អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ តាមម៉ាថាយ ៥,១-១២ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរពថ្ងៃនេះជាបុណ្យឱឡារិក គឺជាបុណ្យគោរពសន្តបុគ្គលទាំងឡាយ។ ព្រះសហគមន៍តែងតែហៅសន្តបុគ្គលអស់ថា អ្នកដែលពោរពេញដោយព្រះជន្មរបស់ព្រះជាម្ចាស់ ហើយដែលរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខ។ ព្រះសហគមន៍ក៏តែងតាំងសន្តបុគ្គលទុកជាគំរូអំពីរបៀបរស់នៅជាគ្រីស្តបរិស័ទ។
បងប្អូនជាទីគោរពនៅថ្ងៃបុណ្យគោរពសន្តបុគ្គលទាំងឡាយគ្រីស្តបរិស័ទអរព្រះគុណព្រះជាអម្ចាស់ ដែលបានប្រោសមនុស្សឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ គ្រីស្តបរិស័ទអរព្រះគុណដែលបានប្រោសឱ្យមនុស្សខ្លះរស់នៅរបៀបល្អប្រសើរដែរ។
នៅថ្ងៃនេះយើងជាគ្រីស្តបរិស័ទនឹកដល់មនុស្សច្រើនឥតគណនាដែលបានផ្ញើជីវិតលើព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ទោះបីគេកាន់សាសនាណាក៏ដោយ តែឥឡូវនេះគេរួមរស់ជាមួយព្រះគ្រីស្ត ហើយគេថ្វាយបង្គំព្រះបិតា និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ទោះបីអ្នកទាំងនោះពុំមានឈ្មោះក្នុងបញ្ជីប្រតិទិនក៏ដោយក៏គេរួមជាមួយព្រះយេស៊ូជារៀមច្បង។
បងប្អូនជាទីគោរពនៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះតាមលោកម៉ាថាយ ជំពូក៥,១-១២ ព្រះយេស៊ូមានព្រះបន្ទូលអំពីសុភមង្គលដ៏ពិតប្រាកដ និងអ្នកមានសុភមង្គល។ ព្រះយេស៊ូមានព្រះបន្ទូលបៀនប្រដៅបណ្តាជនជាពិសេសសាវ័ក១២រូបដែលព្រះអង្គបានត្រាស់ហៅអំពីសេចក្តីដែលនាំឱ្យគេមានសុភមង្គលដ៏ពិតប្រាកដ។ សុភមង្គលមានន័យថា អំណរសប្បាយ ឬសំណាងល្អ។ នៅក្នុងអត្ថបទថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាដាក់ចិត្តជឿអ្នកក្រក្សត់ អ្នកណាសោកសៅ អ្នកណាមានចិត្តស្លូតបូត អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកណាមានចិត្តមេត្តាករុណា អ្នកណាមានចិត្តបរិសុទ្ធ អ្នកណាកសាងសន្តិភាព និងអ្នកណាត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកទាំងនោះមានសុភមង្គលហើយ។ ជាបន្តព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិនបើមានគេត្មះតិដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ អ្នកនោះមានសុភមង្គលហើយ។
បងប្អូនជាទីគោរពតាមរយៈអត្ថបទនេះ ព្រះយេស៊ូមានព្រះបន្ទូលអំពីលក្ខណៈសម្បត្តិរបស់អ្នកដើរតាមព្រះយេស៊ូ។ ព្រះយេស៊ូជាគំរូរបស់គ្រីស្តបរិស័ទ។ បើយើងតាមព្រះយេស៊ូ បើយើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ពួកយើងក្លាយទៅជាសាវ័ករបស់ព្រះអង្គពិតប្រាកដ ហើយនឹងមានសុភមង្គល និងអំណរសប្បាយក្នុងជីវិតសព្វថ្ងៃនេះ និងជីវិតអស់កល្បជានិច្ចនៅថ្ងៃចុងក្រោយ។
ជំនឿទៅលើព្រះអង្គ ជំរុញយើងឱ្យមនុស្សរស់នៅក្នុងជីវិតប្រចាំថ្ងៃតាមព្រះបន្ទូលព្រះអង្គ និងតាមព្រះហឫទ័យព្រះអង្គជានិច្ច។ អត្ថបទថ្ងៃនេះ ណែនាំគ្រីស្តបរិស័ទពីរបៀបរស់នៅ និងជំនឿទៅលើព្រះជាអម្ចាស់ជួយយើងក្លាយជាមនុស្សល្អ ជាមនុស្សមានចិត្តអត់ធ្មត់គ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕