មជ្ឈមណ្ឌល ACCB កំពុងថែទាំសត្វក្រៀលពីរក្បាល

នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB យើងមានមោទនភាពក្នុងការយកចិត្តទុកដាក់ថែទាំសត្វក្រៀលពីរក្បាលដែលមានតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកតំណាងឱ្យក្រៀលផ្សេងៗទៀតដែលកំពុងរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកគេ។ វត្តមានសត្វក្រៀលទាំងពីររបស់យើងបានជួយអ្នកទស្សនារាប់ពាន់នាក់ជារៀងរាល់ឆ្នាំឱ្យយល់ដឹងពីបញ្ហាប្រឈមដែលសត្វក្រៀលទាំងនេះជួបប្រទះ។ នេះបើតាមការឱ្យដឹងពី ACCB ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងអំឡុងពេលទស្សនា លោកអ្នកនឹងមានឱកាសសង្កេតមើលសត្វបក្សីទាំងនេះនៅកៀកបានច្បាស់ល្អ ហើយពួកគេក៏ស្ថិតនៅក្នុងចំនួនក្រៀលសេសសល់បន្ទាប់ពីចំនួនប្រជាសាស្ត្ររបស់សត្វក្រៀលធ្លាក់ចុះពីចំនួន៨៦៩ក្បាលក្នុងឆ្នាំ២០១១ មកត្រឹមតែ ១៥៦ ក្បាលក្នុងឆ្នាំ២០២២។ ក្រុមការងាររបស់មជ្ឈមណ្ឌល ACCB ក៏បានចូលរួមក្នុងការធ្វើជំរឿនជាតិប្រចាំឆ្នាំ  ដែលជួយប្រមូលទិន្នន័យប្រជាសាស្ត្រក្រៀលផងដែរ។

នៅក្នុងមជ្ឈមណ្ឌលយើងមានលក់អង្ករក្រៀលដែលជាពូជស្រូវផ្កាម្លិះក្រហមដូចដែលសត្វក្រៀលចូលចិត្ត ហើយគាំទ្រដល់ប្រជាកសិករកក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងជម្រកធម្មជាតិរបស់សត្វក្រៀល។ តាមរយៈការអប់រំ ការស្រាវជ្រាវ និងការចូលរួមពីសហគមន៍ សត្វក្រៀលរបស់យើងបន្តជំរុញសកម្មភាពអភិរក្សសម្រាប់ប្រភេទសត្វដែលជិតផុតពូជបំផុតមួយនៅអាស៊ីអាគ្នេយ៍។

សត្វក្រៀល (Antigone antigone sharpii) អាចមានកម្ពស់១,៨ ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាសត្វស្លាបខ្ពស់ជាងគេបំផុតលើពិភពលោកដែលហោះហើរបាន។ សត្វក្រៀលក៏ត្រូវបានគេស្គាល់ផងដែរថាជាសត្វដែលស្រឡាញ់គ្នាស្មោះមួយនឹងមួយ។ បក្សីដ៏ស្រស់ស្អាតនេះត្រូវបានគេសម្គាល់តាមរយៈរោមពណ៌ប្រផេះគ្របដណ្តប់ពេញមួយតួខ្លួន និងស្លាប ចំណែកឯក្បាលនិងជើងវែងៗទាំងពីរមានពណ៌ក្រហមដ៏ទាក់ទាញ។ ពួកវាតែងបន្លឺសំឡេងស្រែកស្រួយស្រេសដូចត្រែដែលអាចឮបាននៅតាមត្រពាំងនិងវាលស្រែចំការ។ នៅប្រទេសកម្ពុជាយើងមានសត្វក្រៀលត្រឹមតែ២១១ក្បាលប៉ុណ្ណោះ តាមការកត់ត្រាក្នុងជំរឿនថ្មីបំផុតឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail