កម្រិតឯកតកម្មនៃឧស្ម័នផ្ទះកញ្ចក់ យោងតាមអង្គការឧតុនិយមអន្តរជាតិ មនុស្សជាតិបន្តដើរក្នុងទិសដៅមិនល្អ
យោងតាមរបាយការណ៍ថ្មីមួយនៃអង្គការឧតុនិយមអន្តរជាតិ បានឲ្យដឹងថា ឧស្ម័នផ្ទះកញ្ចក់ ដែលបានរាំងស្កាត់កម្តៅនៅក្នុងបរិយាកាស បានឈានដល់កម្រិតឯកតកម្មម្តងបន្ថែមទៀតកាលពីឆ្នាំមុន ហើយនិន្នាការនៃការកើនឡើងរបស់វាមិនបានធ្លាក់ចុះទេ។
នេះគឺជាលើកទី១ ការប្រមូលផ្តុំឧស្ម័នកាបូនិក ឬឧស្ម័នផ្ទះកញ្ចក់ជាមធ្យមនៅលើពិភពលោក បានលើស ៥០% នៃបរិមាណមុនយុគសម័យឧស្សាហកម្ម ហើយបន្តកើនឡើងនៅឆ្នាំ២០២៣ នេះ។
របាយការណ៍ បានចង្អុលបង្ហាញថា ពេលវេលាចុងក្រោយបង្អស់ ដែលផែនដីមានផ្ទុកឧស្ម័នកាបូនិក ដែលអាចអាចប្រៀបធៀគ្នាបាននឹងពេលសព្វថ្ងៃ គឺក្នុងរវាង ពី ៣លាន ទៅ ៥លាន ឆ្នាំមុន។ នៅពេលនោះ សីតុណ្ហភាពមានចំនួន ពី ២°C ទៅ ៣ °C លើសសីតុណ្ហភាពនាពេលសព្វថ្ងៃ ហើយកម្រិតទឹកសមុទ្រ មានកម្ពស់ខ្ពស់ជាង ពី ១០ ម ទៅ ២០ ម បើប្រៀបធៀបនឹងកម្ពស់ទឹកនាពេលសព្វថ្ងៃ។
លោកអគ្គលេខានៃអង្គការឧតុនិយមអន្តរជាតិ OMM លោកប៉េតឺរី តាអាឡាស បានរៀបរាប់ឲ្យដឹងថា ៖ ”ទោះបីជាមានការព្រមានអស់ប៉ុន្មានទសវត្ស ពីផ្នែកនៃសហគមន៍អ្នកវិទ្យាសាស្រ្ត ជាមួយនឹងការផ្សព្វផ្សាយឯកសាររាប់ពាន់ទំព័រនៃរបាយការណ៍ និងការរៀបចំសន្និសីទរាប់សិបស្តីអំពីអាកាសធាតុ មនុស្សនៅតែបន្តដើរនៅក្នុងទិសដៅមិនល្អ។”
យោងតាមរបាយការណ៍របស់អង្គការឧតុនិយមនេះ បានឲ្យដឹងដែរថា នៅខណៈដែលការបំភាយនៅតែបន្ត ឧស្ម័នកាបូនិចបន្តកើនឡើង នៅក្នុងបរិយាកាស និងបង្កបានជាការកើនឡើងនូវសីតុណ្ហភាពពិភពលោក។ បើពិចារណាចំពោះរយៈពេលនៃជីវិត របស់ឧស្ម័នកាបូនិច ការកើនកម្តៅដែលគេពិនិត្យឃើញរួចហើោយ នឹងនៅតែវិលវល់រាប់ទសវត្សទៅមុខ ទោះបីជាការបំភាយត្រូវគេលុបបំបាត់ដល់សូន្យបានយ៉ាងលឿនក្តី។
ប៉ុន្មានថ្ងៃមុននៃការបើកសន្និសីទនៃអង្គការសហប្រជាជាតិអំពីអាកាសធាតុ គឺសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ នៅប្រទេសអារ៉ាប់ អេមីរ៉េត លោកប៉េតឺរី តាអាឡាស ព្យាករណ៍ថា ៖ “កម្រិតសព្វថ្ងៃនៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ នាំយើងទៅកាន់ការកើនឡើងនូវសីតុណ្ហភាពដែលខ្ពស់ឆ្ងាយខ្លាំងជាងគោលដៅនៃកិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុនាទីក្រុងប៉ារីស ពីពេលនេះរហូតដល់ដំណាច់សតវត្ស។
លក្ខខណ្ឌឧតុនិយមកាន់តែតានតឹង មានកម្តៅក្តៅខ្លាំង និងការធ្លាក់ភ្លៀងខ្លាំងក្លា ការរលាយទឹកកក ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ ការកើនកម្តៅ និងការឡើងជាតិអាស៊ីតនៅក្នុងសមុទ្រនានា។ មនុស្សជាតិបានចូលរួមធ្វើឲ្យកើនឡើងនូវការបង់ថ្លៃដើមនៃសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះវាមានភាពបន្ទាន់នឹងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល។
ដើម្បីយល់បន្ថែមវិបាកនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើអាកាសធាតុ អង្គការឧតុនិយមពិភពលោកថ្មីៗនេះ បានបង្កើតការតាមដានជាសកលនូវឧស្ម័នផ្ទះកញ្ចក់។ គំនិតផ្តួចផ្តើមនេះ ត្រូវតែអនុញ្ញាតឲ្យទទួលបានព័ត៌មានសំខាន់ដើម្បីឈានដល់គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវរក្សាការកើនឡើងនូវសីតុណ្ហភាពមធ្យមពិភពលោកនៅក្រោម ២°C បើប្រៀបធៀបនឹងកម្រិតមុនយុគសម័យឧស្សាហកម្ម ហើយត្រូវកម្រិតសីតុណ្ហភាពឲ្យកើនត្រឹម ១,៥°C ។
លោកឡូរេនហ្ស៉ូ ឡាប្រាដ័រ មន្រ្តីវិទ្យាសាស្រ្តនៅអង្គការឧតុនិយមពិភពលោក បានសន្និដ្ឋានថា ៖ “រឿងល្អ គឺថា សព្វថ្ងៃនេះ ពិភពលោកមានប្រព័ន្ធព័ត៌មានល្អ ដែលអាចឲ្យយើងដឹងអំពីលំហូឧស្ម័នផ្ទះកញ្ចក់។ ឥឡូវនេះ ប្រទេសដែលនៅក្នុងក្របខណ្ឌនៃសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ ពួកគេមានព័ត៌មាន។ អ្វីដែលត្រូវការ គឺឆន្ទៈនយោបាយដើម្បីធ្វើប្រតិកម្ម”។