ផែនដីឆ្លងហួសពីកម្រិតទ្រាំទ្ររួច ៖ អាកាសធាតុពិភពលោកស្ថិតនៅក្នុងស្ថានភាពអាសន្ន
អង្គការឧតុនិយមពិភពលោក បានព្រមានអំពីកម្រិតឯកតកម្មនៃកម្តៅកើនឡើងលើភពផែនដី សីតុណ្ហភាពនៃសមុទ្រដែលឡើងខ្ពស់បំផុត និងផ្ទាំងទឹកកកធំៗ រួមតូច។ បរិមាណកម្តៅនៃភពផែនដីបានឈានដល់កម្រិតឯកតកម្មសម្រាប់ឆ្នាំ២០២៥ ដែលធ្វើឲ្យមានផលវិបាកជានិរន្តន៍សម្រាប់មនុស្សជាតិ។
សូចនករដែលគួរឲ្យកង្វល់ទាំងនេះមិនមែនជាការពិតដែលនៅដាច់ដោយឡែកៗ នោះទេ។ ប៉ុន្តែពួកវាជាផ្នែកនៃថាមភាពសកលដែលភាពស្មុគស្មាញរបស់ពួកវា បង្កឲ្យមានក្តីព្រួយបារម្ភកាន់តែច្រើនឡើងៗសម្រាប់សហគមន៍អន្តរជាតិ។
នៅអំឡុងការផ្សព្វផ្សាយនៃរបាយការណ៍ប្រចាំឆ្នាំនៃអង្កការសុខភាពពិភពលោកអំពីសភាពអាកាសធាតុ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខានៃអង្គការសហប្រជាជាតិ បានប្រកាសអាសន្នថា ៖ “អាកាសធាតុពិភពលោកស្ថិតនៅក្នុងស្ថានភាពអាសន្ន។ ផែនដីត្រូវបានរុញច្រានឲ្យឆ្លងហួសពីព្រំដែននៃការទ្រាំទ្ររបស់ខ្លួន។ រាល់សូចនករនៃអាកាសធាតុគន្លឹះៗបង្ហាញនូវសញ្ញាពណ៌ក្រហម។
លោកស្រី កូ បារ៉េត អនុអគ្គលេខាប្រតិបត្តិនៃអង្គការឧតុនិយមពិភពលោក OMM បានថ្លែងថា ៖ “នៅរវាងឆ្នាំ២០១៥ និង ២០២៥ យើងបានជួបនូវ ១១ឆ្នាំ ដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា”។ លោកស្រីបានបញ្ជាក់ថា គ្រាន់តែនៅឆ្នាំ២០២៥ សីតុណ្ហភាពមធ្យមនៃភពផែនដីបានឡើង ១,៤៣°C បើប្រៀបធៀបចន្លោះឆ្នាំ១៨៥០ និង ១៩០០ ហើយសីតុណ្ហភាពនៃមហាសមុទ្រក៏ឡើងលើសពីកម្រិតឯកតកម្មដែរ។
ការឡើងកម្តៅនៃសមុទ្រ និងការរលាយទឹកកកបង្កបានជាការកើនឡើងរយៈពេលវែងនៃកម្រិតកម្ពស់ទឹកនៃសមុទ្រនានានៅលើពិភពលោក ដែលបានកើនឡើងល្បឿនយ៉ាងខ្លាំងចាប់តាំងពីមានការវាស់វែងតាមផ្កាយរណបនៅឆ្នាំ១៩៩៣។ កម្រិតកម្ពស់ទឹកកើនឡើងខ្ពស់នៅឆ្នាំ២០២៥ ប្រមាណ ១១ សម បើប្រៀបធៀបនឹងមុនពេលមិនទាន់មានការវាស់វែង។
ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិបង្ហាញដែរថា នៅក្នុងពេលជាមួយគ្នា ស្រទាប់ទឹកកកនៃទ្វីបអង់តាកទិក និងហ្គ្រ៊ូអេនឡេន ទាំងនេះ បានបាត់បង់បរិមាណដ៏ធំធេង និងវិសាលភាពមធ្យមប្រចាំឆ្នាំនៃទឹកកកលើសមុទ្រអាកទិចនៅឆ្នាំ២០២៥ មានវិសាលភាពចុះខ្សោយបំផុតដែលមិនដែលធ្លាប់បានកត់ត្រាចាប់តាំងពីពេលមានការវាស់វែងតាមផ្កាយរណប។
យោងតាមលោកស្រី បារ៉េត បានឲ្យដឹងដែរថា សេចក្តីសន្និដ្ឋាននៃរបាយការណ៍ ជំរុញឲ្យបង្កើនទ្វេនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវការបង្ការ និងការប្រកាសអាសន្នបឋម ដែលនឹងអាចសង្រ្គោះជីវិតបានច្រើន តាមរយៈក្រុមសង្រ្គោះ និងបង្កើតមធ្យោបាយទ្រទ្រង់ជីវិតផងដែរ ដើម្បីឲ្យពួកគេអាចសម្រាលនូវឥទ្ធិពលដ៏បំផ្លិចបំផ្លាញពីវិបប្លាសខាងអាកាសធាតុសព្វថ្ងៃ សម្រាប់ជនងាយរងគ្រោះ។
អង្គការឧតុនិយមពិភពលោក បានផ្សព្វផ្សាយនូវតុល្យការអាកាសធាតុប្រចាំឆ្នាំចាប់តាំងពី ៣០ឆ្នាំ មកហើយ ហើយតួលេខឯកតកម្មនៅទសវត្សមុន គឺកាន់តែគួរឲ្យព្រួយបារម្ភឡើងៗ។
និន្នាការដែលគួរឲ្យព្រួយបារម្ភទាំងនេះ ត្រូវបានបញ្ជាក់មានជាអាទិ៍តាមរយៈការវិភាគយ៉ាងលំអិតទៅលើឧស្ម័នផ្ទះកញ្ចក់សំខាន់ៗ ដែលកម្រិតរបស់ពួកវាកាន់តែប្រមូលផ្តុំកើនឡើងជាលំដាប់ ក្នុងនោះ ឧស្ម័នកាបូនិច មេតាន និងឧកស៊ីតនីត្រូ បានឈានដល់កម្រិតឯកតកម្មនៅឆ្នាំ២០២៤ ។
លោកចន ខេននឺឌី មន្រ្តីវិទ្យាសាស្រ្តនៃអង្គការឧតុនិយមពិភពលោក បានបង្ហាញឲ្យដឹងថា ៖ “ទិន្នន័យដែលបានមកពីមជ្ឈមណ្ឌលនានានៅជុំវិញពិភពលោក បង្ហាញថា កម្រិតនៃឧស្ម័នផ្ទះកញ្ចក់ទាំងនេះ បន្តកើនឡើងនៅឆ្នាំ២០២៥ និងកំពុងធ្វើឲ្យប្រែប្រួលដល់តុល្យការថាមពលនៃភពផែនដីផងដែរ។”