ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ២,១៨-២២បកស្រាយដោយ៖ លោកបូជាចារ្យ វី សំណាង

អត្ថបទព្រះគម្ពីរដែលយើងបានស្តាប់ គឺបាននិយាយអំពីសាវ័ករបស់លោកយ៉ូហានបាទីស្ត និងសាវ័កខាងគណៈផារ៉ាស៊ីដែលបានតមអាហារ តែសាវ័កព្រះយេស៊ូមិនបានតមអាហារដូច្នេះនាំឱ្យគេឆ្ងល់ ហើយគេមកសួរព្រះយេស៊ូ។ នេះក៏ជាមេរៀនមួយសម្រាប់យើងជាគ្រីស្តបរិស័ទ នៅក្នុងដំណើរជីវិតរបស់យើងប្រចាំថ្ងៃយើងមានការការល្បូងជាច្រើន ការល្បូងដែលគ្រោះថ្នាក់បំផុតគឺការល្បូងដែលណែនាំឱ្យយើងធ្វើ”អំពីល្អ”។
ការធ្វើអំពើល្អជាសេចក្តីមួយដែលល្អ ប៉ុន្តែ! ឱ្យយើងប្រយ័ត្នថា តើអំពើល្អដែលធ្វើនោះបានជួយយើងឱ្យជិតសិទ្និនិងព្រះជាម្ចាស់ទេ! ឬបានត្រឹមតែនាំយើងឲ្យមានមោទនភាពចំពោះខ្លួនឯង ឱ្យយើងចេះតែលើកតម្កើងខ្លួនឯង! ចេះតែប្រៀបធៀបខ្លួនជាមួយនឹងបងប្អូនដទៃ! ចាប់ផ្តើមវិនិច្ឆ័យអ្នកនេះមិនអធិដ្ឋាន អ្នកនោះមិនចូលព្រះវិហារ អ្នកនោះមិនតមអាហារ ឬអ្នកនេះអីចេះ អ្នកនោះអីចុះ មិនចេះទុកដាក់-ល-។
បងប្អូន! អំពើល្អដែលយើងបានធ្វើជាទង្វើមួយដែលយើងគ្រាន់តែបានធ្វើតែប៉ុណ្ណោះ ហេតុនេះសូមកុំឱ្យអំពើល្អដែលយើងបានធ្វើ ក្លាយជាមាគ៌ានាំយើងឲ្យប្រព្រឹត្តអំពើបាប។ យើងឃើញសាវ័ករបស់លោកយ៉ូហានបាទីស្ត និងសាវ័ករបស់គណៈផារ៉ាស៊ីធ្វើល្អហើយ គេបានតមអាហារ ប៉ុន្តែពេលដែលគេបានធ្វើល្អ គេចាប់ផ្តើមមើលអ្នកនេះ មើលអ្នកនោះ តើអ្នកនេះបានធ្វើនៅមុខព្រះជាម្ចាស់ឬអត់?
មិនខុសអីនិងជីវិតប្រចាំថ្ងៃរបស់យើងទេ! សូមឱ្យយើងអធិដ្ឋានសុំឱ្យព្រះជាម្ចាស់ជួយយើង! ដើម្បីឱ្យគ្រប់កិច្ចការល្អដែលយើងបានធ្វើបានដល់ព្រះជាម្ចាស់! កុំឱ្យយើងធ្លាក់នៅក្នុងការល្បូងរបស់មាដែលនាំឱ្យយើងវិនិច្ឆ័យបងប្អូនរបស់យើង។
ដូចធម៌ឱព្រះបិតាដែលយើងសូត្រប្រចាំថ្ងៃគឺសុំកុំឱ្យយើងខ្ញុំចាញ់ការល្បូងឡើយតែ សុំឱ្យព្រះជាម្ចាស់ជួយយើងពីមួយថ្ងៃទៅមួយថ្ងៃ សុំឱ្យយើងចេះបន្ទាបខ្លួននៅក្នុងការធ្វើអំពើល្អរបស់យើងដែរ។ អាម៉ែន៕
Daily Program
