កញ្ញាប៊ី សុធារី កំពុងជួយផ្សព្វផ្សាយសក្កានុពលរាជធានីភ្នំពេញ
ម្ចាស់មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធារី កំពុងបំពេញបេសកម្មជាអ្នកតំណាងអោយកម្ពុជាលើឆាកអន្តរជាតិ ក្នុងនោះកញ្ញាកំពុងតែជំរុញសក្កានុពលរបស់រាជធានីភ្នំពេញ បន្ទាប់ពីសង្គ្រាមទៅកាន់ពិភពលោក។
ជាមួយនឹងសារដ៏ខ្លី និងមានអត្ថន័យនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថាប័នMiss Grand Cambodia បានចែករំលែកនូវវីដេអូរយៈពេល ១:០៣នាទី ដែលមានចំណងជើងថា Bee Sotheary- My Phnom Penh Peace បានបង្ហាញកន្លែងដ៏ល្អៗបំផុតក្នុងការដើរទិញទំនិញ ទេសចេណ៍ កន្លែងវប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិល។
តាមរយៈសារ និងវីដេអូ ដែលបានចែករំលែកនៅលើបណ្តាញសង្គមមានអ្នកចូលទស្សនា ៥.៨K ហើយវីដេអូឃ្លីប និងសារនេះមានអ្នកចូលរួមបញ្ចេញយោបល់ទាំងភាសាខ្មែរ និងភាសាអង់គ្លេសជាច្រើនបន្ថែមទៀត។
កម្មវិធីប្រឡងបវរកញ្ញាឯកកម្ពុជា Miss Grand Cambodia 2024 បានរកឃើញម្ចាស់ម្កុដហើយ ដោយព្រឹត្តិការណ៍ដ៏ធំនេះបានប្រព្រឹត្តិទៅកាលពីរាត្រីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមវត្តមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលកញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញាតំណាងខេត្តកំពង់ឆ្នាំង បានឈ្នះជាម្ចាស់ជ័យលេភី។
កញ្ញា ប៊ី សុធារី Miss Grand តំណាងឱ្យខេត្តកំពង់ឆ្នាំង បានក្លាយជាម្ចាស់ជ័យលាភី គ្រងម្កុដជាបវរកញ្ញាឯក Miss Grand Cambodia ២០២៤។ នៅប៉ុន្មានម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់ ប៊ី សុធារី បាននិយាយថា ៖«៥ ខែមុន ខ្ញុំបានក្លាយជាម្ចាស់ជ័យលាភី Miss Grand កំពង់ឆ្នាំង ២០២៤ ហើយបានបន្តដំណើររបស់ខ្ញុំដើម្បីឈានទៅគ្រងម្កុដ Miss Grand Cambodia ២០២៤។ ហើយពេលនេះ វគ្គផ្តាច់ព្រ័ត្របានឈានចូលមកដល់។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅរាត្រីនេះទេ ប៉ុន្តែខ្ញុំច្បាស់ប្រាកដថា នឹងខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាម្ចាស់ម្កុដ បវរកញ្ញាឯកកម្ពុជា»។
ដូចអ្វីដែលរំពឹងទុក សមត្ថភាព និង សម្រស់ស្រស់សោភារបស់ ប៊ី សុធារី បានធ្វើឱ្យកញ្ញា ក្លាយខ្លួនជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបវរកញ្ញាឯកដ៏ធំ Miss Grand Cambodia ២០២៤។ បន្ទាប់ពីបានគ្រងជាម្ចាស់ម្កុដថ្មីនេះហើយ ប៊ី សុធារី នឹងតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Miss Grand International លំដាប់ពិភពលោក នាពេលខាងមុខនេះ៕