ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរ (លូកា១,១-៣ និង ១១-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
នៅក្នុងអាទិត្យនេះ យើងបានស្ដាប់លោកលូកា១,១-៣ និង ១១-៣២ ជាព្រះបន្ទូលដំណឹងល្អ ជា បេះដូង របស់ព្រះជាម្ចាស់ អំពីឳពុករង់ចាំកូនពៅដែលវង្វេងបាត់ទៅ។ អស្ចារ្យមែនទែនបងប្អូន ឳពុកអង្គុយមើល ផ្លូវកូនពៅ រង់ចាំមើលកូនពៅនឹងវិលមកវិញ ហើយក៏បានឃើញមែន។
កូនពៅដែលនៅឆ្ងាយនៅឡើយ ឳពុករត់ទៅអោបដោយមិននិយាយស្ដីអំពីកំហុសខុសឆ្គងរបស់កូនពៅ។ តែផ្ទុយទៅវិញ បែរជាឱ្យអ្នកបម្រើប្រញាប់ប្រញាល់រៀបចំស្លៀកពាក់ ពិធីជប់លៀងអ្វីៗទាំងអស់ ជាអំណរ សប្បាយមួយដែលឳពុកបានទទួលកូនពៅដែលបានបាត់ទៅហើយរកឃើញវិញ កូនពៅដែលស្លាប់ទៅ ហើយរស់ឡើងវិញ។ នេះជាបេះដូងរបស់ឳពុក បេះដូងរបស់បិតាដែលមានសម្រាប់អ្នកបាបទាំងឡាយ។
បងប្អូនជាទីស្រឡាញ់! យើងធ្លាប់ធ្វើដូចកូនពៅដែរឬទេ? ជាពិសេសមិនត្រឹមតែធ្វើបាបតែប៉ុណ្ណោះ ប៉ុន្តែ មានចិត្តគំនិតវិលត្រឡប់មករកព្រះជាម្ចាស់វិញដែរឬទេ? នៅក្នុងរដូវ៤០ ថ្ងៃនេះជាឱកាសមួយ ពិសេស មែនទែនបងប្អូន ដើម្បីទទួលស្គាល់ថាជួនកាលយើងជាកូនពៅ ជួនកាលយើងជាកូនច្បងដែលចេះ តែ ឈ្លោះគ្នា ចេះតែឈ្នានីសគ្នា ខឹងគ្នា ស្អប់គ្នា មើលងាយគ្នា។
តែសូមឱ្យយើងសម្លឹងមើលព្រះបិតាយើង សម្លឹងមើលឳពុកយើង លោកមានព្រះហឫទ័យប្រណីសន្តោស ។ មិនមែនថា គាំទ្រកូនច្បងចោលកូនពៅ មិនមែនទទួលកូនពៅចោលកូនច្បង គឺមិនមែនទេ។ សូម ឱ្យ យើងទទួលព្រះពរ ដើម្បីយើងអាចកែប្រែចិត្តគំនិត អាចមានរបៀបរស់នៅក្នុងសេចក្ដីស្រឡាញ់។
ក្នុងរដូវ៤០ថ្ងៃនេះ ចូរឱ្យបងប្អូនមើលអ្វីៗដែលជាទម្លាប់ ជាប្រពៃណីនៃមនុស្ស តើខ្ញុំមានទម្លាប់អ្វីខ្លះ នៅ ក្នុងចិត្តខ្ញុំ? តើខ្ញុំបានអធិដ្ឋានទេ? តើខ្ញុំបានចែកទានទេ? តើខ្ញុំបានជួយបងប្អូនទេ? ចំណុចទាំងនេះ គឺការតម ចែកទាននិងការអធិដ្ឋាន។ នៅពេលណាដែលខ្ញុំភ្លេច ខ្ញុំមើលទៅព្រះយេស៊ូ ព្រះអង្គដែលនៅ លើឈើឆ្កាង ស្រេកឃ្លានសេចក្ដីស្រឡាញ់ និងអធិដ្ឋានលើកលែងទោសឱ្យយើងម្នាក់ៗ។ នៅពេលនោះ យើងនឹងទទួលស្គាល់ថាបាបរបស់យើង មិនធំទេសម្រាប់ព្រះជាម្ចាស់។
សូមបងប្អូនទទួលសេចក្ដីស្រឡាញ់ ដើម្បីឱ្យសេចក្ដីស្រឡាញ់ជម្រះចិត្តគំនិត ភាពសៅហ្មងទាំងឡាយ នូវ ភាពទន់ខ្សោយរបស់យើងជាមនុស្ស បែរជាទទួលសេចក្ដីស្រឡាញ់ ទទួលធម៌មេត្តាករុណា ដូចឳពុកមាន សម្រាប់កូនទាំងអស់គ្នា។ អាម៉ែន៕