ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស (៣,៣១-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿងឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីមេត្រី និងជាទីស្រឡាញ់ទាំងអស់គ្នា! បងប្អូនធ្លាប់​ចាប់​អារម្មណ៍​ទេថា ពេល​យើង​ទៅផ្សារ មិនថាលោកពុកផ្ទាល់ក៏ធ្លាប់មានបទពិសោធន៍ដូចគ្នា គឺគេហៅថាបង ឬពូ។   ការ​ហៅ​នេះ​ដូច​ជាទំនាក់ទំនងក្នុងក្រុមគ្រួសារមានភាពកក់ក្តៅនិងជិត​ស្និទ្ធ​ ទោះបីពួកគាត់​មិន​ជាប់​​សាច់​ឈាម​​ក៏​យើង​​មានអារម្មណ៍ថា យើងជិតស្និទ្ធគ្នា នេះ​ជា​បទពិសោធន៍​ក្នុង​សង្គម​រស់​នៅ​ជា​មួយគ្នា។ ទំនាក់ទំនង​គ្នា​​ជា​កត្តាមួយដ៏សំខាន់ធ្វើឱ្យយើងមានកម្លាំង មានតម្លៃ និងមានភាពស្និតស្នាល។

បងប្អូន! ព្រះបន្ទូលថ្ងៃនេះមកពីម៉ាកុស (៣,៣១-៣៥) ទាក់ទងនិងព្រះយេស៊ូ​ មានគេ​ប្រាប់​ព្រះអង្គ​ថា បងប្អូនម្តាយមកជួបព្រះអង្គ តែព្រះអង្គបានប្រាប់ទៅគេវិញថា អ្នកណាជាម្តាយខ្ញុំ​! អ្នកណាជា​បងប្អូន​ខ្ញុំ​គឺ​អស់​អ្នកដែលស្តាប់ព្រះបន្ទូលហើយអនុវត្តន៍តាម អ្នកនោះជាម្តាយ និងជាបងប្អូនរបស់ព្រះអង្គ។

បងប្អូនជាទីស្រឡាញ់! ពេលលោកពុកនិយាយរបៀបនេះមានន័យថា យើងនិងព្រះជាម្ចាស់ហាក់មិន​ឆ្ងាយ​ពីគ្នាត្បិតយើងមាន​ព្រះយេស៊ូជាស្ពាន។ តាម​រយៈព្រះយេស៊ូធ្វើឱ្យយើងហៅព្រះជាម្ចាស់ដែលនៅ​ឆ្ងាយ និងគិតថាមិនសូវមាន​ទំនាក់ទំនងជាគ្នា ប្រែទៅជា​ឪពុកនិងកូនដែល​យើង​ហៅ​ថា​ព្រះបិតា សេចក្តី​ទាំង​នេះនាំ​ឱ្យ​យើងកាន់​តែជិតស្និត​ជាមួយ​ព្រះជា​ម្ចាស់​ កាលណាយើងអនុវត្តន៍​តាមព្រះបន្ទូល​ដូច​ព្រះយេស៊ូ​បាន​មានព្រះបន្ទូល។​

​ថ្ងៃនេះ! យើង​ក៏ត្រូវ​រាប់ចូលនៅក្នុងគ្រួសាររបស់ព្រះយេស៊ូដែរ នេះជាគ្រួសាររបៀបថ្មី នេះជា​ភាព​ស្និត​ស្នាល​​ថ្មីដែលយើងមាន​ជា​មួយគ្នា។ ​កាលណាយើងគោរពព្រះយេស៊ូដូចជារៀមច្បង​ យើង​ក៏នឹងក្លាយ​ជា​បងប្អូនគ្នានិងគ្នាដែរ។ បាទ! ​គ្រួសារដែលយើងហៅថា “ព្រះសហគមន៍” គឺជានិមិត្ត​រូបនៃ​មហា​គ្រួសា​រ​ដែល​​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើងឲ្យរួម​គ្នា ជាពិសេសនៅ​គ្រួសារចុងក្រោយ​ដែល​យើង​នឹងចូល​ទាំងអស់គ្នា​គឺ “ស្ថានបរមសុខ” ។

ដូច្នេះតើយើងគ្រប់គ្នា គួរធ្វើយ៉ាងម៉េចឱ្យយើងដើរជាមួយគ្នា ដើម្បីទៅដល់ស្ថានបរមសុខ ឬក៏​ទិស​ដៅ​នៃជីវិតរបស់យើង? បាទ! ព្រះអង្គឱ្យផ្លូវយើងហើយ គឺឱ្យយើងអនុវត្តន៍ និងស្តាប់តាម​ព្រះបន្ទូលរបស់​ព្រះអង្គ! បងប្អូននឹងក្លាយទៅជាសមាជិកគ្រួសាររបស់ព្រះអង្គយ៉ាងពិតប្រាកដ។

សូមព្រះអង្គជួយបំភ្លឺបងប្អូន​ឱ្យចេះអនុវត្តន៍តាមព្រះបន្ទូល យកចិត្តទុកដាក់អានព្រះបន្ទូល និងធ្វើឱ្យជីវិត​របស់យើងជិតស្និតជាមួយព្រះយេស៊ូគ្រប់ពេលវេលា ដើម្បីបញ្ជាក់ ឬធានាឱ្យយើងដឹងថានៅថ្ងៃណា​មួយ​យើងនឹងនៅជាមួយព្រះអង្គរួមរស់ជាមួយគ្នានៅស្ថានបរមសុខដែលមានព្រះបិតារបស់យើងផងដែរ។ សួមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕ អាមែន

Daily Program

Livesteam thumbnail