កន្លែងបំភាយឧស្ម័នមេតានធំបំផុតនៅលើពិភពលោកគឺនៅកន្លែងចោលសំរាម​ប្រទេសឈីលី

កន្លែងបោះសំរាមចោល ស្រុកទីលទីល នៅប្រទេសឈីលី ត្រូវបានកំណត់ថា ជាកន្លែងដែល​មាន​​ការ​បំភាយឧស្ម័នមេតានធំបំផុតនៅលើពិភពលោក ដែលនេះមានចេញពីសកម្មភាព​របស់​មនុស្ស។ ជនរងគ្រោះដំបូងនៃឧស្ម័នផ្ទះកញ្ចក់នេះ គឺជាអ្នករស់នៅក្នុងតំបន់នេះផ្ទាល់តែ​ម្តង។

មើលពីចម្ងាយ កន្លែងចោលសម្រាម ទីលទីល នៅប្រទេសឈីលី ដូចទៅនឹងកូនភ្នំសោះ​កក្រោះ។ ប៉ុន្តែសម្រាប់ប្រជាជននៅភូមិជុំវិញ ភ្នំនៃសម្រាមនេះ វាស្មើនឹងក្លិនស្អុយ សត្វរុយ និង​​ការព្រួយបារម្ភដែលកើនឡើងជាលំដាប់សម្រាប់សុខភាព​របស់ពួកគេ។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មណ្ឌល​នេះ​ទទួល​បាន​វិសាលភាពជាលក្ខណៈអន្តរជាតិ ដែលកំណត់ថា វាគឺជាកន្លែង​ដែលបំភាយឧស្ម័ន​មេតាន​​ធំបំផុតដែលមានប្រភពពីសកម្មភាពរបស់មនុស្ស។

ជារៀងរាល់ថ្ងៃ ឡានកាំមីញ៉ុងរាប់រយគ្រឿងដែលផ្ទុកពេញដោយសម្រាមធ្វើ​ការឆ្លងកាត់ភូមិ​តូច​មួយ នៅខណៈដែលសត្វត្មាត ហោះហើរនៅលើទីតាំងនេះ​ដើម្បីស្វែងរកចំណី។ នៅលើ​ផ្លូវយានយន្តនានាជិះ និងគ្រវាត់ចោលនូវស្បោងប្លាស្ទីក ដប និងសំណល់ដទៃៗ ទៀត ទៅ​លើ​ដី ឬ​តោងជាប់ដើមឈើក្បែរៗ។

ដោយមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ នៅភាគខាងជើង​ទីក្រុង សានទីទ្យាហ្គូ រដ្ឋធានី​នៃ​ប្រទេស​ឈីលី កន្លែងចោលសម្រាមនេះ បានទទួលជាង ២០ឆ្នាំ មកហើយ ជិត ៦០% ដែល​ជា​​សម្រាមពីរដ្ឋធានី ឬប្រមាណ ជា ១៨០០០ តោន ក្នុងមួយថ្ងៃ។

បើតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា នៅពេលរលាយ សម្រាមទាំងនេះ បានបង្កជាឧស្ម័ន​ជាច្រើន​​។ ក្នុងចំណោមនោះ មានមេតាន ដែលជាឧស្ម័នដែលគ្មានក្លិន និង​ជា​អ្នក​បង្ក​ឲ្យមាន​យ៉ាងហោច​ណាស់ ១/៤ នៃការ​កើន​កម្តៅ​អាកាសធាតុ។

ដោយមានជំនួយពីផ្កាយរណបជាង ៣០ កម្មវិធីនៃអង្គការ​សហប្រជាជាតិ​សម្រាប់បរិស្ថាន (PNUE) បានចំណាត់ថ្នាក់កន្លែងចោលសម្រាមនេះ នៅលេខរៀងលើគេនៃបញ្ជីមួយដែល​មាន​​មណ្ឌល​​ចំនួន ៥០ ដែល​មានការបំភាយឧស្ម័នមេតានខ្លាំងជាងគេបំផុត​នៅលើ​ពិភពលោក​​ដែល​ចេញពីសកម្មភាពរបស់មនុស្ស។  សម្រាប់មណ្ឌលនេះមួយ មណ្ឌលសម្រាម​នៅប្រទេស​ឈីលី គឺវាបានបំភាយឧស្ម័នមេតាន  ១០០០០០តោន ក្នុងមួយឆ្នាំ។ មណ្ឌល​ដទៃៗ​ទៀត ដែល​រាយការណ៍ក្នុងរបាយការណ៍ គឺភាគច្រើនពាក់ព័ន្ធនឹងឧស្សាហកម្ម​នៃការ​ទាញ​យករ៉ែ ឬ​ការ​កែច្នៃថាមពលផូស៊ីល។ ចំណែកកន្លែងចោលសម្រាមនៅស្រុកទីលទីល ស្ថិតនៅក្នុង​ប្រភេទទី២ គឺជាពំនូកសម្រាម។

ឧស្ម័នមេតាននេះមិនអាចមើលឃើញ តែសម្រាមដែលបានបង្កើតវា គេអាចមើលឃើញ​ច្បាស់។ ប្រជាជននៃស្រុកទីលទីល ១៧០០០នាក់ រស់នៅជាមួយនឹងឥទ្ធិពលនៃកន្លែង​ចោល​សម្រាម និងការភ័យខ្លាចអំពីឥទ្ធិពលនៃការបំពុល លើសុខភាពរបស់ពួកគេ។

លោកប៉ាទ្រីស្យ៉ូល វឺឡាស្កេក តែងបិទឃុំខ្លួនឯងនៅក្នុងផ្ទះដោយសារគេចចេញពី​ក្លិន​ស្អុយ​ដែល​មានជាប់ជានិច្ចពីកន្លែងនោះ។ លោកបានពិព៌នាថា វាមានក្លិនដែលដូចទៅនឹងក្លិន​លាមក។ លោក​ប៉ាទ្រីស្យ៉ូល វឺឡាស្កេក គឺជាបុរសចូលនិវត្តន៍ និងមានវ័យ ៦៨ឆ្នាំ ដែលលោក​រស់​នៅ​ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ៍ ពីទីតាំងចោលសំរាម​ដែលមានទំហំ ១២០ហិចតា ឬ​ប្រមាណ​ប៉ុន​ទីលានបាល់ទាត់ចំនួន ១០០។ លោកបានត្អូញត្អែរថា ៖ “យើងរស់នៅ​ជន​បទ។ យើង​​គួរ​តែអាចស្រូបយកខ្យល់បរិសុទ្ធ ប៉ុន្តែ “នៅរដូវក្តៅ យើង​ទៅតុ​ដើម្បី​បរិភោគអាហារ ប៉ុន្តែ​វាមកដល់ពេលវេលាដែលយើងលែងអាចបរិភោគបាន​ដោយសារ​យើង​មានរុយហើរចូល​ក្នុងមាត់ និងក្នុងចានអាហាររបស់យើង”។

 

Daily Program

Livesteam thumbnail