ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បអត្ថបទគម្ពីរ លូកា (៦,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! អត្ថបទថ្ងៃនេះតាមលូកា (៦,២០-២៦) ព្រះយេស៊ូមានព្រះបន្ទូលអំពីសុភមង្គល និងអមង្គល។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែលជាជនកំសត់អើយ អ្នករាល់គ្នាមានសុភង្គលហើយ ត្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាអម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ អ្នករាល់គ្នាមានសុភមង្គលហើយ ត្បិតអ្នករាល់គ្នានឹងបានឆ្អែត។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ អ្នករាល់គ្នានឹងបានត្រេកអរ អ្នករាល់គ្នាមានសុភមង្គលហើយ។ ចំណែកអ្នករាល់គ្នាដែលជាអ្នកមានអើយ អ្នករាល់គ្នានឹងត្រូវវេទនា ត្បិតអ្នករាល់គ្នាត្រូវបានទទួលសម្រាលទុករួចសម្រេចហើយ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ អ្នករាល់គ្នានឹងស្រេកឃ្លានជាមិនខាន។
អ្នកកំពុងតែត្រេកអរអើយ អ្នករាល់គ្នានិងត្រូវកាន់ទុក្ខ ហើយនឹងត្រូវយំសោកជាពុំខាន មានសាវ័ករបស់ព្រះយេស៊ូ និងបណ្តារជនយ៉ាងច្រើនកុះករនៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលនេះ ពួកគេងឿងឆ្ងល់យ៉ាងខ្លាំង ចុះយើងកំពុងស្តាប់នេះឆ្ងល់ទេ! ហេតុអ្វីបានជាព្រះយេស៊ូមានព្រះបន្ទូលបែបនេះ? ជាធម្មតា អ្នកដែលក្រខ្សត់ អ្នកដែលកំពុងស្រេកឃ្លាន អ្នកយំសោក អ្នកកំពុងជួបប្រទះទុក្ខលំបាក គឺជាមនុស្សសុភាពរាបសារ និងជាមនុស្សស្មោះត្រង់។ ពួកគេចេះបន្ទាបខ្លួន ពួកគេទុកចិត្តលើធម៌មេត្តាករុណារបស់ព្រះយេស៊ូ ពួកគេជាមនុស្សក្រខ្សត់ ឬមនុស្សដែលកំពុងតែស្រេកឃ្លាន ឬយំសោកមែន តែអស់អ្នកទាំងនោះខ្លាំងពូកែខាងផ្លូវវិញ្ញាណ និងជំនឿរឹងមាំលើព្រះយេស៊ូ។
ពួកគេមានចិត្តទូលំទូលាយ ស្តាប់ និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ពួកគេក្លាយទៅជាមនុស្សល្អមិនជិះជាន់អ្នកដទៃ ពួកគេទទួលយកការតិះដៀល ការបង្ខូចឈ្មោះទាំងអស់ដោយសារព្រះនាមព្រះយេស៊ូ។ ដោយធ្វើដូច្នេះពួកគេក្លាយជាមនុស្សក្រសត់ ឬអ្នកស្រេកឃ្លាន ឬអ្នកដែលយំសោកនៅមុខមនុស្សលោក ប៉ុន្តែពួកគេក្លាយជាមនុស្សដែលមាននៅព្រះភ័ក្រ្តរបស់ព្រះអង្គ។ ជីវិតរបស់ពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គ និងការបង្ហាញធម៌មេត្តាករុណាចំពោះអ្នកដទៃ។
ពួកគេសន្សំកំណប់នៅស្ថានបរមសុខសម្រាប់ពួកគេ ចំនែកអ្នកមាន អ្នកឆ្អែត ឬត្រេកអរនៅពេលនេះគិតថា ពួកគេជាអ្នកដែលមានសុភមង្គលហើយដោយសារទ្រព្យសម្បត្តិ និងអំណរសប្បាយដែលពួកគេមាននៅពេលនេះ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា អ្នករាល់គ្នាត្រូវវេទនាហើយ ដោយសារពួកគេជាប់ចិត្តជាមួយទ្រព្យសម្បត្តិ និងជីវិតគេយ៉ាងតឹងរឹង។ ពួកគេគិតតែទ្រព្យសម្បត្តិ និងការសប្បាយរីករាយក្នុងលោកនេះ ពួកគេមិនចង់ញអបង់អ្វីសោះឡើយ។ ពួកគេមិនចែករំលែងទ្រព្យសម្បត្តិ និងរបស់របរអំណរសប្បាយរបស់គេជាមួយអ្នកដទៃ។
បងប្អូនជាទីស្រឡាញ់! តាមរយៈអត្ថបទថ្ងៃនេះព្រះយេស៊ូអញ្ជើញយើងទាំងអស់គ្នាស្រេកឃ្លានព្រះជាអម្ចាស់ជាព្រះបិតារបស់យើងឱ្យយើងខំប្រឹងមករកព្រះយេស៊ូនៅក្នុងជីវិតរស់នៅសព្វថ្ងៃ។ ព្រះយេស៊ូអញ្ជើញពួកយើងរួមទុកជាមួយព្រះអង្គ ដោយជួបលំបាក និងទុក្ខលពាកនៅក្នុងជីវិតប្រចាំថ្ងៃ បើយើងជួបលំបាកឧបសគ្គ និងទុក្ខលំបាកនៅក្នុងជីវិតប្រចាំថ្ងៃយើងរួមដំណើរជាមួយព្រះយេស៊ូ ដោយសោយទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងជីវិតរបស់បងប្អូនដែលជួបទុក្ខលំបាកយ៉ាងខ្លាំងដែរ។ សូមព្រះជាម្ចាស់បំភ្លឺចិត្តគំនិតរបស់យើង ដើម្បីឱ្យយើងខំប្រឹងរួមដំណើរជាមួយព្រះយេស៊ូដែលសោយទុក្ខលំបាក ដើម្បីឱ្យយើងមានជីវិតរស់នៅអស់កល្បជានិច្ចនៅស្ថានបរមសុខ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
