ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន១៣,២១-៣៣.៣៦-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

សប្តាហ៍នេះគឺជាសប្តាហ៍ដែលលោកពុកចង់ឱ្យបងប្អូនរិះគិត និងដើរជាប់ជាមួយព្រះយេស៊ូដែលកំពុងតែទទួលសិរីរុងរឿង។ ការទទួលសិរីរុងរឿងមានន័យថាព្រះអង្គត្រូវឆ្លងទុក្ខលំបាក ដើម្បីទៅដល់ភាពជ័យជំះនៃសេចក្តីស្លាប់គឺការរស់ឡើងវិញដ៏រុងរឿង។
សប្តាហ៍នេះជាសប្តាហ៍ពិសិដ្ឋ ថ្ងៃនេះជាថ្ងៃអង្គារយើងស្តាប់ព្រះបន្ទូលអំពីពិធីជប់លៀងចុងក្រោយ ជាព្រឹត្តិការណ៍មួយដែលកើតឡើងក្នុងនោះគឺយូដាសអ៊ីស្កាយ៉ូតជាសមាជិតនៅក្នុងក្រុមគ្រីស្តទូតរបស់ព្រះយេស៊ូម្នាក់ដែលសុខចិត្តលក់ព្រះយេស៊ូ។ សិស្សទាំងអស់អត់ដឹងទេថាមានម្នាក់ក្នុងចំណោមពួកគាត់បានប្រព្រឹត្តអំពើក្បត់។
ពេលនោះព្រះយេស៊ូមានប្រាប់ថាសាវ័កទាំងអស់ថា ម្នាក់ដែលខ្ញុំបានជ្រលក់នំបុ័ងនៅក្នុងស្រាទំពាំងបាយជួរ ហើយហុចឱ្យគាត់គឺអ្នកនឹងហើយ! អ្នកទាំងអស់នោះក៏អត់ទាន់ដឹងថា គឺលោកយូដាសដែលជាអ្នកក្បត់ព្រះអង្គទេ។
បាទបងប្អូន! ទោះបីព្រះយេស៊ូត្រាស់ហៅមនុស្សមួយក្រុម ជាពិសេសសម្រាប់ក្រុមគ្រីស្តទូតតែនៅតែមានម្នាក់ដែលធ្វើឱ្យព្រះអង្គខកចិត្ត ត្បិតគេក្បត់ និងលក់ព្រះអង្គ។ ភាពឈឺចាប់នេះ ជាភាពមួយដែលបងប្អូនអាចមានបទពិសោធន៍ដែរ អ្នកដែលយើងស្រឡាញ់ក្បត់យើង អ្នកដែលយើងទុកចិត្តរំលោភសេចក្តីទុកចិត្តរបស់យើង អ្នកដែលយើងចង់ផ្ញើជីវិតទៅលើគេបែរធ្វើឱ្យយើងខកចិត្តនៅក្នុងជីវិតរបស់យើង មិនខុសពីព្រះយេស៊ូដែលកំពុងជួបនៃការក្បត់របស់សាវ័កជាទីស្រឡាញ់របស់ព្រះអង្គទេ។
ដូច្នេះសូមបងប្អូនជួបជាមួយព្រះអង្គដើម្បីឱ្យយើងមានកម្លាំងនឹងទុកចិត្តទៅលើគ្រឹះមួយដ័រឹងមាំគឺបទពិសោធន៍របស់យើងជាមួយព្រះយេស៊ូ។ ព្រះយេស៊ូយាងមកនៅក្នុងលោកនេះដើម្បីយកបទពិសោធន៍បែបមនុស្សឱ្យយើងមានក្តីសង្ឃឹមនៅក្នុងការរស់នៅ។ ព្រះអង្គបង្ហាញថាព្រះអង្គមកពីព្រះបិតា ឯកន្លែងដែលព្រះអង្គត្រឡប់ទៅវិញនឹងមិនមាននរណាម្នាក់ដឹងឡើយ។ សាវ័កទាំងអស់មិនដឹងថាព្រះអង្គនឹងទៅណាទេ ទោះបីខ្លះនៅតែគិតថាព្រះអង្គនឹងឡើងសោយរាជ្យតែផ្លូវរបស់ព្រះអង្គមិនមែនការសោយរាជ្យទេ តែជាការបូជាជីវិតដើម្បីសង្គ្រោះមនុស្សលោក ហើយប្រគល់ជីវិត ទៅព្រះបិតាវិញ។
បាទបងប្អូន! សុំបងប្អូនជួយអធិដ្ឋានសម្រាប់អស់អ្នកដែលកំពុងធ្វើដំណើររួមជាមួយព្រះអង្គមិនថាត្រៀមជ្រមុជទឹក ឬគ្រីស្តបរិស័ទដែលមានជំនឿយូរហើយ និងអស់អ្នកដែលមាន ការល្បួងសម្ពាធពីសង្គមពីគំនិតលោកិយ៍ធ្វើឱ្យយើងមិនអាចទៅមុខជាមួយព្រះអង្គបានតែសម្រាប់អ្នកជឿ និងសម្រាប់គ្រីស្តបរិស័ទយើងឱ្យយើងរួមទុក្ខជាមួយព្រះអង្គរួមធ្វើដំណើរជាមួយព្រះអង្គ ទោះបីយើងបោះចោលព្រះអង្គពេលក្រោយដូចសាវ័កក៏ដោយឱ្យយើងត្រឡប់មកវិញបំពេញបេសកម្មរបស់ព្រះអង្គ ហើយសុំឱ្យពិធីជប់លៀងដែលព្រះអង្គបានធ្វើនៅថ្ងៃនេះជាឥទ្ធិពលនៃការចិញ្ចឹមជីវិតខាងផ្លូវវិញ្ញាណរបស់យើង កុំឱ្យព្រះយេស៊ូហុចនំបុ័ងឱ្យយើង។
កុំឱ្យយើងក្លាយទៅជាយូដាសអ៊ីស្កាយ៉ូតដែលក្បត់ព្រះអង្គ ហើយមិនកែប្រែចិត្តគំនិត តែសុំឱ្យយើងដូចលោកសិលា ទោះបីបោះចោលព្រះអង្គ ហើយត្រឡប់ មកបំពេញជួយបម្រើព្រះអង្គវិញ សុំឱ្យព្រះបន្ទូលថ្ងៃនេះជាកម្លាំងរបស់បងប្អូន សុំឱ្យព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូនអាចប្រឈមនិងឧបសគ្គគ្រប់បញ្ហាបានដូចនៅឃ្លាចុងក្រោយរបស់ព្រះយេស៊ូនេះផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕ អាមែន
Daily Program
