ប្រធានបទ៖ តើកំណប់ដែលមនុស្សលោកទទួលបានពីព្រះជាម្ចាស់ជាអ្វី?
បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
បូ. ផាន បូរី៖ គ្រប់អំណោយ ឬសេចក្តីអំណរទាំងប៉ុន្មានសុទ្ធសឹងតែបានទទួលពិឋានលើទាំងអស់! ព្រះបិតាជាអ្នកបង្កើតពន្លឺ ព្រះអង្គស្មោះត្រង់ជានិច្ច ទ្រង់ចេះប្រែក្រឡាស់ឡើយ ជាក់ស្តែងនៅក្នុងព្រះហស្តរបស់ទ្រង់សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានដែរ។
បងប្អូន! តាមជំនឿរបស់គ្រីស្តបរិស័ទ អ្វីៗដែលយើងមាន គឺយើងបានទទួលពីព្រះជាម្ចាស់ផ្ទាល់ ហើយផលផ្លែទាំងអស់នោះបង្រៀនយើងឲ្យផ្លាស់ប្តូររបៀបរស់នៅ ដោយចេះយកអស្សារពីមនុស្សនៅជុំវិញខ្លួន និងជាបុគ្គលម្នាក់ដែលមានមនុស្សស្រឡាញ់រាប់អានច្រើននៅក្នុងសង្គម។ សេចក្តីស្រឡាញ់ដែលយើងជាគ្រិស្តបរិស័ទបានទទួលបានកប់ជ្រៅនៅក្នុងជីវិត ក្រោយពេលយើងសម្រេចចិត្តទទួលអគ្គសញ្ញាជ្រមុជទឹក យើងបានស្មគ្រ័ចិត្តរួមរស់ រួមស្លាប់ជាមួយព្រះជាម្ចាស់យេស៊ូគ្រីស្តរួចទៅហើយ មានន័យថាពេលណាដែលយើងទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ទ្រង់បានគង់នៅក្នុងខ្លួនយើងជាស្រេច។ វត្តមានរបស់ទ្រង់ក្នុងខ្លួន ទ្រង់បានបំភ្លឺយើងម្នាក់ៗឲ្យផ្លាស់ប្រែរបៀបរស់នៅថ្មីប្រកបដោយក្តីស្រឡាញ់ចំពោះបងប្អូនទូទៅ។ អស់អ្នកដែលកាន់គ្រីស្តសាសនា យើងមានបេះដូងធំណាស់ ព្រោះថាគ្រីស្តសាសនា ជាសាសនានៃសេចក្តីស្រឡាញ់ ដែលចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក តែផ្ទុយទៅវិញបើមិនចេះលើកលែងទៅឲ្យគ្នាទេ មានន័យថាបុគ្គលទាំងនោះមិនមែនជាសាវ័ករបស់ព្រះយេស៊ូនោះទេ។ អ្នកដែលជឿលើព្រះយេស៊ូ គឺតែងតែខិតខំស្វែងរកសេចក្តីសុខសាន្ត និងសុខសន្តិភាពឲ្យប្រទេសទាំងមូល គឺរស់នៅមិនស្អប់ ឬក៏មើលងាយអ្នកដទៃនោះឡើយ។ មនុស្សយើងម្នាក់ៗមានតំលៃខ្លាំងណាស់ ហើយតំលៃនេះហើយគឺជាកំណប់ដែលបានទទួលមកពីព្រះជាម្ចាស់ ជាពិសេសខ្លួនយើងម្នាក់ៗ ជារួបតំណាងរបស់ព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់! មនុស្សទូទៅនៅជុំវិញខ្លួនយើង អាចស្អប់ អាចខឹងយើងបានគ្រប់ពេលវេលា គ្រប់ទីកន្លែងណាក៏បាន តែហាមដាច់ខាតយើងខ្លួនឯង កុំស្អប់ កុំខឹងនិងខ្លួនឯង ព្រោះយើងមានតួនាទីដ៏សំខាន់គឺការពារមើលថែខ្លួនឯងឲ្យបានល្អជាទីបំផុត ព្រោះរូបកាយយើងនេះហើយ ជាព្រះអំណោយទាន ជាកំណប់ដែលយើងបានទទួលពីព្រះជាម្ចាស់។ អាមែន
ដោយ ឆាក លាំង