ឃាតករស្ងៀមស្ងាត់ ការវិវត្តយឺតៗ នៃគ្រោះរាំងស្ងួត
យោងតាមមន្រ្តីជាន់ខ្ពស់បំផុតនៃអង្គការសហប្រជាជាតិដែលធ្វើការលើបញ្ហានៃការវិវត្តជាវាលលំហ គ្រោះរាំងស្ងួត និងការស្តារដីឡើងវិញ បានឲ្យដឹងថា គ្រោះរាំងស្ងួតនៅជុំវិញ ពិភពលោករីកវិសាលភាព ក្លាយជាឃាតករស្ងៀមស្ងាត់ជាមួយនឹងការវិវត្តយឺតៗ ហើយក៏គ្មានប្រទេស ណាអាចជៀសផុតបានដែរ។
លោកអ៊ីប្រាហ៊ីម ធីយ៉ អគ្គលេខាប្រតិបត្តិនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិអំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវាលលំហ (CNULCD) បានថ្លែងថា សន្និសីទពិភពលោកដែលបានរៀបចំធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានឈានទៅដល់ការអនុម័តនូវរបៀបរបបពិភពលោកក្នុងការប្រឆាំងនឹងគ្រោះរាំងស្ងួត និងអនុគ្រោះឲ្យមានដំណើរការឆ្លើយតបដោយសកម្មឡើងវិញជាមួយនឹងការរៀបចំដែលកាន់តែសកម្មដែរ។
គ្រោះរាំងស្ងួតគឺជាបាតុភូតធម្មជាតិ ប៉ុន្តែពួកវាបានរីកធំឡើងនៅអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះដោយសារការប្រែប្រួលអាកាសធាតុ និងការធ្វើកសិកម្មដែលមិនមានចីរភាព។
ការកើតឡើងញឹកញាប់ និងវិសាលភាពរបស់ពួកវា បានកើនឡើងជិត ៣០% ចាប់តាំងពីឆ្នាំ២០០០ ដែលគំរាមកំហែងដល់កសិកម្ម សន្តិសុខទឹក និងមធ្យោបាយទ្រង់ទ្រង់ជីវិតរបស់ប្រជាជន ១,៨ពាន់លាននាក់។ ប្រជាជាតិដែលក្រីក្របំផុតគឺរងផលប៉ះពាល់បំផុត។
គ្រោះរាំងស្ងួតក៏អាចបង្កឲ្យមានសង្រ្គាមដណ្តើមធនធាន ដែលធ្លាក់ថយចុះខ្លាំង មានដូចជា ទឹក។ វាធ្វើឲ្យមានផ្លាស់ប្តូរទីលំនៅទ្រង់ទ្រាយធំរបស់ប្រជាជនទៅកាន់តំបន់ដែលមានដីដែលអាចផលិតផលដាំដុះបានជាង។
ប្រទេសជាង ៣០ បានប្រកាសអំពីស្ថានភាពបន្ទាន់ដែលទាក់ទងទៅនឹងគ្រោះរាំងស្ងួតនៅអំឡុង ៣ ទសវត្សចុងក្រោយនេះ ក្នុងនោះមានប្រទេសឥណ្ឌា និងចិន រហូតដល់ប្រទេសមានចំណូលខ្ពស់ ដូចជាសហរដ្ឋអាម៉េរិក កាណាដា អេស្ប៉ាញ រហូតទៅដល់អ៊ុយរ៉ាហ្គាល អាហ្វ្រិកខាងត្បូង ក៏ដូចជាឥណ្ឌូនេស៊ី។
គ្រោះរាំងស្ងួតបានរាំងស្ទះដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅតាមទន្លេរ៉ាំងនៅអឺរ៉ុប ធ្វើឲ្យវិបប្លាសដល់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈព្រែកជីកប៉ាណាម៉ា នៅអាម៉េរិកកណ្តាល និងបង្កជាការដាច់ចរន្តអគ្គីសនីនៅប្រេស៊ីល ដែលជាប្រទេសដែលមានច្រើនជាង ៦០% នៃអគ្គីសនីរបស់ខ្លួន ដែលពឹងអាស្រ័យលើទឹកក្នុងការផលិតអគ្គីសនីពីវារីអគ្គីសនី។
លោកអ៊ីប្រាហ៊ីម ធីយ៉ មកពី CNULCD បានថ្លែងថា ពីពេលនេះទៅ គ្រោះរាំងស្ងួតរីករាលដាលទៅកាន់ដែនដីថ្មី។ លោកបន្ថែមថា ពីពេលនេះទៅដល់ ឆ្នាំ២០៥០ មនុស្ស ៣នាក់ ក្នុងចំណោម ៤នាក់ នៅលើពិភពលោក ឬរហូតដល់ ៧ពាន់លាននាក់កន្លះ នឹងមានអារម្មណ៍អំពីឥទ្ធិពលនៃគ្រោះរាំងស្ងួត។
គ្រោះរាំងស្ងួតកម្រកំណត់មានព្រំដែន ឬនៅក្នុងកន្លែងតែមួយ ឬនៅពេលណាមួយច្បាស់លាស់ណាស់។ វាក៏មិនគ្រាន់តែដោយសារតែគ្មានភ្លៀងដែរ។ ពួកវាជារឿយៗ ជាលទ្ធផលនៃសំណុំស្មុគស្មាញនៃព្រឹត្តិការណ៍ដែលបង្កឡើង ឬធ្វើឲ្យរីកធំដោយសារការប្រែប្រួលអាកាសធាតុ ជួនកាល បង្កឡើងដោយការគ្រប់គ្រងដីមិនបានល្អ។
នៅពេលគ្រោះរាំងស្ងួតវាយប្រហារ ពួកវាអាចបង្កជាឥទ្ធិពលដូមីណូឲ្យព្រឹត្តិការណ៍មហន្តរាយ ជាបន្តបន្ទាប់ ដោយការពង្រីករលកនៃកម្តៅ និងក៏ដូចជាទឹកជំនន់។ ពួកវាបង្កើនហានិភ័យសម្រាប់ជីវិត និងមធ្យោបាយទ្រង់ទ្រង់ជីវិតប្រជាជន ដែលធ្វើឲ្យមានការបាត់បង់ជីវិតមនុស្ស សង្គម និងសេដ្ឋកិច្ចរយៈពេលវែង។
នៅពេលសហគមន៍ សេដ្ឋកិច្ច និងប្រព័ន្ធបរិស្ថាន ទទួលរងឥទ្ធិពលបំផ្លាញពីគ្រោះរាំងស្ងួត វាមានភាពផុយស្រួលកើនឡើងប្រឈមនឹងគ្រោះរាំងស្ងួតនៅពេលបន្ទាប់ទៀត។ នេះបង្កបានជារង្វង់មរណៈ នាំទៅដល់ការធ្លាក់ថយគុណភាពដី និងការអភិវឌ្ឍមិនឈានទៅមុខ។