មហន្តរាយអាកាសធាតុឆ្នាំ២០២៥ ៖ សិស្ស ១ ក្នុងចំណោម ១០នាក់នៅទូទាំង ពិភពលោករងការរំខានដល់ការសិក្សា
វិបត្តិអាកាសធាតុមិនត្រឹមតែកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែវាកំពុង លួចយកអនាគត និងចំណេះដឹងពីកុមារជុំវិញពិភពលោកយ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍ថ្មីរបស់អង្គការយូនីសេហ្វ (UNICEF) បានបង្ហាញថា ខ្យល់ព្យុះដ៏កំណាច សាហាវ ទឹកជំនន់លិចលង់ និងរលកកម្តៅបំបែកកំណត់ត្រា បានបង្កវិនាសកម្មដល់ ការសិក្សារបស់កុមារជាង ១៧១លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ដែលស្មើនឹងសិស្ស ១ នាក់ក្នុងចំណោម ១០ នាក់។
ការរំខានដល់ការរៀនសូត្រនេះកើតមានឡើងតាមរយៈច្រើនទម្រង់ រាប់ចាប់ពីការបិទ សាលា រៀន ការផ្អាកការសិក្សា ការកាត់បន្ថយថ្ងៃរៀន រហូតដល់ការរៀចចំឲ្យមានការរៀនពីចម្ងាយ ដែលកុមារជាច្រើនគ្មានលទ្ធភាព។ ក្នុងករណីខ្លះគ្រឹះស្ថានសិក្សាត្រូវខូចខាតខ្ទេចខ្ទីដោយផ្ទាល់ ខណៈការជម្លៀសប្រជាជន និងអត្រាអវត្តមានខ្ពស់ កំពុងរុញច្រានកុមារឱ្យប្រឈមនឹងហានិភ័យនៃការបោះបង់ការសិក្សាជារៀងរហូត។
អគ្គនាយិកាអង្គការយូនីសេហ្វ អ្នកស្រី កាទើរីន រូសែល បានថ្លែងយ៉ាងបារម្ភថា អាកាសធាតុអាក្រក់មិនត្រឹមតែធ្វើឱ្យផ្អាកការរៀនសូត្របណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញសាលារៀន បំផ្លិចបំផ្លាញជីវិតគ្រួសារ និងបង្ខំឱ្យកុមារងាយរងគ្រោះ ជាពិសេសក្មេងស្រី ឲ្យបោះបង់ចោលសាលារៀនចោលតែម្តង។
តួលេខនៃផលប៉ះពាល់តាមប្រភេទគ្រោះមហន្តរាយបង្ហាញថា ខ្យល់ព្យុះគឺជាបាតុភូតបំផ្លិចបំផ្លាញធំជាងគេបំផុតក្នុងឆ្នាំ២០២៥ ដោយវាបានប៉ះពាល់ដល់សិស្សប្រមាណ ១០៩ លាននាក់។ ចំណែកឯទឹកជំនន់បានលុកលុយកុមារយ៉ាងហោចណាស់ ៧០ លាននាក់ និងរលកកម្តៅបានបំផ្លាញបរិយាកាសរៀនសូត្ររបស់សិស្សប្រមាណ ៥០ លាននាក់។
ទិន្នន័យដ៏គួរឱ្យព្រួយបារម្ភ គឺជិត ៣/៤ នៃសិស្សដែលរងផលប៉ះពាល់ទាំងអស់ រស់នៅក្នុងប្រទេសដែលមានចំណូលខ្សោយ ឬចំណូលមធ្យមទាប ដែលជាកន្លែងប្រព័ន្ធអប់រំខ្វះខាតមធ្យោបាយទប់ទល់នឹងវិបត្តិអាកាសធាតុបំផុត។
ក្នុងចំណោមនោះ សិស្សស្រីគឺជាក្រុមងាយរងគ្រោះខ្លាំងជាងគេ។ នៅពេលសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសុខភាពខូចខាត រួមផ្សំការផ្លាស់ទីលំនៅរបស់គ្រួសារ ក្មេងស្រីតែងតែត្រូវគេទាមទារឱ្យលះបង់ការសិក្សាដើម្បីមកធ្វើការងារផ្ទះ ថែទាំសាច់ញាតិ ឬដើររកទឹកជាដើម។ ភាពក្រីក្រ និងវិបត្តិនេះ ក៏ជាកាតាលីករជំរុញឱ្យយុវនារីរៀបការទាំងវ័យក្មេង ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសវិលត្រឡប់មករកសាលារៀនវិញទាំងស្រុង។
ក្រៅពីការខកខានការសិក្សាបច្ចុប្បន្ន វិបប្លាសអាកាសធាតុបានបន្សល់ទុកនូវស្នាមរបួសអវិជ្ជមានជាអចិន្ត្រៃយ៍លើអនាគត និងក្តីសង្ឃឹមរបស់កុមារ។ ប្រឈមមុខនឹងស្ថានភាពនេះ អង្គការយូនីសេហ្វបានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលគ្រប់ប្រទេស ឱ្យពង្រឹងភាពធន់នៃប្រព័ន្ធអប់រំ ដោយត្រូវវិនិយោគលើការសាងសង់សាលារៀនដែលអាចទប់ទល់នឹងបាតុភូតអាកាសធាតុហួសហេតុ និងរៀបចំសម្ភារៈសិក្សាជំនួសដែលអាចបន្តការរៀនសូត្របានទោះស្ថិតក្នុងកាលៈទេសៈមានវិបត្តិក៏ដោយ។
ទីភ្នាក់ងារយូនីសេហ្វ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនហិរញ្ញប្បទានលើវិស័យអប់រំ និងការបង្កើតមធ្យោបាយឱ្យកុមារនិងយុវជនទទួលបានចំណេះដឹងចាំបាច់ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
អ្នកស្រី កាទើរីន រូសែល បានបញ្ជាក់ជាថ្មីថា អាកាសធាតុអវិជ្ជមានកំពុងបំផ្លាញជីវិត និងអនាគតកុមារយ៉ាងពិតប្រាកដ ដែលតម្រូវឱ្យយើងត្រូវតែវិនិយោគលើសាលារៀន និងប្រព័ន្ធអប់រំប្រកបដោយភាពវៃឆ្លាត ដើម្បីទប់ទល់ទៅនឹងរាល់ការវាយលុកពីធម្មជាតិប្រែប្រួល។
