ប្រធានបទ៖ជាគ្រីស្តបរិស័ទតើអ្នកយល់ថាការចែករំលែកព្រះបន្ទូលទៅអ្នកស្វែងយល់គឺជាបន្ទុកឬយ៉ាងណា?
បកស្រាយដោយ៖ កញ្ញា ម៉ៅ សាវ៉េត (គ្រីស្តបរិស័ទព្រះព្រះសហគមន៍កំពង់គោខេត្តកំពង់ធំ)
កញ្ញា ម៉ៅ សាវ៉េត៖ សម្រាប់ខ្ញុំផ្ទាល់ ការចែករំលែកព្រះបន្ទូលដំណឹងល្អទៅអ្នកស្វែងយល់ ឬអស់អ្នកដែលមានបំណងចង់ស្គាល់ព្រះជាម្ចាស់មិនមែនជាបន្ទុកនោះទេ តែជាអំណរសប្បាយសម្រាប់ជីវិតរបស់ខ្ញុំផ្ទាល់។ អ្វីដែលព្រះជាម្ចាស់ប្រទាន និងផ្តល់ឲ្យខ្ញុំ ខ្ញុំផ្ទាល់ក៏រីករាយនិងផ្តល់ ដល់អ្នកដែលនៅជុំវិញខ្ញុំដូច្នោះដែរ។ ជាក់ស្តែងខ្ញុំបានទទួលព្រះអំណោយទានពិសេសពីព្រះជាម្ចាស់ ខ្ញុំជាគ្រូអប់រំជំនឿម្នាក់ជិត២០ឆ្នាំ កូនសិស្សដែលខ្ញុំបានអប់រំជំនឿ គឺជាអ្នកដែលត្រៀមទទួលអគ្គសញ្ញាលាបថ្ងាស។ ដូច្នេះរាល់ការចែករំលែកព្រះបន្ទូលជារៀងរាល់ថ្ងៃ ខ្ញុំផ្ទាល់កាន់តែមានគំនិតថ្មីនៅក្នុងអប់រំពួកគេឲ្យខិតខំស្វែងយល់ព្រះគម្ពីរកាន់តែច្បាស់ កាន់តែស៊ីជម្រៅថែមទៀត។ សម្រាប់ខ្ញុំជាគ្រូអប់រំជំនឿដល់អ្នកស្វែងយល់ មានក្តីរំពឹងទុកថាបងប្អូនដែលបានទទួលការអប់រំជំនឿតាមរយះខ្ញុំផ្ទាល់ បងប្អុនទាំងនោះនិងទទួលបានបទពិសោធន៍កាន់តែច្រើនទាក់ទងនិងជំនឿ។ ខ្ញុំជាគ្រូអប់រំសម្រាប់ពួកគាត់មែន តែខ្ញុំមិនមែនជាអ្នកផ្តល់ជំនឿឲ្យគាត់នោះទេ តែខ្ញុំជាអ្នកបង្ហាញផ្លូវ ឬក៏ចែករំលែកបទពិសោធន៍ ដើម្បីឲ្យពួកគាត់មានពន្លឺខ្លះៗទៅរកជំនឿពិតប្រាកដ។ ប៉ុន្តែមានជំនឿ ឬអត់ជំនឿអាស្រ័យលើខ្លួនគាត់ម្នាក់ៗដែលបានស្តាប់ ហើយយកទៅអនុវត្តជាប្រចាំរៀងៗខ្លួន។ ជាការពិតណាស់សម្រាប់បទពិសោធន៍ និងការចែករំលែកដែលខ្ញុំបានធ្វើកន្លងមក ខ្ញុំបានក្តីរំពឹងទុកថា ពួកគាត់ច្បាស់ជាទទួលបានអ្វីដែលល្អអំពីជំនឿ ឬក៏ដំណើរជីវិតពិតរបស់ព្រះយេស៊ូ យកទៅអនុវត្តសម្រាប់ជីវិតរបស់គាត់ម្នាក់ៗ។
ដោយ ឆាក លាំង