តើបុណ្យចម្លងមានអត្ថន័យបែបណា ក្នុងប្រពៃណីរបស់ព្រះសហគមន៍កាតូលិក?

បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី តំណាងពេញសិទ្ធិ​លោកអភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ

បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាស្រលាញ់! បុណ្យចម្លង គឺជាពិធីបុណ្យមួយរបស់ជនជាតិយូដា ហើយក៏ជាបុណ្យដែលមានសារៈសំខាន់បំផុតសម្រាប់ជនជាតិយូដាផងដែរ។ ជនជាតិយូដាប្រារព្ធបុណ្យនេះលើកទីមួយ យើងអាចត្រឡប់ទៅមើលក័ណ្ឌគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព​១២,១៣-២៦-២៧ ជាព្រះគម្ពីរដែលគេធ្វើបុណ្យចម្លងលើកទី១។

នៅពេលនោះយើងឃើញថា ព្រះជាម្ចាស់បានព្យាយាមឲ្យជនជាតិអេហ្សីបដោះលេងជនជាតិយូដាទៅស្រុកកំណើតវិញ គឺទឹកដីដ៏វិសុទ្ធ ប៉ុន្តែដោយសារចិត្តរឹងទទឹងរបស់ស្តេចផារ៉ោន ក៏ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ហើយក៏បានដាក់ទណ្ឌកម្មដោយបង្កើតឲ្យមានគ្រោះទុរភិក្ស ប៉ុន្តែទាក់ទងនឹងអត្ថន័យធ្វើឲ្យមានកើតមានទុរភិក្សទី១០ គឺព្រះជាម្ចាស់ឲ្យប្រជាជនយូដាធ្វើបុណ្យចម្លងដោយសម្លាប់កូនចៀមយកឈាមទៅលាបនៅក្លោងទ្វារ។

នៅយប់នោះក្រុមទេវទូតនឹងចុះមកសម្លាប់កូនច្បងរបស់ជនជាតិអេហ្សីប និយាយរួមគឺទាំងអស់។ ប៉ុន្តែ បើផ្ទះណាមានលាបឈាមកូនចៀមដែលជាទីសម្គាល់ថាបានធ្វើបុណ្យចម្លង គឺពួកទេវទូតនឹងរំលង។ មានន័យថាគ្រប់ផ្ទះដែលមានលាបឈាមកូនចៀម មិនត្រូវបានសម្លាប់កូនច្បងនោះឡើយ។ ហេតុនេះពេលក្រុមទេវទូតទៅដល់ភូមិរបស់ពួកអេហ្សីប សូម្បីតែនៅក្នុងវាំងរបស់ស្តេចផារ៉ោន ក៏ត្រូវសម្លាប់កូនទី១ ឬកូនច្បងរបស់គាត់ផងដែរ។

នេះជាការសង្គ្រោះលើកទី១តាមរយៈបុណ្យចម្លងរបស់ជនជាតិអ៊ីស្រាអែល ក្រោយ​មកយើងក៏បានឃើញព្រឹត្តិការណ៍សំខាន់មួយទៀត នៅពេលលោកម៉ូសេនាំប្រជាជនយូដាឆ្លងសមុទ្រក្រហម។ ពេលនោះយើងឃើញថា ជនជាតិយូដាអស់សង្ឃឹម ដោយសារតែកងទ័ពអេហ្សីប​ប្រដាប់ដោយអាវុធគ្រប់ដៃ ប៉ងសម្លាប់ជនជាតិយូដាទាំងអស់តែម្តង ក៏ប៉ុន្តែព្រះជាម្ចាស់បានឲ្យពួកគាត់ឆ្លងទៅត្រើយម្ខាងទៀតដោយជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ពេលកងទ័ពអេហ្សីប​ដែលដេញតាមសម្លាប់ជនជាតិអ៊ីស្រាអែលមកដល់កន្លែងដែលត្រូវឆ្លងសមុទ្រក្រហម គឺឆ្លងមិនបានទេ ហើយត្រូវស្លាប់ជាច្រើននាក់ផងដែរ។ ការស្លាប់របស់កងទ័ពអេហ្សីប មានន័យថាព្រះជាម្ចាស់បានសម្លាប់ខ្មាំងសត្រូវដែលព្យាយាមយាយីជនជាតិអ៊ីស្រាអែល។ ក្រោយពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ បានកើតមានឡើងប្រជាជនអ៊ីស្រាអែលបានអរគុណព្រះជាម្ចាស់មែនទែន បានកត់ត្រា និងចងចាំក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិយូដាតែម្តង៕

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail