ត្រីមេពូជ ​កូន​​ត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥​លាន​​ក្បាល ត្រូវព្រលែងក្នុង​ទិវាមច្ឆជាតិ

២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ បាន​ប្រារព្វធ្វើឡើង​នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកស្រី​បណ្ឌិត

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែង​នាពិធីនោះថា សម្ដេចមហាបវរធិបតី នឹងព្រលែង​ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ ចូលទៅក្នុងបឹងធំនេះ

ចាប់តាំង ពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងប្រារព្ធ ទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន​ធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអា​ហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជា​ពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅ​ក្នុងដែនទឹកធម្មជាតិ។

បឹងធំនេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេស សហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹងក្បាលក្រពើ និងសហគមន៍រកាគយ) ដែលមានប្រជានេសាទចំនួន ១ ៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។

បឹងនេះមានទំហំ ១ ៥០៧ហិកតា នៅរដូវប្រាំង និង ១ ៩២៤ហិកតា នៅរដូវវស្សា និងទទួលរបបទឹកពីទន្លេមេគង្គ តាមព្រែកភូមិថ្មី និងព្រែកពាមជីកង។ 

លោក ឌិត ទីណា បានបញ្ជាក់ថា ៖ «ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង»។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីកសិកម្ម ក៏បានលើកឡើងផងដែរថា អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ គឺពី ១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម ៥ក្បាល នៅឆ្នាំ២០២៣ ខណៈដែលអត្រាកើតបានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល នៅឆ្នាំ២០២៣។

លោកថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ៨ក្បាល និងស្លាប់តែ ២ក្បាលប៉ុណ្ណោះ ដែលនេះគឺដំណឹងដ៏គួររំភើបរីករាយ។ បច្ចុប្បន្ន កម្ពុជា មានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល៕

Daily Program

Livesteam thumbnail