ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥អត្ថបទគម្ពីរ​​​​​​​​​​​​​​​​​​ម៉ាថាយ ១,១៨-២៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ថ្ងៃនេះយើងចូលនៅក្នុងសប្ដាហ៍ចុងក្រោយមុនបុណ្យណូអែល ជាសប្ដាហ៍ដ៏សំខាន់ដើម្បី​ត្រៀមចិត្តគំនិត ក្នុងអត្ថបទរំលឹកយើងថា ព្រះជាម្ចាស់​បាន​បំពេញ​ព្រះ​បន្ទូល​សន្យា​ចំពោះ​ប្រជាជន​អ៊ីស្រាអែលតាំង​ពី​សម្ព័​ន្ធ​មេត្រីចាស់គឺព្រះ​បន្ទូលសន្យា​ដែលបានកើតជារូបរាង​នៅក្នុងអង្គ​ព្រះ​យេស៊ូគ្រីស្ដ​ដែលបាន​ប្រសូត​។

ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឱ្យមកពន្យល់នាងម៉ារីថា គាត់នឹងមានគភ៌ ហើយ​ចាត់​ទេវទូ​តមួ​យ​រូបផ្សេងទៀត មកពន្យល់លោកយ៉ូសែបថានាងម៉ារីមានផ្ទៃពោះដោយ​សារព្រះវិញ្ញាណដ៏វិសុទ្ធ។ ដូច្នេះ ហេតុការណ៍ទាំង២ខាងលើនេះបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់យាងមកជួយសង្គ្រោះមនុស្សលោក មិន​​​មែន​តាមរបៀប​អស្ចារ្យ តែទ្រង់​យាងមកក្នុងហេតុការណ៍ដ៏តូចមួយគឺចាប់កំណើតជាមនុស្សក្នុងផ្ទៃស្រ្តី​ម្នាក់ជា​ស្ត្រីព្រហ្មចារី ហើយសូម្បីតែលោ​កយ៉ូ​សែបក៏ពុំបានដឹងពីហេតុអស្ចារ្យទាំងនេះដែរ។​

ដូច្នេះ ដូចជាព្រះជាម្ចាស់យាងមក បែបលាក់ខ្លួន កុំឱ្យគេឃើញ ហើយយើងដឹង​ថា​ព្រះជា​​ម្ចាស់​នឹង​ប្រសូត​ក្នុង​អង្គព្រះយេស៊ូជាព្រះមេស្ស៊ី ប៉ុន្តែជនជាតិអ៊ីស្រាអែលគេរង់ចាំព្រះមេស្ស៊ីប្រកបដោយអំណាច ប្រកប​ដោយ​សិរីរុងរឿងដែលនឹងដាក់ទោសអ្នកបាប ហើយប្រោសមនុស្សសុច្ច​រិតឱ្យមានសេចក្ដី​សុខ​សាន្ត​។ តាម​ពិត​អត់ទេ ព្រះយេស៊ូយាងមកលើកលែងទោសឱ្យអ្នកបាប ហើយប្រោសឱ្យគេកែ​ប្រែ​ចិត្ត​គំនិត​។

ប្រហែលមេរៀនអត្ថបទដំណឹងល្អនៅថ្ងៃនេះបានបញ្ជាក់ច្បាស់ កុំឱ្យយើងរង់ចាំព្រះជាម្ចាស់​នៅ​កន្លែង​ណា​ដែល​ព្រះ​អង្គ​មិន​នៅ ឬស្វែងរកព្រះជាម្ចាស់ក្នុងរឿងលោកីយ៍ ចង់បានទ្រព្យសម្បត្តិច្រើន ចង់​បាន​កិត្តិយស ឬចង់បានអំណាចក្នុងព្រះសហគមន៍ឬអី។ តាមពិតមិនមែនទេ! ព្រះជាម្ចាស់យាងមក សម្ដែងព្រះ​អង្គ​ឱ្យ​​មនុស្សសុច្ចរិត ឱ្យមនុស្សតូចតាច មនុស្សដែលបន្ទាបខ្លួនយល់ ហើយ​កុំស្វែង​រកព្រះ​ជា​ម្ចាស់​ក្នុង​រឿង​លោ​កី​យ៍។ ផ្ទុយទៅវិញ ត្រូវស្វែងរកព្រះជាម្ចាស់ក្នុងរឿងតូចតាច ក្នុងកា​របម្រើ​អ្នក​ដទៃ ក្នុងការអធិដ្ឋាន ទោះ​បី​ការ​អធិដ្ឋានយូរ ឬយើងអផ្សុក ​តែព្រះជា​ម្ចាស់​​គង់នៅ​ទី​នោះ នៅកន្លែងដែលពេលខ្លះយើងមិនសូវចង់ទៅ មិនសូវចង់បម្រើអ្នកក្រីក្រ មិនសូវចង់​អធិដ្ឋាន ប៉ុន្តែ​នៅពេលនោះ ព្រះជាម្ចាស់គង់នៅ។

ដូច្នេះ​ សូមឱ្យយើងត្រៀមខ្លួន ត្រៀមចិត្តចំពោះព្រះជាម្ចាស់ ហើយ​ស្វា​​គមន៍ព្រះអង្គនៅ​កន្លែងណា​ដែល​ព្រះ​អង្គរ​ង់ចាំយើង៕

 

Daily Program

Livesteam thumbnail