តំបន់អាកទិក កម្តៅពិភពលោកឆាបឆេះក្រោមកម្រិតឯកតកម្មមិនធ្លាប់មាន

តំបន់អាកទិក​ ដែលជាយូរមកហើយត្រូវបានគេមើលឃើញថា បានឡើងកម្តៅដោយ ស្ងៀមស្ងាត់នៅលើភពផែនដី ពេលនេះ​បានបញ្ជូនសញ្ញាអាសន្ន ដែលលំបាកនឹង​ប្រកែក បាន។ ទីកន្លែងដែលត្រជាក់ប្រែជាក្តៅ សើម និងបាត់បង់ស្ថិរភាព។

យោងតាមព្រឹត្តិបត្រលេខ២០​ អាកទិក ២០២៥ (Arctique 2025) ដែលចងក្រងឡើងដោយអ្នក​វិទ្យាសាស្រ្តចំនួន១១២រូប មកពីប្រទេសចំនួន ១៣ បានឲ្យដឹងថា សព្វថ្ងៃតំបន់អាកទិកទទួល​រង​​វិបប្លាស​ក្នុងទំហំមិនធ្លាប់មានពីមុនពីបរិយាកាសរហូតចុះដល់ទីជម្រៅនៃសមុទ្រ។

កម្តៅឯកតកម្ម ភ្លៀងដែលមិនធ្លាប់មាន ទឹកកកសមុទ្រថយចុះកម្រិតទាប ផ្ទាំងព្រិលភ្នំ​រលាយ ទឹកស្ទឹងឡើងពណ៌ច្រេះ ហើយវាលស្មៅក៏ប្រែជាឡើងពណ៌បៃតងក្នុង​ល្បឿនដ៏​លឿន។ តំបន់​អាកទិក​បានប្រែប្រួលធ្វើឲ្យ​ឃើញនឹងភ្នែក។

ហើយអ្វីដែលកើតនៅតំបន់អាកទិក ដែលរបាយការណ៍បានរំឭក គឺមិនកើតតែនៅក្នុងតំបន់​អាកទិកទេ។ ប៉ុន្តែតំបន់នេះកើនកម្តៅ២ដងលឿនជាងតំបន់ដទៃៗទៀតនៃពិភពលោក។

ហើយ ១០ឆ្នាំ ចុងក្រោយនេះ គឺជាឆ្នាំដែលក្តៅបំផុត​ដែលមិនធ្លាប់បានកត់ត្រា។ ពីខែតុលា ឆ្នាំ​២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ អាកទិកបានជួបនូវសីតុណ្ហភាពផ្ទៃលើកើនខ្ពស់បំផុត​ចាប់​តាំងពីឆ្នាំ១៩០០។

ចំណែកភ្លៀងក៏បានបំបែកកំណត់ឯកតកម្មប្រចាំឆ្នាំដែរ។ រដូ​វ​ភ្លៀង​ទាំងប្រាំចុងក្រោយមាន​ភ្លៀង​ច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៥០។ ​និន្នាការដូចគ្នាដែរមាន​ចំពោះ​ព្រិល។ បន្ទាប់ពីរដូវរងា​ដែលមានព្រិលច្រើនរហូត​ដល់​ខែ​ឧសភា តំបន់អាកទិក​បានបាត់បង់​ផ្នែក​ដ៏ធំនៃព្រិលក្នុងរយៈ​ពេល​តែ​ប៉ុន្មានសប្តាហ៍ និងធ្លាក់ចុះ​យ៉ាង​ខ្លាំងជាងទម្លាប់​នៃរដូវធម្មតានៅ​ខែ​មិថុនា។ យោង​តាម​​ព្រឹត្តិបត្តិ​អាកទិក នៅខែមិនា ឆ្នាំ២០២៥ ផ្ទាំងទឹកកកនៅតំបន់អាកទិក​បានរីក​ខ្សោយ​បំផុត​នៅ​រដូវរងាចាប់តាំងពី ៤៧ឆ្នាំ បើតាមការសង្កេតពីផ្កាយរណប។ កាន់តែជា​ការ​វាយប្រហារ​ទៀត​​នោះ ទឹកកកដែលចាស់បំផុត ដែលមានអាយុជាង ៤០០ឆ្នាំ បាន​ធ្លាក់ចុះ ៩៥% ចាប់​តាំង​ពី​ទសវត្សឆ្នាំ១៩៨០។ ពីពេលនេះតទៅ ទឹកកកនៅមានតែ​លើ​ភាគ​ខាង​ជើង​តំបន់កោះ​ហ្គ្រូអេនឡេន និងជ្រោយកាណាដាប៉ុណ្ណោះ។

ការរីកនៃមហាសមុទ្រអាត្លង់ទិក ការមកដល់នៃទឹកដែលកាន់តែក្តៅ និងកាន់តែប្រៃ​ដែលមាន​ប្រភពពីមហាសមុទ្រអាត្លង់ទិកខាងជើង បានរលាយចូលរហូតដល់ចំកណ្តាលនៃ​សមុទ្រ​អាកទិក។ នៅក្នុងរបាយការណ៍ក៏បានពន្យល់ថា ដំណើរការនេះធ្វើចុះខ្សោយក្នុងការបែងចែក​ស្រទាប់​នៅក្នុងសមុទ្រ ដែលធ្លាប់ធ្វើប្រតិកម្មជារនាំង​ការពារមិនឲ្យកម្តៅឡើងទៅដល់ផ្ទាំង​ទឹកកកខាងលើក។ ដូច្នេះ វាក៏មានការកើនល្បឿននៃការរលាយ​ផ្ទាំងកកក និងគំរាមកំហែង​ដល់​ចរន្ត​ទឹក​សមុទ្រដែលជះឥទ្ធិពលលើអាកាសធាតុពិភពលោក។

នៅចន្លោះឆ្នាំ២០២៣ និង២០២៤ ទឹកកកនៅតំបន់អាកទិកស្កង់ឌីណាវ និងស្វាលបាក បាន​ទទួលរងនូវការបាត់បង់ដ៏សម្បើមដែលមិនធ្លាប់ត្រូវបានវាស់វែង។ នៅតំបន់ហ្គ្រូអេនឡេន ទឹកកក ១២៩ពាន់លានតោន បានរលាយនៅឆ្នាំ២០២៥។ នៅតំបន់អាឡាស្កា ទឹកកក​បាន​រលាយ​ជាមធ្យម កម្ពស់៣៨ម៉ែត្រ ចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ ដែលធ្វើ​ឲ្យទេសភាព​នៃ​​តំបន់នេះមានការប្រែប្រួលជាខ្លាំង។

ការលាយនេះធ្វើឲ្យមានការកើនកម្ពស់កម្រិតទឹកសមុទ្រ ធ្វើឲ្យអាងបម្រុងទឹកសាបធ្លាក់ថយ និង​បង្កើនហានិភ័យឲ្យមានទឹកជំនន់ ការរអិលបាក់ដី និងស៊ូណាមីតាមបណ្តោយឆ្នេរ​អាកទិក។ នៅដីសណ្តច្រើនជាង ២០០ នៃតំបន់អាឡាស្កា ទឹកស្ទឹងបានប្រែទៅ​ជាពណ៌ទឹក​ក្រូច។ ការ​រលាយ​នៃដីកកបានបញ្ចេញនូវជាតិដែក និងលោហៈដទៃៗទៀត ដែលបង្កើតជា​ទឹក​ស្ទឹង​ឡើង​ច្រេះ ហើយអាស៊ីតកើនឡើង ទឹកសាបខូចគុណភាព ហើយស្ថានជីវចម្រុះថយ​បរិមាណ។

 

Daily Program

Livesteam thumbnail