ពង្រូលជាថនិកសត្វ រស់នៅក្នុងរន្ធឈើ ឬរន្ធដី
សត្វពង្រូល ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ វាមានស្រការពណ៌ស្រអាប់គ្របដណ្តប់ដងខ្លួនទាំងមូល លើកលែងតែពោះ និងផ្នែកក្រោមក្បាល។ ពង្រូលច្រើនរស់នៅក្នុងព្រៃមានដើមឈើខ្ពស់ៗ ដោយរស់នៅក្នុងរន្ធឈើ ឬរន្ធដី។
សត្វពង្រូល វាស៊ីស្រមោច សង្អារ អង្ក្រង ឬកណ្តៀរជាដើមជាអាហារ។ សត្វពង្រូលជាវិស្វករពង្រឹងគុណភាពដី តាមរយៈការធ្វើឱ្យដីធូរ និងបង្កើនសារធាតុចិញ្ចឹមក្នុងដីដែលធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការស៊ីសត្វល្អិតតូចៗជាអាហារ ពង្រូលដើរតួជាភ្នាក់ងារកម្ចាត់សត្វល្អិតដ៏ចំណានរបស់ប្រព័ន្ធអេកូឡូស៊ី។ បច្ចុប្បន្ន ពង្រូលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះជិតផុតពូជបំផុត និងជាសត្វដែលមានការជួញដូរច្រើនជាងគេលើពិភពលោក។
តាមរយៈការចុះផ្សាយក្នុងទិវាសត្វពង្រូលពិភពលោក គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល (CC REDD+)បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមការពារថែរក្សាប្រភេទសត្វកម្រដ៏មានតម្លៃនេះតាមរយៈការបញ្ឈប់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ចូលរួមការពារនិងស្តារឡើងវិញនូវព្រៃឈើដែលជាជម្រកសត្វព្រៃ និងចូលរួមផ្សព្វផ្សាយពីសារៈប្រយោជន៍សត្វព្រៃ និងជីវៈចម្រុះដល់កូនចៅជំនាន់ក្រោយ៕