មានបំណងឱ្យ ៩៥ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន, ៩៥ ភាគរយ នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យឃើញ ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥ ភាគរយ នៃអ្នកដែលកំពុងទទួលការព្យាបាល អាចកាត់បន្ថយបន្ទុកមេរោគនៅក្នុងឈាមរហូតដល់កម្រិតទាបបំផុត (កម្រិតដែលមិនអាចរកឃើញ)។

កាលពីមុន កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែប្រាំពីរគត់នៅលើពិភពលោក ដែលបានសម្រេចគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ ២០១៧ ពោលគឺមុនកាលកំណត់រយៈពេលបីឆ្នាំ។

យោងតាមអង្គការ UNAIDS ជោគជ័យរបស់កម្ពុជាគឺត្រូវបានជំរុញដោយការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំ ភាពដឹកនាំជាតិប្រកបដោយនិរន្តរភាព ភាពជាដៃគូរយៈពេលវែង និងការចូលរួមពីសហគមន៍។ ប្រទេសនេះបានពង្រីកលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍ ដោយបានដាក់ឱ្យប្រើប្រាស់នូវការផ្តល់ឱសថប្រឆាំងមេរោគអេដស៍សម្រាប់រយៈពេលច្រើនខែ ការពង្រឹងការសមាហរណកម្មរវាងសេវាមេរោគអេដស៍ និងសេវាសុខាភិបាលទូទៅឱ្យកាន់តែទូលំទូលាយ ក៏ដូចជាការពង្រីកជម្រើសបង្ការ រួមទាំងការប្រើប្រាស់ឱសថបង្ការមុនពេលប៉ះពាល់មេរោគ (PrEP) ប្រភេទដែលមានប្រសិទ្ធភាពយូរអង្វែង និងការធ្វើតេស្តរកមេរោគអេដស៍ដោយស្វ័យប្រវត្ត។

វិធីសាស្ត្រដឹកនាំដោយសហគមន៍ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ តាមរយៈការផ្តល់ប្រឹក្សាដោយមិត្តអប់រំមិត្ត ការធ្វើតេស្ត ការគាំទ្រការព្យាបាល និងសេវាបង្ការនានា ដែលតម្រង់ទិសដៅទៅរកក្រុមប្រជាជនដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមេរោគអេដស៍។ វិធានការគាំពារសង្គម និងការទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ បានជួយពង្រឹងដល់ការឆ្លើយតបថ្នាក់ជាតិបន្ថែមទៀត។

ទោះបីជាសម្រេចបាននូវសមិទ្ធផលនេះក្តី កម្ពុជានៅតែបន្តប្រឈមមុខនឹងបញ្ហាមួយចំនួន។ ការឆ្លងមេរោគអេដស៍ថ្មីប៉ាន់ស្មានមានចំនួន ៩៥៨ ករណីត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២៥ ដែលក្នុងនោះ ៨៤ ភាគរយបានកើតឡើងក្នុងចំណោមក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។ គោលដៅជាតិគឺកាត់បន្ថយការឆ្លងថ្មីប្រចាំឆ្នាំឱ្យមកនៅតិចជាង ២៥០ ករណីត្រឹមឆ្នាំ ២០៣០។

ហេតុដូច្នេះហើយ រដ្ឋាភិបាលកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធានានិរន្តរភាពរយៈពេលវែង តាមរយៈការបង្កើនហិរញ្ញប្បទានក្នុងស្រុកឱ្យកាន់តែរឹងមាំ ការសមាហរណកម្មឱ្យកាន់តែជ្រៅទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការបន្តចូលរួមពីសហគមន៍ និងអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការផ្តល់សេវា។

លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានហៅសមិទ្ធផលនេះថាជាប្រភពនៃមោទនភាពជាតិ ដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារវឌ្ឍនភាពនេះ តាមរយៈការបង្កើនភាពជាម្ចាស់ថ្នាក់ជាតិ និងការបង្កើនការវិនិយោគក្នុងស្រុក។

លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការការពង្រឹង និងពង្រីកសេវាមេរោគអេដស៍ តាមរយៈការបង្កើតថ្មី និងវិធីសាស្ត្រផ្ដោតលើសហគមន៍ ដើម្បីធានាថាការបង្ការ ការធ្វើតេស្ត និងការព្យាបាល នៅតែអាចទទួលបាន ផ្ដល់នូវសេចក្ដីថ្លៃថ្នូរ និងគ្មានការរើសអើង។

 

Daily Program

Livesteam thumbnail