កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែង ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេលពីរឆ្នាំ

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ បាន​ជូនដំណឹងឱ្យដឹងថា​កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបានដោះលែង​ ក្រោយផុតកំណត់ការអនុវត្តទោសរយៈពេលពីរឆ្នាំ។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញានេះ បាន​ឱ្យដឹងថា ៖ «​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គឺជាថ្ងៃផុតកំណត់ទោសរយៈ២ឆ្នាំក្រោមបទចោទ៖ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គ​ម ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០២២ និងបន្តបន្ទាប់តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ របស់ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ហើយក៏ជាថ្ងៃនៃការវិលត្រឡប់ចេ​ញពីពន្ធនាគារវិញផងដែរ»។

ប្រភពដដែលបានបន្តថា ​តំណាងកម្មករនិយោជិត ព្រមទាំងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៏ដែលកំពុងធ្វើកូដកម្ម នឹងទៅខាងមុខពន្ធនាគារព្រៃស(ម២)នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ព្រឹក ដើម្បីបង្ហាញនូវការស្វាគមន៍ចំពោះការវិលត្រឡប់មកវិញ ដោយបង្ហាញពីការនឹករឭ​ក និងព្រួយបារម្ភចំពោះកញ្ញា។

នៅថ្ងៃទី១៦ ខែកញ្ញានេះ​ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ​បានបញ្ជាក់ដែរថា​ កញ្ញាឈឹម​ ស៊ីថរ បានត្រលប់ទៅដល់ផ្ទះដោយសុវត្ថិភាព​ផងដែរ។

សូមរម្លឹកថា កញ្ញា ឈឹម ស៊ីថរ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​លើក​ទីពីរ​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ចុង​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​នៅ​ពេល​ដែល​កញ្ញា​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​សហព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

តុលាការសម្រេចឱ្យមេដឹកនាំសហជីពរូបនេះ ជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទ ថាបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់ តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

 

 

Daily Program

Livesteam thumbnail