ឥណ្ឌាផ្តល់ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្តដល់កម្ពុជាគាំទ្រទំនើបកម្មវិស័យការពារជាតិកម្ពុជា

ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត ជាជំនួយរបស់កងទ័ពជើងគោកឥណ្ឌា បានផ្តល់ជូនដល់កងទ័ពជើងគោកកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា។ ការផ្តល់ជូននេះ ក្នុងពេលពិធីប្រគល់-ទទួល ក្រោមការចូលរួមដោយលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ម៉ៅ សុផាន់ បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងរយៈពេល៧៣ឆ្នាំមកនេះ ហើយកិច្ចសហប្រតិបត្តិការយោធារបស់យើង ត្រូវបានពង្រឹង និងពង្រីកកជាលំដាប់ រហូតដល់មានការចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ ដែលបាន បង្កើតកាលានុវត្តភាពថ្មីជាច្រើន ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ឥណ្ឌា។
លោក Vanlalvawna Bawitlung បាននិយាយថា ការផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត នេះគឺតបតាមសំណើ របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ឥណ្ឌា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ។
គូសបញ្ជាក់ថា ក្រោយមានការរចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ កាលពីឆ្នាំ២០២៣ កងទ័ពជើងគោកកម្ពុជា បានបញ្ជូនយោធិនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានានៅក្នុងប្រទេសឥណ្ឌា និងបានធ្វើសមយុទ្ធយោធាទ្វេភាគីលើកទី១ ឈ្មោះថា CINBAX ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការ កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការរួមគ្នា ក្រោមឆត្រអង្គការសហប្រជាជាតិ៕



Daily Program
