ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៧,២៦-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីគំរូរបស់លោកណូអេ និងគំរូរបស់ប្រពន្ធរបស់លោកឡុត។ ហេតុអ្វីបានជាព្រះយេស៊ូលើកឡើងអំពីបុគ្គលទាំងពីរនាក់នេះ? លោកណូអេបានដឹងអំពីបញ្ហាដែលនឹងកើតឡើង បន្តិចទៀតព្រះជាម្ចាស់នឹងនាំឲ្យមានទឹកជំនន់ ហើយទឹកជំនន់នេះនឹងបំផ្លិចបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោក រីឯប្រពន្ធលោកឡុត ព្រះយេស៊ូបានលើកឧទាហរណ៍នេះ ប្រសិនបើព្រះជាម្ចាស់ឲ្យយើងធ្វើដំណើរទៅមុខ យើងត្រូវតែធ្វើដំណើរទៅមុខ កុំងាករេ។ យើងឃើញថា ប្រពន្ធរបស់លោកឡុត គាត់កំពុងតែធ្វើដំណើរទៅមុខ តែគាត់បែរមើលក្រោយ នាំឲ្យគាត់ក្លាយទៅជារូបសំណាក។
តើហេតុទាំង២នេះមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់យើងជាគ្រីស្តបរិស័ទ? ឬមានអត្ថន័យយ៉ាងណាសម្រាប់ពិភពលោកទាំងមូល ជាពិសេសសម្រាប់មនុស្សជាតិនៅក្នុងពិភពលោកនេះ?
បងប្អូនជាទីស្រឡាញ់ ប្រសិនបើបងប្អូនអានព្រះគម្ពីរវិវរណៈរបស់សន្តយ៉ូហាន សន្តយ៉ូហានថា៖ «ចូរអ្នករាល់គ្នាងើយមើលទៅលើ ព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។ អ្វីដែលព្រះយេស៊ូបានប្រាប់យើងនៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះអង្គចង់ឲ្យយើងត្រៀមខ្លួន ត្រៀមចិត្តគំនិត ដើម្បីឲ្យយើងទទួលការសង្គ្រោះ។ ព្រះយេស៊ូមើលឃើញថា ពិភពលោកនេះកំពុងតែរស់នៅក្នុងភាពងងឹត មនុស្សចូលចិត្ត៖ ប្រកួតប្រជែងគ្នា ផឹកស៊ី លេងល្បែង រៀបចំជាគូស្វាមីភរិយា ប្រឹងប្រមូលអ្វីៗជាទ្រព្យសម្បត្តិរបស់ខ្លួន ភ្លេចព្រះជាម្ចាស់ នឹងភ្លេចការចែកអំណរសប្បាយឲ្យគ្នាទៅវិញទៅមក។ ហេតុនេះហើយបានជាព្រះយេស៊ូប្រាប់ថា៖ «ឲ្យយើងប្រយ័ត្នបងប្អូន ប្រយ័ត្នប្រយែងឲ្យមែនទែន»។
យើងឃើញថា មនុស្សកាន់តែបំផ្លាញអ្វីដែលជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដូចជា៖ ការកាប់បំផ្លាញព្រៃឈើ ការរុករុករ៉ែ ការប្រើអំពើហិង្សានៅក្នុងសង្គម បង្ករសង្គ្រាម មានអ្នកក្រីក្រ មានអ្នកចំណាកស្រុក មានអ្នកជំងឺ មានអ្នកដែលអត់ឃ្លាន អ្នកជួបគ្រោះទុរភិក្សជាច្រើននៅក្នុងពិភពលោកយើងនេះ។
ហេតុនេះព្រះយេស៊ូប្រាប់ថា៖ «យើងត្រូវការរស់នៅឲ្យសមស្របជាបុត្រធីតារបស់ព្រះជាម្ចាស់»។ ដោយសារសកម្មភាពរបស់មនុស្សដែលមិនបានស្ដាប់បង្គាប់របស់ព្រះជាម្ចាស់ នាំឲ្យពិភពលោកយើងនេះ វិនាសអន្តរាយ។ ដូច្នេះយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យយើងរស់នៅបានសេចក្ដីសុខសាន្ត? ព្រះជាម្ចាស់ចង់ឲ្យយើងរស់នៅដោយមានសុភមង្គល មានសុភវិនិច្ឆ័យ មានសុខដុមរមនាមិនឈ្លោះគ្នា ទោះបីយើងកាន់សាសនាផ្សេង និកាយផ្សេង ឬអ្នកជឿផ្សេងក្រៅពីយើង យើងជាបុត្រធីតារបស់ព្រះជាម្ចាស់តែមួយ គ្រាន់តែយើងមានគំនិតផ្សេងតែប៉ុណ្ណោះ។
ហេតុនេះ យើងត្រូវតែព្យាយាមបែរទៅរកព្រះជាម្ចាស់! ជាព្រះសង្គ្រោះរបស់យើងគឺព្រះយេស៊ូគ្រីស្ត! យើងត្រូវតែព្យាយាមធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូជារៀងរាល់ថ្ងៃ ដើម្បីឲ្យជីវិតរបស់យើងមានសុខសន្តិភាព។ សុខសន្តិភាព មិនមែនគ្រាន់តែយើងឃើញតែសំបកក្រៅ សុខសន្តិភាព ទាំងខាងក្រៅ ទាំងខាងក្នុងចិត្តរបស់យើងផងដែរ។
អ្វីដែលមនុស្សត្រូវធ្វើ គឺយើងត្រូវប្រតិបត្តិជំនឿរបស់យើងឲ្យបានម៉ត់ចត់ ឲ្យបានត្រឹមត្រូវ កុំផិតក្បត់ព្រះជាម្ចាស់។ ប្រសិនបើយើងជឿលើព្រះជាម្ចាស់ ឲ្យយើងជឿឲ្យបានល្អ ឲ្យបានត្រឹមត្រូវ និងកុំឲ្យយើងវង្វេង។ ពេលណាយើងវង្វេង យើងបែរទៅរកមារសាតាំង ប៉ុន្តែ! ប្រសិនបើយើងនៅជាប់ជាមួយព្រះជាម្ចាស់ យើងបែរទៅរកព្រះជាម្ចាស់។ អាម៉ែន៕