អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៨,៣៥-៤៣ អត្ថាធិប្បាយដោយលោកបូជាចារ្យសែ សាត
នៅក្នុងអត្ថបទដំណឹងល្អ ព្រះយេស៊ូបានធ្វើដំណើរទៅដល់ក្រុងយេរីខូហើយមានបុរស ម្នាក់ជាមនុស្សខ្វាក់ឈ្មោះបាទីមេអង្គុយសុំទាននៅតាមផ្លូវ។លោកបាទីមេផ្ទាល់ជាតួអង្គសំខាន់ចង់ដឹងហេតុការណ៍ដែលកំពុងកើតឡើងគាត់ក៏បានសួរគេ គេក៏បានប្រាប់រឿងរ៉ាវដល់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតបានយាងកាត់តាមនោះ ពេលដែលគាត់លឺថាព្រះយេស៊ូយាងកាត់តាមនោះ គាត់បានស្រែកទូលអង្វរទៅព្រះយេស៊ូភ្លាម «ឱ!ព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង។» នៅពេលដែលគាត់បានស្រែកទូលអង្វរនោះ អ្នកដែលដើរនៅខាងមុខបានឃាត់គាត់ឱ្យនៅស្ងៀម ប៉ុន្តែឧបសគ្គនេះមិនបានរារាំងគាត់នោះទេ គាត់រឹតតែស្រែកខ្លាំងឡើងៗ។ ការស្រែកទូលអង្វររបស់គាត់នេះ ធ្វើឱ្យព្រះយេស៊ូឈប់ហើយបញ្ជាគេឱ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះគាត់ចូលមកជិតហើយព្រះយេស៊ូក៏មានព្រះបន្ទូលទៅគាត់ តើអ្នកចង់ឱ្យខ្ញុំធ្វើអី? លោកបាទីមេក៏ទូលទៅព្រះអង្គ «បពិត្រព្រះអម្ចាស់ សូមប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ បន្ទាប់មកព្រះយេស៊ូក៏មានព្រះបន្ទូលទៅគាត់ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឱ្យភ្នែករបស់អ្នកបានភ្លឺឡើងវិញចុះ» ហើយរំពេចនោះភ្នែករបស់គាត់ក៏បានភ្លឺឡើងវិញភ្លាម ហើយធ្វើឱ្យមនុស្សម្នារួមទាំងគាត់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
តាមរយៈព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះគឺគំរូរបស់លោកបាទីមេជាគំរូនៃជីវិតរបស់យើងម្នាក់ៗ ដែលដំណាក់ទីមួយគាត់ចង់ដឹងថាមានអ្វីកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រចាំថ្ងៃ ព្រឹត្តិការណ៍ដែលកើតឡើងនោះមានមនុស្សអ៊ូរអរ ចង់ដឹង ហើយនៅពេលដែលគេប្រាប់ គាត់មានជំនឿ ទូលអង្វរទៅព្រះយេស៊ូភ្លាម។ ឧបសគ្គដែលអ្នកផ្សេងមិនឱ្យតម្លៃគាត់ ហើយបានសុំឱ្យគាត់នៅស្ងៀម បានសុំឱ្យគាត់បោះបង់ការអធិដ្ឋានចោលទៅ ប៉ុន្តែលោកបាទីមេ មិនបានបោះបង់ទេ គាត់បានស្រែកខ្លាំងឡើងៗដែលធ្វើឱ្យព្រះយេស៊ូលឺ ហើយក៏ឈប់ និងសុំឱ្យគេនាំគាត់មកជិតព្រះអង្គ ក្រោយមកគាត់ក៏បានភ្លឺហើយព្រះយេស៊ូបំពេញកិច្ចការតាមជំនឿរបស់គាត់។
រឿងនេះរំលឹកយើងម្នាក់ៗតាមរយៈលោកបាទីមេ ឲ្យទូលអង្វរព្រះជាម្ចាស់ដោយបន្ទាបខ្លួនក្នុងឋានៈជាអ្នកក្រីក្រម្នាក់ អ្នកសុំទានដោយមិនពឹងផ្អែកលើអ្វីផ្សេងក្រៅពីជួបព្រះអង្គ គឺមានតែជំនឿតែប៉ុណ្ណោះគាត់យកមកជួបព្រះអង្គដោយទួលអង្វរ។ យើងម្នាក់ៗជាគ្រីស្តបរិស័ទទាំងរូបខ្ញុំផ្ទាល់ជាលោកបូជាចារ្យ យើងមានឧបសគ្គក្នុងការស្វែងរកព្រះជាម្ចាស់ ព្រឹត្តិការណ៍ផ្សេងៗដែលរាំងស្ទះជីវិតខាងផ្លូវវិញ្ញាណរបស់យើងម្នាក់ៗ។ ចំណុចនេះដែរ នាំឱ្យការអធិដ្ឋានរបស់យើងខ្សោយ នាំឱ្យយើងមិនចង់ទៅជួបព្រះជាម្ចាស់ ពេលអភិបូជាដូចជាមិនសូវមានកម្លាំង។ រួមជាមួយគ្នានោះទៀត នាំឱ្យយើងខ្វះទៅទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាប យើងខ្មាស់។ អាម៉ាស់នេះប្រៀបដូចជាឧបសគ្គរាំងស្ទះនាំឱ្យយើងនៅស្ងៀមមិនបាច់ទៅជួបព្រះអង្គនោះទេ មិនបាច់ទូលអង្វរព្រះអង្គទេ មិនបាច់ទទួលការសង្គ្រោះពីព្រះអង្គទេ។ កន្លែងនេះ តើយើងយកគំរូតាមលោកបាទីមេដោយរបៀបណា? នៅពេលជួបឧបសគ្គបែបនេះបាទីមេកាន់តែស្រែកខ្លាំងឡើងៗ។ កន្លែងនេះយើងម្នាក់ជាគ្រីស្តបរិស័ទដូចគ្នាដែរ អភិបូជាថ្ងៃអាទិត្យយើងជឿថាមានវត្តមានរបស់ព្រះជាម្ចាស់ដែលជួយដោះស្រាយនិងពុះពារឧបសគ្គនានា ការរាំងស្ទះនានាក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសជីវិតខាងផ្លូវវិញ្ញាណ។ ពេលខ្លះយើងមានឧបសគ្គកាន់តែខ្លាំង យើងខ្លាច ជួបលោកបូជាចារ្យទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាប ពេលខ្លះអត់មានជំនឿខ្លះ ខ្វះជំនឿខ្លះ។ កន្លែងនេះយើងរិះគិតឡើងវិញ ខ្វះជំនឿគឺអត់ជឿ អត់ស្រាយបាបជាមួយលោកបូជាចារ្យ គិតពិចារណាឡើងវិញអំពីជំនឿ និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះខ្លួន ហើយទទួលអគ្គសញ្ញា និងទទួលព្រះអង្គយ៉ាងសមរម្យដើម្បីទទួលការសង្គ្រោះយ៉ាងពិតប្រាកដពេញលេញ។ ណាមួយក៏ត្រៀមទទួលនៅសប្ដាហ៍ក្រោយ យើងចូលរដូវរង់ចាំជារបៀបដែលយើងត្រៀមខ្លួន។
ដូច្នេះសូមព្រះជាម្ចាស់ប្រទានព្រះពរដល់យើងម្នាក់ៗ ហើយបងប្អូនត្រូវយកចិត្តទុកដាក់ កុំខ្លាចទៅជួបព្រះជាម្ចាស់ក្នុងការអធិដ្ឋាន ជាពិសេសអភិបូជាប្រចាំថ្ងៃ យើងអធិដ្ឋានទូលអង្វរព្រះអង្គឱ្យសកម្មភាពនៃជំនឿ សកម្មភាពនៃជីវិតរបស់គ្រីស្តបរិស័ទយើងនេះសកម្មឡើង និងកុំឱ្យយើងខ្លាចក្នុងការទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាបផងដែរ។ កុំឱ្យមានឧបសគ្គនេះ ឧបសគ្គនោះ នាំឱ្យយើងខ្លាច ប៉ុន្តែឱ្យយើងក្លាហានដើម្បីទទួលការព្យាបាលដោយសារជំនឿ ដោយដឹងថាព្រះជាម្ចាស់ស្រលាញ់យើង និងចង់ឱ្យជីវិតរបស់យើងបង្កើតបានផលផ្លែកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺនាំឱ្យមនុស្សឯទៀតៗស្គាល់ និងទទួលស្គាល់ព្រះអង្គជាព្រះរបស់ខ្លួន ដូចយើងម្នាក់បានទទួលផងដែរ។ ដូច្នេះសូមព្រះអង្គប្រទានពរដល់យើង ហើយសូមឱ្យជំនឿរបស់យើងបង្កើតបានផលពូជសម្រាប់ជីវិតអស់កល្បជានិច្ចសម្រាប់មនុស្សឯទៀតៗផង។ អាម៉ែន៕