ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ៤,៣១-៣៧អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះយេស៊ូធ្វើសកម្មភាពមួយដែលបង្ហាញអំណាចឫទ្ធិរបស់ព្រះជាម្ចាស់នៅក្នុងលោកនេះដើម្បីយើងឃើញ គឺការឈ្នះសេចក្តីអាក្រក់ មាសារតាំង ដូចខ្មោច។

បងប្អូនដឹងហើយថារឿងអាក្រក់ឬក៏ខ្មោចហ្នឹងយើងពិបាកជឿពិបាកថាមាន ប៉ុន្តែព្រះបន្ទូលថ្ងៃនេះបា​ន​ប្រាប់​យើងអំពីខ្មោចដែលធ្វើបាបមនុស្សដែលកំពុងមានចិត្តគំនិតខ្សោយ។ វានឹងទាញអ្នកដែលមាន​ចិត្ត​ខ្សោយ​ឲ្យ​​ធ្វើសកម្មភាពផ្តេសផ្តាស ឬក៏សេចក្តីអាក្រក់ផ្សេងៗ។

ដូច្នេះពេលណាយើងមានអារម្មណ៍ថាយើងមានខ្មោចឬ​ក៏មានចិត្តអាក្រក់ និងវិញ្ញាណមិនល្អនៅក្នុងខ្លួន ចូរ បង​ប្អូ​នកុំភ័យ! កុំខ្លាច! ត្បិតពេលណាមានខ្មោច ពេលនោះយើងដឹងថាមានព្រះជាម្ចាស់គង់ជាមួយ​ដែរ។ ហើយ​សេច​ក្តីល្អ អំណាចឫទ្ធិរបស់ព្រះជាម្ចាស់គឺខ្លាំងជាងសេចក្តី​អាក្រក់ទាំង​អស់​នោះ​​។ ថ្ងៃនេះ​ព្រះអង្គ​​ដេញខ្មោចចេញពីបុរសម្នាក់ដែលនៅស្ងៀមឱ្យចេញទៅ។ វាធ្វើសកម្មភាពឱ្យមនុស្សផ្អើល ក៏ប៉ុន្តែ​ក្រោយ​មក​បុរសនោះបានជាធម្មតាវិញ។

បងប្អូនត្រូវដឹងថាកាលណា​មានរឿងស្មុកស្មាញក្នុងចិត្ត មានសេចក្តីអាក្រក់ចូលក្នុងជីវិតរបស់យើង មាន​រឿង​មិនល្អ រឿងអពមង្គល រឿងអស់សង្ឃឹមចូលក្នុងជីវិតរបស់យើង ប្រហែល​វាអាចចាត់​ទុកថា​ជាចំណែក​មួយ​នៃភាពអាក្រក់ ដែលមាននៅក្នុងជុំវិញជីវិតរបស់យើង។ តែបងប្អូនកុំភ័យ! កុំខ្លាច! ត្រូវ មានចិត្ត​ក្លា​ហាន​ឡើង បង្វែរជីវិតរបស់យើងទៅស្វែងរកព្រះយេស៊ូគ្រីស្ត។ យើងអធិស្ឋាន យើងទូលអង្វរព្រះអង្គ យើង​ពឹងពាក់ទៅលើព្រះអង្គ នឹងផ្ញើជីវិតរបស់យើងទៅព្រះអង្គទាំងស្រុង។ របៀបនេះហើយ ធ្វើ​ឱ្យ​ឫទ្ធិ​អំណាច​របស់ព្រះជាម្ចាស់ អាចជួយសង្គ្រោះបងប្អូនបាន។

ល្អជាងបងប្អូនទៅពឹងទៅលើមនោគមវិទ្យាផ្សេង ល្អជាងទៅពឹងទៅលើរបៀបផ្សេងៗ អ្វីដែល​យើងគួ​រ​តែ​ធ្វើ គឺទៅរកព្រះជាម្ចាស់ ទៅរកព្រះយេស៊ូគ្រីស្ត ដែលជាព្រះសង្រ្គោះរបស់យើង។ ការអធិស្ឋានរបស់យើង ពាក្យទូលអង្វររបស់យើង មិនខាតបង់ទេ។ សូមតែបងប្អូន ផ្ញើទុក្ខលំបាក ភាពកង្វល់ ភាពទន់ខ្សោយ នៅ​ក្នុង​ជីវិតរបស់យើងទៅព្រះអង្គ។ ព្រះអង្គនឹងជួយយើង សង្គ្រោះយើង ការពារយើងមិន​ឱ្យ​សេចក្តី​អាក្រក់​នោះ​មកធ្វើបាបយើងបានឡើយ។

សូមព្រះជាម្ចាស់ប្រទានកម្លាំងដល់បងប្អូន សង្គ្រោះបងប្អូនហើយសូមបងប្អូនរួមជា​មួយព្រះអំណោយទា​ន​ព្រះជាម្ចាស់ ដើម្បីឱ្យឫទ្ធានុភាពរបស់ព្រះអង្គ ជ្រាបជ្រៀតចូលក្នុងជីវិតរបស់យើងបានផងដែរ។ សូម​ព្រះ​ជា​ម្ចាស់ប្រទានពរដល់បងប្អូន៕

 

Daily Program

Livesteam thumbnail