អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣ តាមសន្តលូកា ១៧,៧-១០ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់ នៅអាទិត្យនេះ យើងបានស្តាប់ព្រះបន្ទូលរបស់លូកា ១៧,៧-១០ គឺព្រះយេស៊ូបានលើកឡើងអំពីលក្ខណៈរបស់អ្នកបំរើអ្នកដែលមានតួនាទីបំពេញកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកបំរើមានតួនាទីនៅខាងក្រៅ ហើយពេលចូលផ្ទះនៅសម័យពីដើម គាត់ក៏ជាអ្នកដែលរៀបចំផ្ទះសម្បែងដែរ ដើម្បីឱ្យម្ចាស់ផ្ទះបានទទួលការបំរើនោះ ដូចជាការរៀបចំម្ហូប ការសំអាត ការធ្វើឱ្យផ្ទះសម្បែងមានសណ្តាប់ធ្នាប់។ ដូច្នេះអ្នកបំរើមានតួនាទីមួយចំនួន ប្រសិនបើមានគ្នាច្រើនគេចាត់ចែងគ្នា ពេលគេបំពេញហើយយ៉ាងល្អ ម្ចាស់គួរផ្តល់សុភមង្គលដល់គាត់។
បាទបងប្អូនកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង បងប្អូនដឹងហើយ ព្រះជាម្ចាស់ចាត់ឱ្យយើងធ្វើតាមអំណោយទាន ឬក៏សមត្ថភាពដែលយើងមាន។ ដូច្នេះពេលដែលយើងបំពេញកិច្ចការរបស់យើងអស់ហើយយើងមិនបាច់អួតខ្លួន យើងមិនចាំបាច់ទៅនិយាយឱ្យគេលើកតម្កើងយើងទេ។ យើងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ គឺឱ្យតែព្រះជាម្ចាស់លើកតម្កើងយើង ឬក៏ប្រទានពរឱ្យយើងប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ដូច្នេះហើយបងប្អូន ប្រសិនបើយើងស្វែករកដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការរបស់យើងអាចជាដង្វាយថ្វាយទៅព្រះជាម្ចាស់បាន បងប្អូននឹងទទួលបានអំណរសប្បាយ និងសេចក្តីសុខ ពីព្រោះបងប្អូនមិនខ្វល់ខ្វាយសម្រាប់ខ្លួនឯង។
ព្រះបន្ទូលថ្ងៃនេះគឺជួយឱ្យយើងដាក់ខ្លួន ជួយឱ្យយើងមានចិត្តសុភាពរាបសារ ជួយឱ្យយើងនឹកឃើញជីវិតរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ដែលព្រះអង្គប្រទានឱ្យយើងធ្វើ ដើម្បីថ្វាយទៅព្រះអង្គវិញ។ ហេតុដូច្នេះហើយរាល់ថ្ងៃអាទិត្យ ពេលបងប្អូនទៅថ្វាយអភិបូជាបងប្អូនថ្វាយអ្វី? គឺថ្វាយកិច្ចការដែលបងប្អូនធ្វើ នៅពេលដែលយើងអធិដ្ឋាននៅមុខព្រះកាយរបស់ព្រះអង្គ យើងនិយាយអី? យើងនិយាយថា ខ្ញុំជាអ្នកបំរើរបស់ព្រះអង្គ ខ្ញុំបានបំពេញកិច្ចការដែលព្រះអង្គបានឱ្យខ្ញុំធ្វើក្នុងមួយសប្តាហ៍ហើយ ឥឡូវនេះខ្ញុំថ្វាយទៅព្រះអង្គវិញ។ បើបងប្អូនមានគំនិតរបៀបនេះ ធ្វើឱ្យជីវិតរបស់យើងភ្ជាប់ជាមួយព្រះអម្ចាស់យេស៊ូគ្រីស្តរបស់យើងហើយ ដូចព្រះអង្គបានធ្វើកិច្ចការរបស់ព្រះបិតា និងថ្វាយខ្លួនទាំងស្រុងទៅព្រះបិតាយ៉ាងណា យើងជាអ្នកដើរតាមព្រះអង្គជាគ្រីស្តបរិស័ទ យើងធ្វើកិច្ចការនោះថ្វាយទៅព្រះបិតាដែរ។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនឱ្យមានកម្លាំង និងបំពេញបេសកកម្មរបស់ព្រះជាម្ចាស់យ៉ាងល្អ។ អាម៉ែន៕