ការហក់ឡើងនៃថ្លៃថាមពល បានធ្វើឲ្យអង្គការសហប្រជាជាតិពង្រឹងការអំពាវនាវ សម្រាប់ថាមពលកកើតឡើងវិញ
សង្រ្គាមដែលអន្រួនតំបន់មជ្ឈិមបូព៌ាសាជាថ្មីបានធ្វើឲ្យញ័ររញ្ជួយដល់ទីផ្សារថាមពល និងបង្កើតបានជាកិច្ចពិភាក្សាលើការពឹងផ្អែករបស់ពិភពលោកទៅលើឥន្ធនៈផូស៊ីល ប្រេង។ កាល ពីសប្តាហ៍មុន ប្រមុខនៃអង្គការសហប្រជាជាតិសម្រាប់អាកាសធាតុបានព្រមានថា ការហក់ឡើងសាជាថ្មីនៃតម្លៃប្រេង និងឧស្ម័ន បានរំឭកម្តងទៀតអំពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចប្រឈមមុខនឹងការប៉ះទង្គិចខាងភូមិសាស្រ្តនយោបាយ។
និន្នាការនេះកើនឡើងកាន់តែខ្លាំងក្លាចាប់តាំងពីការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបង្កជាការវាយប្រហារគ្នាទៅវិញទៅមក និងការសងសឹកនៅក្នុងតំបន់។ តួយ៉ាង ទីក្រុងតេអេរ៉ង់ បានបង្កើនរាប់ដងនៃការគំរាមកំហែង និងការវាយប្រហារប្រឆាំងនឹងចរាចរណ៍ផ្លូវសមុទ្រនៅជុំវិញច្រកសមុទ្រអ័រមូស ដែលជាច្រកយុទ្ធសាស្រ្តរវាងអ៊ីរ៉ង់ និងជ្រោយអារ៉ាប៊ី ដែលតាមច្រកនេះ ការដឹកជញ្ជូនឆ្លងកាត់មានជិត ១ភាគ ៤ នៃប្រេងពិភពលោកដែលត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។
វិបប្លាសនៃការធ្វើនាវាចរណ៍ និងការភ័យខ្លាចអំពីការកើនឡើងនូវភាពតានតឹងខាងយោធា ក៏បានអន្រួនទីផ្សារហិរញ្ញវត្ថុ បង្កជាការកើនឡើងដ៏ខ្លាំងក្លានៃតម្លៃប្រេង និងបង្កើនការព្រួយបារម្ភឡើងវិញអំពីសន្តិសុខនៃការផ្គត់ផ្គង់ថាមពលពិភពលោក។
ដោយធ្វើសន្ទរកថានៅទីក្រុងប៊្រុចសែល នៅអំឡុងកិច្ចប្រជុំកំពូលការដុះដាលនៃថាមពលបៃតងឆ្នាំ ២០២៦ (Green Growth Summit 2026) ដែលរួមប្រជុំដោយរដ្ឋមន្រ្តីនៃសហភាពអឺរ៉ុប សហគ្រាស និងអ្នកវិនិយោគ អគ្គលេខាប្រតិបត្តិនៃកិច្ចព្រមព្រៀងក្របខណ្ឌអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ លោកស៊ីម៉ុង ស្យែល វាយតម្លៃថា ភាពចលាចលទាំងនេះ បានបង្ហាញឲ្យឃើញអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៃថាមពលកកើតឡើងវិញ។ លោកបានថ្លែងថា ៖ “ថាមពលកកើតឡើងវិញកំពុងផ្លាស់ប្តូរស្ថានភាព។ ព្រះអាទិត្យមិនពឹងផ្អែកលើច្រកសមុទ្រអ័រមូសដ៏ចង្អៀត និងងាយរងគ្រោះ។ ខ្យល់បក ក៏មិនចាំបាច់ត្រូវការនាវាអមការពារដ៏សម្បើមដែលជាការចំណាយលុយថ្លៃពន្ធរបស់ពលរដ្ឋ។”
សម្រាប់មន្រ្តីនៃអង្គការសហប្រជាជាតិ ការពឹងផ្អែកលើឥន្ធនៈផូស៊ីលប្រេង ធ្វើឲ្យរដ្ឋនានាងាយរងគ្រោះដោយផ្ទាល់។ លោកបានបញ្ជាក់ថា ៖ “ការពឹងផ្អែកលើឥន្ធនៈផូស៊ីលធ្វើឲ្យសឹករិចរិលដល់សន្តិសុខជាតិ និងអធិបតេយ្យភាព និងជំនួសមកវិញដោយការពឹងផ្អែក និងបង់តម្លៃថ្លៃដើមថ្លៃ។”
លោកស៊ីម៉ុង ស្យែល បានឲ្យដឹងថា ថាមពលកកើតឡើងវិញ និងការពង្រឹងភាពធន់ នឹងធ្វើឲ្យថ្លៃវិកយបត្រថយចុះ និងបង្កើតការងារបន្ថែមទៀត ទន្ទឹមគ្នាក៏កាត់បន្ថយការបំពុលដែលពាក់ព័ន្ធនឹងឥន្ធនៈផូស៊ីលផងដែរ។ លោកបានរំឭកផងដែរថា សារនេះត្រូវបានផ្ញើជូនជាពិសេសសម្រាប់ទ្វីបអឺរ៉ុប។ ទ្វីបនេះស្ថិតនៅតំបន់ដែលមានសេដ្ឋកិច្ចដ៏ធំមួយហើយដែលពឹងអាស្រ័យបំផុតលើការនាំចូលឥន្ធនៈផូស៊ីល ហើយដែលតម្លៃវិកយបត្របានឡើងលើស ៤២០ ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៤។
ប្រឈមមុខនឹងភាពតានតឹងនាពេលសព្វថ្ងៃ ប្រទេសខ្លះ ដែលមានសហរដ្ឋអាម៉េរិកនាំមុខ និយាយការពារដើម្បីពន្យាការផ្ទេរទៅកាន់ថាមពលស្អាត ដើម្បីធ្វើឲ្យមានសន្តិសុខនៃការផ្គត់ផ្គង់ឥន្ធនៈផូស៊ីលប្រេង។ នេះគឺជាយុទ្ធសាស្រ្តដែលមន្រ្តីអង្គការសហប្រជាជាតិវិនិច្ឆ័យថា វាគឺជាការភ័ន្តច្រឡំ។ នេះគឺជារឿងភ័ន្តច្រឡំទាំងស្រុង ដោយសារប្រវត្តិសាស្រ្តនិយាយប្រាប់យើងថា វិបត្តិឥន្ធនៈផូស៊ីលប្រេងនេះតែងតែបានកើតឡើងម្តងហើយម្តងទៀត។”
បើតាមរូបលោក ការពឹងផ្អែកលើឥន្ធនៈផូស៊ីលនឹងដាក់ទោសលើសេដ្ឋកិច្ច ហើយគ្រួសារនានា ត្រូវស្ថិតនៅក្រោមអំណាចនៃការប្រឈមជាមួយការប៉ះទង្គិចនៃភូមិសាស្ត្រនយោបាយ និងភាពអស្ថិរភាពនៃតម្លៃ នៅក្នុងពិភពលោកដ៏ចលាចល និងច្របូកច្របល់។