ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ៣ (២២-៣០) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
បងប្អូនជាទីស្រឡាញ់ ដំណឹងល្អនៅថ្ងៃនេះ យើងនឹងមកជួបស្ដាប់អំពីជីវិតរបស់លោក យ៉ូហាន បាទីស្ដ។ ដូចបងប្អូនបានស្គាល់ហើយ លោកយ៉ូហាន បាទីស្ដ ជាឥសីម្នាក់ដែលរស់នៅវាលរហោស្ថាន ហើយជាលោកម្នាក់ដែលមានសាវ័កដើរតាម អាទិត្យមុនលោកយ៉ូហានបានប្រាប់ថានរណាជាកូនចៀមរបស់ព្រះជាម្ចាស់។ លោកយ៉ូហាន បានបន្ទាបខ្លួនរស់នៅដោយចិត្តសុភាពរាបសារ ហើយទទួលស្គាល់ថាលោកគ្រាន់តែជាសំឡេងមួយដើម្បីប្រាប់ថា នោះហ្ន៎ ជាកូនចៀមរបស់ព្រះជាម្ចាស់។
លោកបានបង្ហាញឲ្យសាវ័កទៅតាមព្រះយេស៊ូ ទោះបីលោកមានឈ្មោះ មានគេស្គាល់ គេចង់ស្ដាប់ គេមករកលោកជាច្រើន ប៉ុន្តែលោក យ៉ូហាន ពេញចិត្តសប្បាយចិត្តនឹងទទួលស្គាល់ថា អ្វីដែលលោកកំពុងតែធ្វើ កំពុងតែរៀបចំ គឺជាផ្លូវសម្រាប់ព្រះគ្រីស្ត។
លោកយ៉ូហាន ក៏បង្ហាញយើងសព្វថ្ងៃនេះ ឲ្យយើងទៅរកព្រះគ្រីស្ត ឲ្យយើងសម្លឹងមើល នេះហ្ន៎ ជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលបានយាងមកដើម្បីស្រឡាញ់ ដើម្បីបូជាសម្រាប់មនុស្សទាំងឡាយ។ ចូរយើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់ ដើម្បីឲ្យព្យាការី លោកយ៉ូហាន បាទីស្ដ ដែលបានបង្ហាញកូនចៀមរបស់ព្រះជាម្ចាស់ ឲ្យយើងមកជួបព្រះអង្គ។
នៅពេលដែលយើងឃើញព្រះអង្គ នៅពេលនោះយើងនឹងមានអំណរសប្បាយរីករាយ ដើម្បីធ្វើដំណើរជាមួយព្រះអង្គ ដើម្បីបង្ហាញឲ្យមនុស្សទាំងឡាយឃើញថា ព្រះយេស៊ូពិតជាព្រះបុត្រាព្រះជាម្ចាស់ ជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលបានមកក្នុងលោកនេះ ដើម្បីឲ្យមនុស្សលោកមានជីវិត ដែលបានមកពីព្រះជាម្ចាស់ប្រទានឲ្យ។
សូមឆ្នាំថ្មីនេះ ជួយឲ្យយើងម្នាក់ៗ មានជំនឿ ក្ដីសង្ឃឹមលើព្រះគ្រីស្ត ដែលបានមកក្នុងលោកនេះ ដើម្បីរស់នៅ និងដើម្បីនាំជីវិតយើងទៅកាន់ព្រះបិតា អាម៉ែន៕