ថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ១៥,២៦-១៦,៤អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ គ្លេន ឌីយ៉ាស
ជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះថ្ងៃចន្ទ អាទិត្យទី៦ ក្នុងរដូវបុណ្យចម្លង។ នៅក្នុងអត្ថបទទាំងពីរដែលយើងបានឮនៅក្នុងថ្ងៃនេះ និយាយអំពីការត្រាស់ហៅរបស់យើងជាគ្រីស្តបរិស័ទ ដែលមកពីព្រះជាម្ចាស់ ត្រាស់ហៅយើងឱ្យទៅក្លាយជាសាក្សីអំពីជំនឿ និងធ្វើសកម្មភាពតាមជំនឿដែលយើងមាន។ ប៉ុន្តែ ភាគច្រើនប្រហែលជាខ្លាច អត់សូវហ៊ាន និងអត់សូវមានសេចក្តីក្លាហាន ដើម្បីប្រកាសជំនឿដែលយើងមានលើព្រះជាម្ចាស់ និងលើព្រះយេស៊ូគ្រីស្ត។ ដូច្នេះហើយ នៅក្នុងថ្ងៃនេះដែរ ព្រះបន្ទូលដំណឹងល្អបានរំលឹកយើងថា មានព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់មក ដើម្បីជួយ និងណែនាំយើង។
បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទទីមួយ យើងបានឮអំពីសកម្មភាពរបស់គ្រីស្តទូត។ គ្រីស្តទូតដែលធ្វើដំណើរពីចម្ងាយ ទៅដល់កន្លែងមួយមានឈ្មោះថា ភីលីពី។ នៅក្នុងទីក្រុងម៉ាសេដូន្យានោះ មានអ្នករកស៊ីម្នាក់ឈ្មោះ លីឌា។ លីឌា និងក្រុមគ្រួសាររបស់គាត់មិនមែនជាគ្រីស្តបរិស័ទទេ ពួកគាត់មិនទាន់បានស្តាប់អំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលដំណឹងល្អរបស់ព្រះយេស៊ូឡើយ។ ប៉ុន្តែ ពេលគ្រីស្តទូត (ឬសាសនទូត) ប៉ុន្មាននាក់មកដើម្បីប្រកាសអំពីព្រះយេស៊ូ នាង លីឌា បានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះការចែករំលែករបស់គាត់ រហូតដល់ លីឌា បានកែប្រែចិត្តគំនិត និងសម្រេចចិត្តទទួលអគ្គសញ្ញាជ្រមុជទឹកតាមរយៈគ្រីស្តទូត។
នេះជាសកម្មភាពមួយ ឬឧទាហរណ៍មួយ ដែលផ្តល់កម្លាំងចិត្តដល់យើងជាសាសនទូត ជាពិសេសក្នុងការធ្វើការនៅប្រទេសកម្ពុជា ដែលជាប្រទេសមិនសូវមានគ្រីស្តបរិស័ទប៉ុន្មាន។ ប៉ុន្តែ បទពិសោធន៍របស់គ្រីស្តទូតនោះ ផ្តល់កម្លាំងដល់យើង ដើម្បីបន្តធ្វើដំណើរ ប្រកាសដំណឹងល្អ និងធ្វើសកម្មភាពអំពីជំនឿដែលយើងមានលើព្រះយេស៊ូ។
លីឌា គឺជាអ្នករកស៊ីម្នាក់ដែលមានរបៀបរស់នៅសាមញ្ញ ប៉ុន្តែក្រោយពីគាត់បានឮអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ គាត់បានកែប្រែចិត្តគំនិត និងអញ្ជើញគ្រីស្តទូតឱ្យមកស្នាក់នៅផ្ទះរបស់គាត់។ មានន័យថា គាត់បានបើកចិត្តទាំងស្រុងដើម្បីទទួលព្រះយេស៊ូ និងទទួលអ្នកដែលប្រកាសអំពីជំនឿលើព្រះយេស៊ូ ឱ្យក្លាយជាបងប្អូនវិញ។ លីឌាបានសុខចិត្តអញ្ជើញគាត់ចូលក្នុងផ្ទះ ហើយក្រោយមក លីឌាបានក្លាយជាសាក្សីអំពីព្រះយេស៊ូដល់សមាជិកក្រុមគ្រួសាររបស់គាត់វិញ រហូតដល់ក្រុមគ្រួសាររបស់លីឌាទាំងមូលបានក្លាយជាគ្រីស្តបរិស័ទ និងទទួលព្រះយេស៊ូដែលជាព្រះសង្គ្រោះរបស់គាត់ដែរ។
នេះជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់យើងជាគ្រីស្តបរិស័ទ ជាពិសេសពេលយើងនៅជុំវិញមនុស្សដែលមិនមែនជាគ្រីស្តបរិស័ទ មិនទាន់ស្គាល់ និងអត់ទាន់មានជំនឿលើព្រះយេស៊ូ។ សូមបង្ហាញពួកគាត់ថា ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់បានសន្យាប្រទានដល់យើង អាចជួយយើងឱ្យមានសេចក្តីក្លាហាន ដើម្បីទៅក្លាយជាសាក្សី ថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ចំពោះបងប្អូនដទៃៗទៀត ជាពិសេសពួកគាត់ដែលមិនទាន់ស្គាល់ និងទទួលព្រះយេស៊ូ។
ខ្ញុំអធិស្ឋានសម្រាប់បងប្អូនទាំងអស់ ជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងយល់ ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីព្រះយេស៊ូ តាមរយៈការជួយ និងណែនាំពីព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យពួកគាត់ទទួល និងស្គាល់ព្រះយេស៊ូដូចយើងដែរ៕
