អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៣ តាមលូកា ១,៣៩-៥៦ដោយលោកបូជា​ចារ្យ​ រឿង ឆ័ត្រសិរី

បាទជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់!

បាទនៅក្នុងថ្ងៃនេះ ជាបុណ្យយ៉ាងសំខាន់មួយនៅក្នុងព្រះសហគមន៍របស់យើង គឺព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខថ្ងៃទី១៥​សីហារាល់ឆ្នាំ។ ប៉ុន្តែដោយសារប្រទេសយើងមិនមែនជាប្រទេសកាតូលិក ដូច្នេះហើយ មានព្រះសហគមន៍ខ្លះលើកឡើងទៅប្រារព្ធនៅថ្ងៃអាទិត្យមុនឬក៏ក្រោយ ដូចជាខ្លះនៅឆ្នាំនេះគេអាចយកទៅថ្ងៃទី១៣ ខ្លះអាចថ្ងៃទី២០ មើលតាមកាលៈទេសៈគួរសមរម្យសម្រាប់ព្រះសហគមន៍។

ដោយសារថ្ងៃទី១៥ជាថ្ងៃធ្វើការអ្នកខ្លះ​​អត់បានមកចូលរួមទេ។ បុណ្យរបស់ព្រះសហគមន៍យើងមានបុណ្យដែលចាំបាច់ចូលរួមជាថ្ងៃអាទិត្យទូទៅ។ ប៉ុន្តែមានបុណ្យមួយចំនួន បងប្អូនត្រូវតែទៅចូលរួមដែរ ទោះបីមិនត្រូវជាមួយថ្ងៃអាទិត្យ​ ដូចជា បុណ្យណូអែល ឬក៏បុណ្យព្រះកាយព្រះលោហិតព្រះគ្រីស្ត បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ បុណ្យព្រះយេស៊ូឡើងស្ថានបរមសុខ ឬក៏បុណ្យផ្សេងៗទៀត។ ថ្ងៃ​បុណ្យ​ព្រះនាងម៉ារី ក៏ជាបុណ្យមួយដែរ គឺជាបុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ។ បងប្អូនគួរណាចូលរួមជាចាំបាច់។

ថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់យកពីលូកាជំពូកទីមួយខ៣៩ តាមពិតល្អមែនទែន ពេលយើងចាប់ផ្តើមព្រះបន្ទូលនៅថ្ងៃនេះ ព្រោះព្រះសហគមន៍យើងទើបតែបញ្ចប់កម្មវិធីទិវាយុវជនពិភពលោក នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់ ហើយសម្តេចប៉ាបក៏បានយកលព្រះបន្ទូលនៅថ្ងៃនេះ ជាព្រះបន្ទូលសម្រាប់ឱ្យយុវជនពិចារណា គឺព្រះនាងម៉ារីប្រញាប់ប្រញាលទៅតំបន់ភ្នំ គឺទៅសួរសុខទុក្ខនាងអេលីសាប៊ែត។ បាទការប្រញាប់ប្រញាលរបស់ព្រះនាង ជាការឆ្លើយតបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលកើតឡើង មិនមែនសម្រាប់តែព្រះនាង  គឺទៅលើនាងអេលីសាប៊ែតដែល​ជាមនុស្សចំណាស់ហើយតែមានកូនបាន។ ដូច្នេះហើយ ព្រះនាងម៉ារីទៅដើម្បីជួយសម្រួលឱ្យមនុស្សចាស់ដែលកំពុងមានកូន អាចរស់នៅបានស្រួលបន្តិច ពីព្រោះមនុស្សមានផ្ទែពោះគឺមិនស្រួលទេ អំពីការរស់នៅ ហើយថែមទាំងចាស់ទៀត។ ដូច្នេះព្រះនាងម៉ារីមានចំណុចមួយ ដែលគួរឱ្យចាប់អារម្មណ៍នៅថ្ងៃនេះ គឺព្រះនាងម៉ារីមានចិត្តទូលំទូលាយ ដោយ​នឹកដល់អ្នកដទៃមុនខ្លួនឯង។ ទោះបីព្រឹត្តិការណ៍របស់ខ្លួនឯងជារឿងធំជាង ដោយសារទទួលកូនដែលជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះនាងម៉ារីនឹកដល់ព្រឹត្តិការណ៍ដែលកើតឡើងជាមួយនាងអេលីសាប៊ែត។  ពេលជួបគ្នា​អ្នកទាំងពីរ មុនដំបូង​ គឺ​មាន​អំណរសប្បាយដែលកើតឡើងគឺមកពីព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​បានធ្វើកិច្ចការដ៏អស្ចារ្យទាំងនាងអេលីសាប៊ែត ទាំងព្រះនាងម៉ារី។ ពេលគាត់ជួបគ្នា គាត់ចែករំលែកជាមួយគ្នា ជាពិសេសពេលជួបគ្នា ព្រះនាងម៉ារីលើកតម្កើងព្រះជាម្ចាស់ភ្លាម មុនអ្វីៗទាំងអស់ «វិញ្ញាណខ្ញុំលើកតម្កើងព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់បានធ្វើការអស្ចារ្យចំពោះនាង»។

បាទបងប្អូនជីវិតរបស់យើងជាគ្រីស្តបរិស័ទ យើងមានរឿងច្រើនដែលធ្វើឱ្យយើងគិតពិចារណា។ យើងមានរឿងសប្បាយច្រើនដែលយើងអាចយកមកគិតនៅក្នុងជីវិតរបស់យើង ក៏ប៉ុន្តែអំណរសប្បាយនៅក្នុងដួងចិត្តរបស់យើងជារឿងសំខាន់មុនគេបង្អស់ ពីព្រោះអំណរសប្បាយរបៀបនេះ មិនអាចបាត់បង់យ៉ាងងាយស្រួលទេ មិនដូចពេលយើងស៊ីផឹក មិនដូចពេលយើងទៅដើរលេង ប៉ុន្តែជាអំណរសប្បាយដែលផុសពីវិញ្ញាណរបស់យើងដូចព្រះនាងម៉ារី ពេលគាត់មានបទពិសោធជាមួយព្រះជាម្ចាស់ គាត់ទៅចែករំលែកជាមួយនាងអេលីសាប៊ែត។ នាងអេលីសាប៊ែតក៏មានបទពិសោធល្អខាងផ្លូវវិញ្ញាណជាមួយព្រះជាម្ចាស់ដែរ ក៏ចែករំលែកជាមួយព្រះនាងម៉ារី។ ដូច្នេះការចែករំលែកជំនឿ ធ្វើឱ្យជំនឿកាន់តែកើនឡើង ពេលជំនឿឡើងរឹងមាំ ព្រឹត្តិការណ៍ខាងមុខដែលអាចកើតឡើង នាងទាំងពីរក៏អាចទទួលបាន ដោយមានព្រះយេស៊ូគ្រីស្ត មានព្រះជាម្ចាស់នៅជាមួយក្នុងជីវិតរបស់ព្រះនាង។  ព្រះនាងម៉ារីរស់នៅរបៀបនេះ រហូតដល់នាងស្លាប់។ សូម្បីតែឈើឆ្កាង របស់ព្រះយេស៊ូមានព្រះនាងម៉ារីនៅទីនោះដែរ។ ហើយយើងឃើញហើយថាពេលព្រះនាងម៉ារីស្លាប់ទៅហើយនោះ ទោះបីសាវ័កទាំងអស់ចេញទៅផ្សព្វផ្សាយ ទៅប្រកាសដំណឹងល្អ ប៉ុន្តែមានសាវ័កម្នាក់ឈ្មោះយ៉ូហាននៅជាមួយនាងរហូតដល់នាងស្លាប់។

បុណ្យព្រះនាងម៉ារីឡើងស្ថានបរមសុខនេះ តាមពិត ពីដើមគេហៅថាបុណ្យផ្ទុំឬក៏បុណ្យព្រះនាងម៉ារីដេកលក់ ដោយសារគេជឿថា  ព្រះនាងម៉ារីបានដេកនៅក្នុងផ្នូរ ដើម្បីរង់ចាំការរស់ឡើងវិញដូចជំនឿរបស់យើងសព្វថ្ងៃនេះដែរ។ ក៏ប៉ុន្តែនៅពេលដែលមានការបៀតបៀនយ៉ាងខ្លាំងនៅសម័យនោះ គ្រីស្តបរិស័ទ​បាន​យល់សប្តិថា ​ព្រះនាងម៉ារីឱ្យគេចផុតពីការបៀតបៀន។ ពេលជីកទៅឃើញផ្នូរទំនេរ ទទេ ដូច្នេះហើយចាប់ពីពេលនោះទៅ គ្រីស្តបរិស័ទពីដើមក៏បានជឿថា ព្រះជាម្ចាស់បានលើកព្រះនាងម៉ារីទៅនៅស្ថានបរមសុខ ដោយសារព្រះនាងម៉ារីជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ដូចព្រះ​បន្ទូលថ្ងៃនេះ។

បាទបងប្អូន! យើងជាមនុស្សដូចព្រះនាងម៉ារី យើងជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូចព្រះនាងម៉ារីយ៉ាងដូចម្តេច? មិនពិបាកទេ បងប្អូនគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្រឡាញ់ព្រះយេស៊ូ ស្រឡាញ់ព្រះជាម្ចាស់ ទោះបីមានបញ្ហាឧបសគ្គយ៉ាងណា យើងមិនភ្លេចព្រះជាម្ចាស់។ ពិតមែនជីវិតរបស់យើងអាចចូលនៅក្នុងស្ថានភាពដូចព្រះនាងម៉ារីដែរ ហើយតាមរយៈព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់ក៏អាចជួយអង្វរព្រះយេស៊ូគ្រីស្តសម្រាប់យើងផងដែរ។ ព្រះនាងម៉ារីនៅស្ថានបរមសុខ នេះជាអត្ថប្រយោជន៍ខាងផ្លូវវិញ្ញាណដែលគ្រីស្តបរិស័ទយើងអាចទទួលបាន។ សុំឱ្យបងប្អូនចូលរួមជាមួយព្រះនាងម៉ារី តាមគំរូល្អរបស់ព្រះនាងម៉ារី តាមពាក្យទូលអង្វររបស់ព្រះនាងម៉ារី ឱ្យយើងអាចចូលរួមនៅក្នុងស្ថានបរមសុខរួមជាមួយព្រះនាង សន្តបុគ្គលទាំងឡាយ និងជាមួយព្រះអម្ចាស់យេស៊ូគ្រីស្តផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail