ប្រធានបទ៖ ការអធិដ្ឋានសម្រាប់អ្នកដទៃជាតួនាទីរបស់គ្រីស្តបរិស័ទ!​

បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)

បូ. ផាន បូរី៖ បងប្អូនជាទីស្រឡាញ់! ការអធិដ្ឋានពិតជាសំខាន់ខ្លាំងណាស់ ហើយគ្រីស្តបរិស័ទទាំងអស់ត្រូវតែបើកចិត្តឲ្យទូឡាយដើម្បីអធិដ្ឋានសម្រាប់បងប្អូនយើង។ ការអធិដ្ឋានឲ្យមនុស្សជុំវិញខ្លួន មិនបានធ្វើឲ្យយើងអស់លុយកាក់ ឬខាតបង់ប្រយោជន៍អ្វីឡើយ ដោយគ្រាន់តែយើងបើកមាត់ពោលពាក្យទូលអង្វរព្រះជាម្ចាស់ ឬក៏ទូលអង្វរព្រះយេស៊ូគ្រីស្ត សូមឲ្យព្រះជាម្ចាស់ប្រទានពរដល់បងប្អូនយើង ឲ្យរស់នៅបានសេចក្តីសុខសាន្ត សុភមង្គល ចេះបែងចែកសេចក្តីល្អ និងអាក្រក់ឲ្យបានត្រឹមត្រូវ។ ហើយរាល់ការសម្រេចចិត្តធ្វើរឿងអ្វីមួយសូមឲ្យគាប់និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយខិតខំដើរតាមផ្លូវដែលមានព្រះវិញ្ញាណចាំជួយបំភ្លឺជានិច្ច។ ព្រះបន្ទូលព្រះយេស៊ូថា «បើអ្នកណាគោះទ្វា ម្ចាស់ផ្ទះនិងបើកទ្វាឲ្យ បើបងប្អូនទូលអង្វរទៅព្រះជាម្ចាស់ ប្រាកដណាស់ទ្រង់និងស្តាប់ ហើយតបរាល់ការទូលសុំរបស់យើងគ្រប់គ្នា»។

ហេតុនេះយើងត្រូវតែចេះពោលពាក្យកោតសសើរ ទូលអង្វរព្រះអង្គសម្រាប់អស់បងប្អូនយើងដោយចិត្តស្មោះត្រង់។ ចំណុចនេះបញ្ចាក់ថា យើងបានពិតជាបានស្រឡាញ់បងប្អូនយើងពិតមែន ដោយរួមសុខទុក្ខជាមួយគ្នា រួមអំណរសប្បាយជាមួយគ្នា ជៀសវាងការរស់នៅដោយភាពអាត្មានិយម ផ្ទុយទៅវិញត្រូវចេះចែករំលែកតាមលទ្ធភាពដែលយើងមាន។ អ្វីកាន់តែពិសេសនោះពាក្យល្អៗដែលចេញពីបបូរមាត់របស់យើងទូលអង្វរទៅព្រះជាម្ចាស់សម្រាប់បងប្អូនយើងទាំងអស់ និងការនិយាយស្តីដែលបង្ហាញពីការយកចិត្តទុកដាក់ ផ្តល់ក្តីស្រឡាញ់តាមរយៈការអធិដ្ឋាននេះឯង។ សូមឲ្យយើងម្នាក់ៗនឹកដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងក្តីលំបាក ដោយអំពើហឹង្សា នឹកដល់អស់បងប្អូនដែលកំពុងរស់នៅក្នុងភ្លើងសង្គ្រាម និងអំពើអយុត្តិធម៌គ្រប់ទម្រង់ទាំងអស់នៅក្នុងពិភពលោក។

បងប្អូនជាទីស្រឡាញ់! កិច្ចការដែលយើងត្រូវតែធ្វើក្នុងនាមជាគ្រីស្តបរិស័ទ បញ្ចាក់បានថាយើង​បានស្រឡាញព្រះជាម្ចាស់ផងដែរ។ ជាគ្រីស្តបរិស័ទ យើងជាបុត្រធិតារបស់ព្រះជាម្ចាស់ត្រូវរស់នៅក្នុងក្តីស្រឡាញ់ ដោយព្យាយាមបង្ហាញសក្ខីភាពនៃជំនឿរបស់ខ្លួនទៅកាន់អស់មនុស្សនៅជុំវិញខ្លួន។ ហេតុនេះសូមឲ្យបងប្អូនទាំងអស់ទទួលបានព្រះពរពីព្រះជាម្ចាស់​ នឹងរស់នៅក្នុងសេចក្តីសង្ឃឹមជានិច្ចក្នុងជំនឿ​ និងព្រះពន្លឺរបស់របស់ទ្រង់ផងដែរ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail