ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៨,៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន

ព្រះបន្ទូលនេះបង្ហាញពីដីដែលព្រះជាម្ចាស់បានដាក់ព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងជីវិតយើង តើយើងអាចធ្វើអ្វីខ្លះដើម្បីឲ្យដីដូចជាដួងចិត្តរបស់យើង អាចទទួលព្រះបន្ទូលដើម្បីបង្កើតផលបានច្រើន។
បងប្អូនជាទីស្រឡាញ់! បងប្អូនក៏ដឹងហើយកម្ពុជាជាប្រទេសកសិកម្មគឺធ្វើស្រែធ្វើចម្ការ។ ដូច្នេះភាគច្រើនយើងជាកូនកសិករ យើងធ្លាប់ធ្វើស្រែចម្ការ តើចម្ការរបស់យើង ដីស្រែយើងពេលដល់រដូវដាំដុះតើយើងបានរៀបចំនិងធើ្វអ្វីខ្លះដើម្បីឲ្យគ្រាប់ពូជដែលបានបណ្ដុះ ដែលបានសាបព្រោះទៅបង្កើតបានផលផ្លែល្អ?
នេះជាចំណុចមួយ ដើម្បីដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដែលចូលនៅក្នុងជីវិតរបស់យើង និងជីវិតរបស់ខ្ញុំ។ អ្វីដែលសំខាន់នៅក្នុងជីវិតយើងមានទាំងរូបកាយ យើងមានទាំងព្រលឹងវិញ្ញាណ ដែលយើងប្រាថ្នាឲ្យរបស់ទាំងនេះអាចរួមគ្នាតែមួយ មិនដោយសារយើងមានចិត្តផ្សេងនិងរូបកាយផ្សេងទើបនាំឲ្យបែកបាក់គ្នា។ កាយ និងវិញ្ញាណបែកគ្នាបាននៅពេលយើងទទួលមរណភាព។
ដើម្បីឲ្យកាយវិញ្ញាណយើងរួមចិត្តគំនិតជាមួយគ្នា ហេតុអ្វីយើងត្រូវចេះដាក់ចិត្ត និងបន្ទាបខ្លួន? ចម្លើយមកពីខ្ញុំទទួលស្គាល់ថា ខ្ញុំបានទទួលសេចក្ដីស្រឡាញ់ដែលបានទទួលការប្រណីសន្ដោះពីព្រះជាម្ចាស់។ ព្រះអង្គតែងតែបង្រៀនខ្ញុំ ព្រះអង្គតែងតែអាណិតអាសូរខ្ញុំ ដោយសារខ្ញុំក៏ជាមនុស្សបាប។ ការប្រណីសន្ដោះនិងការលើកលែងទោសដែលខ្ញុំបានទទួលខ្ញុំចែកទៅដល់បងប្អូនឯទៀតៗ។
ដំណើរជីវិតរបស់យើងម្នាក់ៗ យើងមិនអាចទុកសេចក្ដីស្រឡាញ់ មិនអាចទុកធម៌មេត្តាករុណា សម្រាប់ខ្លួនឯង។ ពេលណាយើងទុកសម្រាប់ខ្លួនឯងចិត្តរបស់យើងដូចជាដីដែលមានគ្រួស មានថ្មមិនអាចបង្កើតផលផ្លែបានល្អទេ។ ថ្ងៃនេះដើម្បីឲ្យផលផ្លែកើតបរិបូរណ៍ច្រើនគាប់ព្រះទ័យព្រះជាម្ចាស់ សូមអធិដ្ឋាន នឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់! ការអធិដ្ឋាន នឹងស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ធ្វើឲ្យយើងផ្លាស់ប្តូរជីវិត កែប្រែចិត្តគំនិត។
ក្នុងព្រះសហគមន៍យើងមានសកម្មភាពច្រើនមានការសម្ដែងមេត្តាករុណាការសួរសុខទុក្ខ នឹងការអប់រំណែនាំទាំងអស់ នេះធ្វើឲ្យយើងឃើញថាពេលណាយើងទៅសួរសុខទុក្ខបងប្អូនអ្នកជំងឺ បងប្អូននៅពន្ធនាគារយើងឃើញគាត់ទទួលបានអំណរសប្បាយ ដោយសារយើងបានយកពេលវេលាទៅសួរសុខទុក្ខគាត់យកពេលវេលាដើម្បីលើកទឹកចិត្តគេ ព្រោះបងប្អូនដែលឈឺគេងនៅគ្រែគឺយូរ ហើយបងប្អូនដែលជាប់នៅមន្ទីរឃុំឃាំងនៅទីកន្លែងគ្មានសេរីភាពក៏ ធ្វើឲ្យជីវិតរបស់គេអាប់អួរឃើញតែកំហុស។
នៅពេលដែលយើងនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យថាវត្តមានរបស់យើងគឺជាការលើកទឹកចិត្តគាត់ ធ្វើឲ្យគាត់មានកម្លាំងចិត្តមានការផ្លាស់ប្ដូរ។ ដើម្បីឲ្យចិត្តរបស់យើងអាចបង្កើតផលបានលុះត្រាតែយើងចេះជម្រះចិត្តគំនិតភាពសៅម៉ងទាំងឡាយ សូមឲ្យយើងថ្វាយជីវិតរបស់យើង ដើម្បីឲ្យព្រះជាម្ចាស់បានចូលនៅក្នុងជីវិតរបស់យើង ដើម្បីឲ្យព្រះជាម្ចាស់បង្កើតផលផ្លែតាមព្រះទ័យរបស់ព្រះអង្គ។
ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមអធិដ្ឋាន ជាមួយគ្នាយើងដឹងហើយថាសង្គ្រាមមិនទាន់ចប់សូមកុំឲ្យយើងមានការខឹងស្អប់ការគុំគួនចិត្តម្នាទាំងឡាយដែលនាំមកក្តីអន្តរាយ។ យើងក៏សូមអរព្រះគុណព្រះជាម្ចាស់ នៅពេលដែលព្រះអង្គបានជម្រះចិត្តគំនិតយើង បានលើកលែងទោសឲ្យយើងនៅពេលនោះ ដើម្បីឲ្យយើងទទួលស្គាល់គ្នា គោរពស្រឡាញ់គ្នាព្រោះយើងជាបងប្អូន ទោះបីមានជាតិសាសន៍ផ្សេងក៏ដោយ ប៉ុន្តែយើងមាន ព្រះបិតាតែមួយព្រះយេស៊ូតែមួយនិងព្រះបន្ទូលតែមួយដែលនាំឲ្យជីវិតរបស់យើងរស់នៅសុខសាន្តជាមួយគ្នា។ អាម៉ែន៕
Daily Program
