ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៧,២៦-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅ​ក្នុង​អត្ថបទ​ព្រះគម្ពីរ​ដំណឹងល្អ​​ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​លើក​ឡើង​អំពី​គំរូ​របស់​លោក​ណូអេ និង​គំរូ​របស់​ប្រពន្ធ​របស់​លោក​ឡុត។ ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូ​លើក​ឡើង​អំពី​បុគ្គល​ទាំង​ពីរ​នាក់​នេះ? លោក​ណូអេ​បាន​ដឹង​អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង បន្តិច​ទៀត​​ព្រះ​ជា​ម្ចាស់​នឹង​នាំ​ឲ្យ​មាន​ទឹក​ជំនន់ ហើយ​ទឹក​ជំនន់​នេះ​នឹង​​បំផ្លិចបំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ពិភពលោក រីឯ​ប្រពន្ធ​លោក​ឡុត ព្រះយេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​ឲ្យ​យើង​ធ្វើ​ដំណើរ​ទៅ​មុខ យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ កុំ​ងាក​រេ។ យើង​​ឃើញ​ថា ប្រពន្ធ​របស់​លោក​ឡុត គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ តែគាត់​បែរ​មើល​ក្រោយ នាំ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​រូប​សំណាក។

តើហេតុទាំង២នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​សម្រាប់​យើង​ជា​គ្រីស្តបរិស័ទ? ​ឬ​មាន​អត្ថន័យ​យ៉ាង​ណា​សម្រាប់​ពិភពលោក​ទាំង​មូល ជាពិសេស​សម្រាប់​មនុស្សជាតិ​នៅ​ក្នុង​ពិភពលោក​នេះ?

បងប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​បងប្អូន​អាន​ព្រះគម្ពីរ​វិវរណៈ​របស់​សន្ត​យ៉ូហាន សន្ត​យ៉ូហាន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ងើយ​មើល​ទៅ​លើ ​ព្រះ​ជា​ម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។ អ្វី​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​យើង​នៅ​ក្នុង​អត្ថបទ​ដំណឹងល្អ​នៅ​ក្នុង​ថ្ងៃ​នេះ ព្រះអង្គ​ចង់​ឲ្យ​យើងត្រៀម​ខ្លួន ត្រៀម​ចិត្តគំនិត ដើម្បី​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ។ ព្រះយេស៊ូ​មើល​ឃើញ​ថា ពិភពលោក​នេះកំពុង​តែ​រស់​នៅ​ក្នុង​ភាព​ងងឹត មនុស្ស​ចូលចិត្ត៖ ប្រកួតប្រជែង​គ្នា ផឹកស៊ី លេងល្បែង រៀបចំ​ជា​គូ​ស្វាមី​ភរិយា ប្រឹងប្រមូល​អ្វីៗ​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន ​ភ្លេច​ព្រះ​ជា​ម្ចាស់ នឹង​ភ្លេច​ការ​ចែក​អំណរ​សប្បាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ប្រាប់​ថា៖ «ឲ្យ​យើង​ប្រយ័ត្ន​បងប្អូន ប្រយ័ត្ន​ប្រយែង​ឲ្យ​មែនទែន»។

យើង​ឃើញ​ថា មនុស្ស​កាន់តែ​បំផ្លាញ​អ្វី​ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដូចជា៖ ការ​កាប់​បំផ្លាញ​ព្រៃ​​ឈើ ការ​រុក​រុក​រ៉ែ ការប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ បង្ករ​សង្គ្រាម មាន​អ្នក​ក្រីក្រ មាន​អ្នក​ចំណាកស្រុក មាន​អ្នក​ជំងឺ មាន​អ្នក​ដែល​អត់​ឃ្លាន អ្នក​ជួប​គ្រោះ​ទុរភិក្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​យើង​នេះ។

ហេតុ​នេះ​ព្រះយេស៊ូ​ប្រាប់​ថា៖ «យើង​ត្រូវ​ការ​រស់​នៅ​ឲ្យ​សមស្រប​ជា​បុត្រ​ធីតា​របស់​ព្រះ​ជា​ម្ចាស់»។ ដោយ​សារ​​សកម្មភាព​របស់​មនុស្ស​ដែល​មិន​បាន​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ម្ចាស់ នាំ​ឲ្យ​ពិភពលោក​យើង​នេះ វិនាស​អន្តរាយ។ ដូច្នេះយើង​ត្រូវ​ធ្វើ​តាម​របៀប​ណា ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សេចក្ដី​សុខសាន្ត? ព្រះ​ជា​ម្ចាស់​ចង់​ឲ្យ​យើង​រស់​នៅដោយ​មាន​សុភមង្គល មាន​សុភវិនិច្ឆ័យ ​មាន​សុខដុមរមនាមិន​ឈ្លោះ​គ្នា ទោះបី​យើង​កាន់​សាសនា​ផ្សេង និកាយ​ផ្សេង ឬ​អ្នក​ជឿ​ផ្សេង​ក្រៅ​ពី​យើង  យើង​ជា​បុត្រ​ធីតា​របស់​ព្រះ​ជា​ម្ចាស់​តែ​មួយ គ្រាន់​តែ​​យើង​មាន​គំនិត​ផ្សេងតែប៉ុណ្ណោះ។

ហេតុ​នេះ យើង​ត្រូវ​តែព្យាយាម​បែរ​​ទៅ​រក​ព្រះ​ជា​ម្ចាស់! ជា​ព្រះ​សង្គ្រោះ​របស់​យើងគឺ​ព្រះយេស៊ូ​គ្រីស្ត! យើង​​​ត្រូវ​តែព្យាយាម​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​​មាន​សុខ​ស​ន្តិ​​ភាព។ សុខ​សន្តិភាព មិន​មែន​គ្រាន់តែ​យើង​ឃើញ​តែសំបក​​ក្រៅ​ សុខ​សន្តិភាព ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​ចិត្ត​របស់​យើង​ផង​ដែរ។

អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ គឺ​យើង​ត្រូវប្រតិបត្តិ​ជំនឿ​របស់​យើង​ឲ្យ​បាន​ម៉ត់ចត់ ឲ្យ​បាន​ត្រឹមត្រូវ កុំ​ផិត​ក្បត់​ព្រះ​ជា​ម្ចាស់។ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះ​ជា​ម្ចាស់ ឲ្យ​យើង​ជឿ​ឲ្យ​បាន​ល្អ ឲ្យ​បាន​ត្រឹមត្រូវ និង​កុំ​ឲ្យ​យើង​វង្វេង។ ពេល​ណា​យើង​វង្វេង យើង​បែរ​ទៅ​រក​មារ​សាតាំង ​ប៉ុន្តែ! ​ប្រសិន​បើ​យើង​នៅ​ជាប់​ជាមួយ​ព្រះ​ជា​ម្ចាស់ យើង​បែរ​ទៅ​រក​ព្រះ​ជា​ម្ចាស់។ អាម៉ែន៕

 

Daily Program

Livesteam thumbnail