ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ២០,២៧-៤០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ពួកសាដូស៊ីគេអត់ជឿថាមនុស្សស្លាប់នឹងមានជីវិតថ្មី គេអត់ជឿទេ។ អញ្ចឹងហើយបានគេសួរ ដើម្បីរកចាប់កំហុសព្រះយេស៊ូ។ គេលើកឡើងថា ពេលណា ស្ត្រីម្នាក់ដែលបានរៀបការជាមួយបងប្អូនប្រាំពីរនាក់ ហើយក្រោយមក បងប្អូនទាំងប្រាំពីរក៏ស្លាប់ ស្ត្រីនោះក៏ស្លាប់។ ក្រោយមក ស្ត្រីនោះទៅជាប្រពន្ធរបស់អ្នកណា? ព្រះយេស៊ូតែងតែមានព្រះបន្ទូលថា នៅក្នុងលោកនេះ មនុស្សប្រុសស្រីតែងតែរៀបការជាប្តីប្រពន្ធ។ ប៉ុន្តែនៅលោកខាងមុខ គឺលែងមានការរៀបការទៀតហើយ គឺគេនឹងមានជីវិតអស់កល្បជានិច្ច។
បងប្អូនជាទីស្រលាញ់! ជីវិតរបស់យើង បីដូចជាការពាក់វ៉ែនតា ពេលយើងពាក់វ៉ែនតាពណ៌ខៀវ នាំឲ្យយើងមើលអ្វីៗខៀវទាំងអស់។ រីឯជីវិតអាពាហ៍ពិពាហ៍គ្រួសារ គឺមានទាំងសេចក្ដីសុខ និងទុក្ខលំបាក។ តើសេចក្ដីសុខសាន្ត អំណរសប្បាយ ការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ក្នុងលោកនេះ នឹងជីវិតនៅឋានបរមសុខ ដែលជាជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់ប្រទានឲ្យយើង តើយើងយល់បែបណា?
តាមដំណឹងល្អថ្ងៃនេះជួយឲ្យយើងរិះគិតអំពីតម្លៃនៃជីវិត! យើងមានគ្រួសារ ជាប្តីជាប្រពន្ធ យើងរស់នៅធ្វើជាគ្រួសារមួយដែលមានសុភមង្គល។ ប៉ុន្តែ! លើសពីសុភមង្គលដែលយើងមានតើអាចប្រៀបធៀបនឹងអ្វីដែលព្រះជាម្ចាស់រៀបចំ ត្រៀមសម្រាប់យើង និងសម្រាប់មនុស្សទាំងអស់គ្នា! មនុស្សទាំងអស់បានត្រៀមខ្លួន បានរៀបចំខ្លួន ដើម្បីទទួល ដើម្បីទៅនៅឋានបរមសុខឬអត់? នេះជាសំណួរ។
នៅថ្ងៃអាទិត្យទី៣៣ ព្រះសហគមន៍ឈានចូលទៅអាទិត្យចុងក្រោយ ៣៤នៃរដូវធម្មតា តើយើងត្រៀមខ្លួនយ៉ាងម៉េច ក្នុងជីវិតរបស់យើង ការរស់នៅប្រចាំថ្ងៃរបស់យើង ដើម្បីឲ្យព្រះបន្ទូលដំណឹងល្អដែលយើងបានស្តាប់ យើងមិនគ្រាន់តែស្តាប់! តែយើងត្រូវយកមកអនុវត្តក្នុងជីវិតរបស់យើង។ ដោយសារជីវិតនេះ យើងបានខិតខំធ្វើ ដើម្បីឲ្យគ្រួសាររបស់យើង មានទ្រព្យសម្បត្តិ មានកន្លែងរស់នៅ អ្វីៗដែលយើងខិតខំប្រមូល ខិតខំធ្វើ យើងស្កប់ចិត្តនឹងអ្វីដែលយើងមាន។ ប៉ុន្តែ! ចំពោះព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យយើងមានជីវិតជាប់នឹងព្រះអង្គ លើសពីអ្វីៗ លើសពីសម្បត្តិលោកិយ៍ដែលយើងអាចសន្សំបានទៅទៀត។
ដូច្នេះ ទាំងខ្ញុំនឹងបងប្អូនត្រូវអង្គុយរិះគិតពិចារណា នូវព្រះបន្ទូលដែលព្រះយេស៊ូបានបង្រៀនយើង ប្រាប់យើងថ្ងៃនេះ។ នៅលោកខាងមុខ គឺលែងមានការរៀបការអាពាហ៍ពិពាហ៍ទៀតហើយ គឺយើងទទួលជីវិតអស់កល្បជានិច្ច។ សូមឲ្យបងប្អូនមានពេលវេលានៃរដូវរង់ចាំខិតជិតចូលមក សូមឲ្យវត្តមានរបស់ព្រះអង្គក្នុងជីវិតរបស់យើងកុំទុកឲ្យយើងកណ្តោចកណ្តែងតែខ្លួនឯងសូមព្រះអង្គមកដើម្បីនាំយើង ឲ្យយើងឃើញអ្វីដែលល្អប្រសើរនៅលោកខាងមុខ។
តើជំនឿខ្ញុំមានប៉ុន្មាន? ហើយការទុកចិត្តរបស់ខ្ញុំ ខ្ញុំទុកចិត្តលើមនុស្ស ឬលើព្រះជាម្ចាស់? បើខ្ញុំទុកចិត្តលើមនុស្ស ខ្ញុំឃើញហើយ ខ្ញុំតែងតែមានការខកចិត្ត មានការឈឺចិត្ត មានការពិបាកចិត្ត ប៉ុន្តែ! នៅពេលដែលខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ពេលដែលខ្ញុំខុសឆ្គង អ្វីៗដែលខ្ញុំបានធ្វើកន្លងផុតទៅ ខ្ញុំឃើញថា ព្រះជាម្ចាស់ផ្ដល់ក្តីសង្ឃឹម ជានិច្ចពេលដែលខ្ញុំធើ្វដំណើរ ដូចក្នុងឆ្នាំនេះ សម្ដេចប៉ាបបានតែងតាំងសន្តៈវ័យក្មេង កាឡូអាកូសទីស គាត់បានលើកឡើងអំពីជីវិតរបស់យើង គឺធ្វើដំណើរទៅឯព្រះជាម្ចាស់ ទៅឯឋានបរមសុខ។
ខ្ញុំសូមជូនពរបងប្អូន ហើយក៏សូមឲ្យបងប្អូនអធិដ្ឋាន ដើម្បីរំដោះចិត្ត វិញ្ញាណរបស់យើងដែលជាប់ស្ថិតនៅលោកិយ៍នេះ ឲ្យយើងទៅរកព្រះជាម្ចាស់ដែលខ្ពង់ខ្ពស់ ដែលធ្វើឲ្យយើងទទួលនូវឋានបរមសុខ នូវលំនៅមួយដែលមានសេចក្ដីសុខសាន្តអស់កល្បជានិច្ច។ អាម៉ែន៕